រដ្ឋាភិបាល​ចំណាយ $៥ លាន​ក្នុង​ការ​ដឹក​ជញ្ជូន​ពលករ ១២​ថ្ងៃ

រដ្ឋាភិបាល​ចំណាយ $៥ លាន​ក្នុង​ការ​ដឹក​ជញ្ជូន​ពលករ ១២​ថ្ងៃ

ភ្នំពេញៈ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ប្រាក់​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ផ្ដល់​សេវា​ទទួល​ដឹក​ជញ្ជូន​និង​ម្ហូប​អាហារ ថ្នាំ​សង្កូវ ចំពោះ​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល​នៃ​របប​យោធា​ថៃ​បាន​បញ្ជូន​ មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​ចាប់​តាំង​ពី​ថ្ងៃ ទី៦ ដល់​ថ្ងៃ ទី១៨ មិថុនា ស្រប​ពេល​ដែល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ ណែ​នាំ និង​សហការ​សម្រប​សម្រួល​អំពី​បញ្ហា​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​ កម្ពុជា។
លោក កែ គឹមយ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ជា​សាធារណៈ​នៅ​កន្លែង​ទទួល​ពលករ​ខ្មែរ​នា​ច្រក​ព្រំដែន ប៉ោយប៉ែត កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច កង​កម្លាំង​របស់​រដ្ឋ បាន​ចំណាយ​ប្រាក់​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក​ហើយ ទៅ​លើ​ការ​ផ្ដល់​សេវា​ទទួល ផ្តល់​ម្ហូប​អាហារ ថ្នាំ​សង្កូវ និង​ដឹក​ជញ្ជូន​ពលករ​ខ្មែរ ពី ប៉ោយប៉ែត ទៅ​ដល់​លំនៅឋាន​តាម​ខេត្ត​នានា ចាប់​តាំង​ពី​ថ្ងៃ ទី៦ ដល់​ថ្ងៃ ទី១៨ មិថុនា។
លោក​ថ្លែង​ថា៖ «ការ​ចំណាយ​នេះ មិន​គិត​លើ​ការ​ឧបត្ថម្ភ​ដល់​អ្នក​ផ្ដល់​សេវា​ជាង ២០០០ នាក់ និង​សេវា​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ជាង ៣០០ គ្រឿង បាន​ដឹក​ប្រមាណ ៣.០០០ ជើង​ទេ»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច និង​ដៃគូ​អភិវឌ្ឍន៍​បន្ត​ជួយ​ផ្ដល់​សេវា​នានា​ក្នុង​ការ​ទទួល និង​ដឹក​ជញ្ជូន​ពលករ​ខ្មែរ ពី ប៉ោយប៉ែត រហូត​ដល់​ផ្ទះ ដោយ​ពុំ​ត្រឹម​ជួយ​ពេល​នេះ​ទឹក ១ ដប បាយ ១ កញ្ចប់​ទេ គឺ​បន្ត​ជួយ​សុវត្ថិភាព សុខភាព បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ជួយ​ផ្ដល់​ការងារ​ធ្វើ​ជូន​ពលករ​ទាំង​នោះ។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ពលករ​ខ្មែរ​ត្រលប់​មក​វិញ​នេះ ខ្ញុំ​ប្រជុំ​ជាមួយ​ក្រសួង​ការងារ​ថា ក្នុង​ប្រទេស​មាន​កន្លែង​ការងារ​សម្រាប់​កម្មករ​កន្លះ​លាន​នាក់។ ហេតុ​ដូច​នេះ ពលករ​យើង​សូម​ពិចារណា និង​គួរ​ពិនិត្យ​មើល​ឱកាស​រក​ការងារ​ធ្វើ​ក្នុង​ស្រុក ដែល​គ្មាន​ហានិភ័យ​ខ្ពស់ ដែល​នៅ​ជិត​ផ្ទះ​ក្នុង​ប្រទេស»។
ចំណែក​អង្គការ ខារ៉ាម កម្ពុជា ក៏​បាន​បង្កើត​មូលនិធិ​សង្គ្រោះ​បន្ទាន់ និង​អំពាវនាវ​ដល់​សាធារណជន​ជួយ​បរិច្ចាគ​ជា​ស្បៀង ថវិកា និង​សម្ភារ​ផ្សេងៗ​សម្រាប់​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​ខ្មែរ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​វេទនា និង​បញ្ហា​ប្រឈម​នានា របស់​ពលករ​ចំណាក​ស្រុក ដែល​កំពុង​ត្រូវ​បាន​ចាប់​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ​យ៉ាង​តក់​ក្រហល់ និង​គំហុក ដោយ​របប​យោធា​ថៃ​នោះ អង្គការ ខារ៉ាម កម្ពុជា អំពាវនាវ​ដល់​សាធារណជន ជួយ​ចូល​រួម​បរិច្ចាគ​ជា​សម្ភារ ថវិកា ឬ​ស្បៀង​អាហារ​ផ្សេងៗ ដើម្បី​រួម​ចំណែក​ជួយ​ដល់​កម្មករ​ចំណាក​ស្រុក។
លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម កម្ពុជា បាន​ឲ្យ​ដឹង​ថា មូលនិធិ​សង្គ្រោះ​បន្ទាន់​នេះ នឹង​ឆ្លើយ​តប​បញ្ហា​ផ្សេងៗ និង​សង្គ្រោះ​បន្ទាន់ ចំពោះ​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម​នានា​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ ក្នុង​កំឡុង​ពេល​នៃ​ការ​ចាប់​បញ្ជូន​ខ្លួន និង​ក្រោយ​ការ​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ។
លោក​បាន​ថ្លែង​ថា៖ «ពួក​គាត់​ត្រឡប់​មក​វិញ​ខ្លះ​អត់​អាហារ ខ្លះ​ដួល​សន្លប់ ដូច្នេះ​យើង​ត្រូវ​ជួយ​ពួក​គាត់»។
នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ ភ្នំពេញ កាល​ពី​ថ្ងៃ ទី​១៧ លោក ស ខេង បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ខក​ចិត្ត​ចំពោះ​មេ​ដឹក​នាំ​យោធា​ថៃ​ដែល​បាន​បញ្ជូន​ពលករ​ខ្មែរ មក​ស្រុក​កំណើត​វិញ​ទាំង​តក់​ក្រហល់​ដោយ​មិន​បាន​ជូន​ដំណឹង និង​សហការ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក ស ខេង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា៖ «ករណី​នេះ​ភាគី​ថៃ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ»។
កាល​ពី​ថ្ងៃ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ ដើម្បី​ត្រួត​ពិនិត្យ ណែនាំ និង​សហការ​សម្រប​សម្រួល​អំពី​បញ្ហា​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​ កម្ពុជា​វិញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កាត់​ព្រំដែន​ខុស​ច្បាប់ និង​ការ​ធានា​ឲ្យ​បាន​នូវ​សុខភាព​និង​សុខមាលភាព​ពលករ​ជា​ពិសេស​ចាស់​ជរា​ ស្ត្រី កុមារ និង​អ្នក​ជំងឺ។
នៅ​ក្នុង​សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង នាយក​រដ្ឋ​មន្ត្រី​ស្តីទី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា គណៈកម្មការ​នឹង​ធ្វើ​ការ​សហការ​សម្រប​សម្រួល​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ត្រួត​ពិនិត្យ​ការ​ប្រគល់​ទទួល​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី ប្រទេស​ថៃ ស្រប​តាម​គោល​ការណ៍​ជំនាញ។
គណៈ​កម្មការ នឹង​ត្រួត​ពិនិត្យ ណែនាំ និង​សហការ​សម្រប​សម្រួល​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន អាហារ ថ្នាំ​ពេទ្យ គ្រូពេទ្យ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខភាព និង​សុខមាលភាព​ពលករ​ទាំង​នោះ ជា​ពិសេស​ចាស់​ជរា ស្ត្រី កុមារ និង​អ្នក​មាន​ជំងឺ។
នៅ​ក្នុង​សេចក្តី​សម្រេច​នោះ​បាន​លើក​ឡើង​ទៀត​ថា៖ «គណៈកម្មការ​មាន​តួនាទី​ដឹក​នាំ​ណែ​នាំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ប្រធាន​ច្រក​ទ្វារ​ព្រំដែន និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ ឲ្យ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន ដើម្បី​ធានា​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​កិច្ច​ព្រម​ព្រៀង​ឆ្លង​កាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ដាច់​ខាត​ការ​ឆ្លង​កាត់​ព្រំដែន​ខុស​ ច្បាប់ និង​ការ​បង្ការ​ទប់​ស្កាត់ បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ»។
នៅ​ក្នុង​សេចក្តី​សម្រេច​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មការ​នឹង​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​គ្រប់​គ្រង ការ​ថែ​ទាំ​សុខភាព ជីវភាព សុវត្ថិភាព​របស់​ពលករ​ខ្មែរ​ពី​ច្រក​ទ្វារ​ព្រំដែន​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗ​ ខ្លួន ហើយ លោក ឌុល គឿន រដ្ឋលេខា​ក្រសួង​មហាផ្ទៃ ជា​ប្រធាន​គណៈកម្មការ និង​លោក​ស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ជា​អនុ​ប្រធាន។ គណៈកម្មកា​នេះ​មាន​ប្រសិទ្ធភាព​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​តទៅ។
យោង​តាម​ទូរលេខ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​រហូត​ដល់​ ថ្ងៃទី ១៨ មិថុនា នេះ​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត និង​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន កម្ពុជា-ថៃ គិត​ចាប់​ពី​ថ្ងៃ​បញ្ជូន​ដំបូង រហូត​មក​ដល់​ត្រឹម​ថ្ងៃ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ មាន​ពលករ​ចំនួន​សរុប ១៩៤.៧៣២ នាក់ ដោយ​ក្នុង​នោះ​ស្រី​មាន​ចំនួន ៧៩.៣៤៤ នាក់ រីឯ​កុមារ​មាន​ចំនួន​ជាង ១៧.៧៧០ នាក់៕
ប្រភពៈ​ ភ្នំពេញប៉ុស្តិ៍