ក្ដាប់​បាន​ស្រី​ស្អាត​ពីរ​ក្នុង​ដៃ​ហើយ​ តែ​ឥឡូវ​វ័ណ្ឌ​ក​មិន​ដឹង​គិត​យ៉ាង​ម៉េច!

ក្ដាប់​បាន​ស្រី​ស្អាត​ពីរ​ក្នុង​ដៃ​ហើយ​ តែ​ឥឡូវ​វ័ណ្ឌ​ក​មិន​ដឹង​គិត​យ៉ាង​ម៉េច!

កាល​ពី​មុន​ ខ្ញុំ​ធ្លាប់​បាន​សរសេរ​អត្ថបទ​មួយ​រៀប​រាប់​ពី​ខ្សែ​ជីវិត​ របស់​ខ្ញុំ​ទៅ​ Bong Sabay​ ពី​ការ​ បរាជ័យ​ចំពោះ​រឿង​ស្នេហា​គ្រា​ដំបូង​របស់​ខ្ញុំ។ បន្ទាប់​ពី​ឆ្លង​កាត់​បទពិសោធន៍​លើក​ទី​មួយ​នោះ​មក​ ខ្ញុំ​បាន​ព្យាយាម​ដក​ខ្លួន​អោយ​កាន់​តែ​ឆ្ងាយ​ពី​រឿង​ស្នេហា​ ដោយ​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ជា​អាទិភាព​ទីមួយ​ ហើយ​ក៏​បាន​កាត់​បន្ថយ​នូវ​ភាព​ឈឺ​ចាប់​ដែល​ធ្លាប់​មាន​ពីមុន​ផង​ដែរ។
ខ្ញុំ ​បាទ​ជា​គរុ​និស្សិត​គ្រូ​កម្រិត​ឧត្ដម​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ព្រមទាំង​ជា​និស្សិត​អនុបណ្ឌិត​ វិទ្យាសាស្ត្រ​អប់រំ​ នៃ​សាកលវិទ្យាល័យ​ឯកជន​មួយ​ផង​ដែរ។ ពី​មុន​ ខ្ញុំ​គិត​ថា​ បើ​សិន​ខ្ញុំ​រៀន​ពូកែ​ មានការ​ងារ​ល្អ​ និង​ធ្វើ​បាន​ប្រាក់​ខែ​ខ្ពស់​ សម្រាប់​គូ​អនាគត​ គឺ​វា​មិន​ពិបាក​ក្នុង​ការ​ស្វែង​រក​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ ទោះ​បី​ជា​ខ្ញុំ​ទទួល​បាន​ជោគជ័យ​ច្រើន​ក្នុង​ការ​សិក្សា​ និង​ការងារ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មនុស្ស​ស្រី​ដែល​ខ្ញុំ​ពេញចិត្ត​គេ​មិន​ស្រឡាញ់​ខ្ញុំ​នោះ​ឡើយ​ ហើយ​ថែម​ទាំង​ធ្លាប់​បាន​ធ្វើ​អោយ​ខ្ញុំ​ឈឺ​ចាប់​ ទើប​តែ​ស្តា​នូវ​កិត្តិយស​ ក៏​ដូច​ជា​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​បច្ចុប្បន្ន​ភាព​នេះ​ទេ។
រូប​តំណាង​
ខ្ញុំ ​បាន​ចំណាយ​ពេល​ប្រហែល​៧​ខែ​ដើម្បី​រៀន​សូត្រ​ មិន​គិត​ពី​មនុស្ស​ស្រី​រហូត​ទាល់​តែ​កាត់​ចិត្ត​បាន។ ខ្ញុំ​បាន​ដេក​គិត​ ពិចារណា​ ហើយ​បាន​សួរ​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ ទើប​មាន​អារម្មណ៍​ថា​ ខ្លួន​ឯង​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ចិត្ត​ទៅ​លើ​មនុស្ស​ស្រី​ទៀត​ហើយ។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​កំពុង​តែ​ មាន​ទំនាក់ទំនង​ជា​មួយ​នារី​ពីរ​នាក់​ ហើយ​ពួក​គេ​មាន​គុណ​សម្បត្តិ​ និង​រូប​សម្បត្តិ​ល្អ​ម្យ៉ាង​ម្នាក់។ ខ្ញុំ​ពិបាក​សម្រេច​ចិត្ត​ណាស់​ថា​ ខ្ញុំ​គួរ​ជ្រើស​រើស​មួយ​ណា​ជា​គូ​អនាគត។
នារីទី១៖  គាត់​មាន​អាយុ​ដំណាល​ខ្ញុំ​ដែរ​ ២៥​ឆ្នាំ​ ហើយ​សព្វ​ថ្ងៃ​ជា​បុគ្គលិក​នៅ​អង្គការ​អន្តរ​ ជាតិ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​ខ្ញុំ​ក៏​ជា​អតីត​បុគ្គលិក​អង្គការ​នោះ​ដែរ។ ឥឡូវ​នេះ​នាង​រៀន​ជិត​ចប់​ អនុបណ្ឌិត​ហើយ។ ខ្ញុំ​ស្គាល់​នាង​រយៈ​ពេល​២ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​ដែល​ទាក់ទង​អ្វី​ ក្រៅ​ពី​រឿង​ការងារ នោះ​ទេ​ ប៉ុន្តែ​ពេល​ដែរ​ខ្ញុំ​ប្រឡង​ជាប់​ក្របខ័ណ្ឌ​រដ្ឋ​ ក៏​ចាប់​ផ្ដើម​ចេះ​ឆាត​ជាមួយ​គ្នា​ រហូត​ដល់​និយាយ​ ទូរសព្ទ​ជាមួយ​គ្នា​រាប់​ម៉ោង​ទៀត​ផង។ ខ្ញុំ​មិន​សូវ​និយាយ​រឿង​អ្វី​ផ្សេង​ ក្រៅ​ពី​ការ​ប្រើ​ទស្សនៈ​ និង​អ្វី​ ដែល​ទាក់ទង​នឹង​ការងារ​ ព្រោះ​ខ្ញុំធ្លាប់​ធ្វើ​ជា​បុគ្គលិក​សម្របសម្រួល​គម្រោង​ដែរ​ គឺ​ថា​ពួក​យើង​មាន​ កញ្ចប់​ថវិកា​ច្រើន​ៗ​ ក្នុង​មួយ​ឆ្នាំ​ គឺ​យើង​ត្រូវ​ធ្វើ​ម្ដង​គ្រប់គ្រង​ថវិកា​អោយ​មាន​ប្រសិទ្ធភាព​ ដែល​នាំ​មក នូវ​សមិទ្ធផល​ស្រប​តាម​ទស្សនៈ​វិស័យ​គម្រោង​ផែនការ​ ដែរ​យើង​ចង់​បាន។ ប៉ុន្តែ​ស្រាប់​តែ​ពេល​បច្ចុប្បន្ន​នេះ​ យើង​បាន​ចាប់​ផ្តើម​និយាយ​ពី​រឿង​អនាគត​ និង​ការ​រៀប​ចំ​ផែនការ​ជីវិត​ និង​គ្រួសារ​នៅ​ពេល​អនាគត​ទៅវិញ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ពេញ​ចិត្ត​នឹង​គេ​ ហើយ​គេ​ក៏​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ដែរ។
នារីទី២៖  គាត់​ក៏​មាន​អាយុ​ដំណាល​ខ្ញុំ​ដែរ​ ហើយ​សព្វថ្ងៃ​ គាត់​ជា​ឆ្មប​កម្រិត​មធ្យម​ ចេញ​ពី​សាលា​  គាត់​ប្រលង​ជាប់​ក្រប​ខណ្ឌ​រដ្ឋ​ ហើយ​កំពុង​បម្រើ​ការងារ​ជាមួយ​បង​ប្រុស​ខ្ញុំ​ ដែល​ជា​ពេទ្យ​ នៅ​ជិត​ផ្ទះ​ខ្ញុំ​ដែរ។ ខ្ញុំ​ទើប​ស្គាល់​គាត់​រយៈពេល​មួយ​ខែ​នេះ​ទេ។​ កាល​ពីមុន​ ខ្ញុំ​ធ្លាប់​លឺ​បង​ប្រុស​ណែ​នាំ​ប្រាប់​ខ្ញុំ​ដែរ​ ថា​ចង់​ដណ្ដឹង​គាត់​អោយ​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​បរាជ័យ​ស្នេហា​លើក​ទីមួយ។ ពេល​នោះ​ខ្ញុំ​មិន​ បាន​ចាប់​អារម្មណ៍​នោះ​ទេ​ ធ្វើ​មិន​ដឹង​ ហើយ​ឡើង​មក​ភ្នំពេញ​បាត់​ទៅ។ កាល​ពី​មួយ​ខែ​មុន​ ខ្ញុំ​បាន​នាំ​ ក្រុម​ពេទ្យ​ជនជាតិ​អាមេរិក​ កាណាដា​ និង​កូរ៉េ​ ទៅ​មណ្ឌលសុខភាព​ដែល​គាត់​ធ្វើការ​ ដើម្បី​ជួយ​ព្យាបាល​ដល់​ប្រជាជន​ក្រីក្រ​នៅ​ទីនោះ។ ដោយសារ​ខ្ញុំ​ធ្លាប់​ជា​បុគ្គលិក​អង្គការ​នៅ​ទី​នោះ​ វា​មិន​ពិបាក​ សម្រាប់​ខ្ញុំ​ក្នុង​ការ​រៀប​ចំ​ចាត់​ចែង​ និង​អញ្ជើញ​អ្នក​ភូមិ​ ឬ​ក៏​អាជ្ញាធរ​ចូលរួម​នោះ​ទេ។
ពេល​ដែល​ខ្ញុំ​ទៅ​រក​បង​ខ្ញុំ​នៅ​មណ្ឌល ​សុខភាព​ ក៏​បាន​ជួប​អ្នក​គ្រូពេទ្យ​ឆ្មប​ហ្នឹង​ ហើយ​សួរ​រក​បង​ខ្ញុំ​ ព្រោះ​ខ្ញុំ​ខល​ទូរសព្ទ​មិន​លើក។ ខ្ញុំ​ហាក់​ដូច​ជា​មាន​និស្ស័យ​ជា​មួយ​អ្នក​គ្រូពេទ្យ​ហ្នឹង​មែនទែន​ ក៏​ចាប់​ផ្ដើម​រក​ពាក្យ​និយាយ​សួរ​នាំ​គេ។ ពេល​នោះ​ក៏​ប្រកែក​គ្នា​ទៀត​ផង​ ដោយសារ​ខ្ញុំ​ញោះ​គាត់។ ពេល​នោះ​ដែរ​ ដោយសារ​តែ​ជនជាតិ​បរទេស​​ទៅ​ច្រើន​ ខ្ញុំ​ក៏​បាន​ស្នើ​អោយ​អ្នក​គ្រូ​ជួយ​បកប្រែ​ភាសា​អង់គ្លេស​ ព្រោះ​ក្រុម​យើង​ត្រូវការ​អ្នក​ជួយ​ អ្នកគ្រូ​ប្រាប់​ថា​ គាត់​មិន​ចេះ​អង់គ្លេស​ទេ​ ចេះ​តែ​ភាសា​បារាំង។
បន្ទាប់​ពី​ជួយ​ ពិនិត្យ​ព្យាបាល​ជំងឺ​រយៈ​ពេល​១​ថ្ងៃ​ ទាក់ទង​គ្នា​ចុះ​ឡើង​បាន​លេខ​ទូរសព្ទ​ និង​ហ្វេសបុក​ អ្នក​គ្រូពេទ្យ។ ក្រោយ​មក​ខ្ញុំ​ក៏​បាន​ខល​ទៅ​លេង​អ្នក​គ្រូ​ជា​រឿយ​ៗ​ និយាយ​គ្នា​ហាក់​ដូច​ជា​ត្រូវ​គ្នា​ ណាស់​ ព្រោះ​យើង​ធំ​ៗ​ ហើយ​ការ​សិក្សា​ក៏​វា​សម​ល្មម​ហើយ​ដែរ។ ទន្ទឹម​គ្នា​នោះ​ ខ្ញុំ​ក៏​បាន​សួរ​នាំ​អ្នក​គ្រូ​ពី​ស្ថានភាព​គ្រួសារ។​ គាត់​ជា​កូនពៅ​ដូច​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​ផ្ទុយ​ពី​អ្នក​គ្រូពេទ្យ​ ព្រោះ​ម្ដាយ​ពុក​ខ្ញុំ​អនិច្ចកម្ម​អស់​ហើយ។ អ្វី​ដែល​ពិសេស​នោះ​ ខ្ញុំ​និយាយ​ត្រង់​ៗ​ អ្នក​គ្រូ​ក៏​និយាយ​ត្រង់​ៗ​ដែរ។​ ពេល​ដែល​និយាយ​គ្នា​ គាត់​ថា​ខ្ញុំ​ចង់​ទាក់ទង​ញ៉ែ​គាត់​មែន​ទេ​ ខ្ញុំ​មិន​ដឹង​ឆ្លើយ​ថា​យ៉ាង​ម៉េច​ ក៏​ប្រាប់​ទៅ។ វា​បាន​ធ្វើ​អោយ​ពួក​យើង​មាន​ពាក្យ​និយាយ​គ្នា​មិន​ចេះ​ចប់។
ខ្ញុំ​ គិត​ហើយ​គិត​ទៀត​ ក្នុង​បេះដូង​របស់​ខ្ញុំ​គឺ​ពិត​ជា​មាន​អ្នក​ទាំង​ពីរ​មែន។ ខ្ញុំ​ចែក​មិន​ដាច់​មួយ​ ណា​ខ្ញុំ​ពេញ​ចិត្ត​ជាង​មួយ​ណា​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ក៏​មិនទាន់​បាន​សារភាព​ប្រាប់​អ្នក​ទាំង​ពីរ​ថា​ស្រឡាញ់​ នោះ​ដែរ​ ព្រោះ​ខ្ញុំ​គិត​ថា​ ពាក្យ​ថា​ស្រឡាញ់​អ្នកណា​ក៏​និយាយ​បាន​ ចំណែក​ព្រាន​នារី​វិញ​ ក្នុង​មួយ​ថ្ងៃ​ ប្រាប់​គេ​ថា​ស្រឡាញ់​១០​នាក់​ក៏​មិន​ឈឺក្បាល។ ខ្ញុំ​តែង​តែ​ប្រាប់​ពួក​គេ​ថា​ សូម​មើល​ពី​សកម្មភាព​ ទង្វើ​របស់​ខ្ញុំ​ និង ​ដួងចិត្ត​ខ្ញុំ​ជា​ការ​សំខាន់។ សូម​បញ្ជាក់​ថា​ អ្នក​ទាំង​ពីរ​មិន​ស្គាល់គ្នា​នោះ​ទេ​ ព្រោះ​មួយ​ធ្វើការ​នៅ​ ខេត្ត​ មួយ​នៅ​ស្រុក​ និង​មួយ​ការងារ​រដ្ឋ​ ឯ​មួយ​ទៀត​ការងារ​អង្គការ។
ពី​ មុន​ខ្ញុំ​គិត​ថា​គួរ​បិទ​បេះដូង​ខ្លួន​ឯង​ ៣​ខែ​ទៀត​ពេល​រៀន​ចប់​ស្រួលបួល​ ចាំ​គិត​រឿង​គូ​ស្រករ​ តែ​ពេល​នេះ​ ខ្ញុំ​បាន​ជួប​អ្នក​ទាំង​ពីរ​ហើយ​ ចាប់​ផ្ដើម​ស៊ី​ជម្រៅ​ក្នុង​ពេល​តែមួយ​ ពិសេស​ជាង​នេះ​ទៅ​ ទៀត​ គឺ​ខ្ញុំ​ជា​កូន​កំព្រា​ ក្រ​ត្រូវ​រក​លុយ​ខ្លួន​ឯង​ ខែ​១០​ទើប​ចាប់​ផ្ដើម​មាន​ប្រាក់​ខែ​រដ្ឋ​ស៊ី។ ខ្ញុំ​ក៏​តែងតែ​ គិត​ថា​ ប្រាក់​ខែ​រដ្ឋ​តិច​ និង​ធ្លាប់​បោះបង់​ក្រប​ខណ្ឌ​ខ​ ម្ដង​ហើយ​ ដូចនេះ​ត្រូវ​ចាប់​ ក ​អោយ​ជាប់​ប៉ុន្តែ​ចង់​មាន​គូ​អនាគត​ ក៏​បែក​គំនិត​ផង​ដែរ​ ចង់​ទៅ​ធ្វើការ​អង្គការ​៥​ទៅ​៦ខែ​ដើម្បី​រក​បាន​លុយ​សម្រាប់​រៀប​ការ។
សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​បង​ប្អូន​ប្រិយ​មិត្ត​អ្នក​អាន​នោះ​គឺ៖
១. តើ​ខ្ញុំ​គួរ​ជ្រើសរើស​យក​នារី​មួយ​ណា​ដើម្បី​ធ្វើ​ជា​គូ​អនាគត?
២. តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​នារី​ម្នាក់​ទៀត​ បើ​ខ្ញុំ​ជ្រើស​រើស​យក​មួយ?
៣. តើ​ខ្ញុំ​អាច​ព្យួរ​ការងារ​គ្រូ​បង្រៀន​រដ្ឋ​ ទៅ​ធ្វើ​ការ​អង្គការ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ដើម្បី​ការ​ រៀបការ​ដែរ​ឬទេ?
ខ្ញុំបាទ​រង​ចាំ​នូវ​ការ​ផ្ដល់​ជា​មតិយោបល់​ និង​ការណែនាំ​អប់រំ​មក​លើ​រូប​ខ្ញុំ​បាទ។ សូម​អរគុណ!
អត្ថបទ៖ ព. វ

ទោះវាជារឿងរបស់គេ​ តែវាក៏ស្រដៀងទៅនឹងរឿងរបស់ខ្ញុំដែរ