យុវវ័យ​ខ្លះ​​ទ្រាំ​មិន​បាន​​រើស​យក​ការ​រួមរស់​មុន​​រៀបការ​​គួរ​​បន្ទោស​បែប​ណា​​​?

យុវវ័យ​ខ្លះ​​ទ្រាំ​មិន​បាន​​រើស​យក​ការ​រួមរស់​មុន​​រៀបការ​​គួរ​​បន្ទោស​បែប​ណា​​​?

អាពាហ៍ពិពាហ៍ ​នៅតែ​ជាពិធី​ដ៏​មាន​តម្លៃ​ក្នុង​សង្គមខ្មែរ​ ទោះបីជា​លក្ខខ័ណ្ឌ​ច្បាប់ ទទួល​ស្គាល់​​ចំពោះ​​​ការ​ចុះ​ អេតាស៊ីវិល​ដោយ​ភាគី​ទាំង​សង​ខាង​ក៏​ដោយ។

នៅ ​ពេល​ដែល​យុវវ័យ​ខ្មែរ​ជាច្រើន​រមែង​ស្រមៃ​ដល់​អាពាហ៍ពិពាហ៍​នៅគ្រា​ដែលគេ​ បាន​ជួប​ជំពើប​ជាមួយ​នារី​រឺ​បុរស​ជាទី​ពេញចិត្ត​នោះ ក៏​មាន​យុវវ័យ​មួយ​ចំនួន​ទៀត​បាន​ជ្រើស​យក​វិធី​រួមរស់​ដោយ​រំលង​ អាពាហ៍ពិពាហ៍​តែ​ម្ដង។

នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ Sabay​ លើ​ប្រធាន​នេះ យុវវ័យ​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​មិន​គាំទ្រ​ការ រួមរស់​មុន​អាពាហ៍ពិពាហ៍​ឡើយ​ ទោះបី​ក្នុង​លក្ខខណ្ឌ​បែប​ណា​ក្ដី។ យុវវ័យ​បូរ៉ែន ​បម្រើការ​ នៅ​អង្គការ​មិនមែន​រដ្ឋាភិបាល​ លើក​ឡើង​ថា ​ការ​រួមរស់​ក្រៅ​អាពាហ៍ពិពាហ៍​ មានតែ​ធ្វើ​​ឲ្យ​​ចំណង​ស្នេហ៍​នោះ​ផុយស្រួយ​តែ​ប៉ុណ្ណោះ។

“យោង ​លើ​ច្បាប់​អាពាហ៍ពិពាហ៍​ប្ដី​ប្រពន្ធ​ដែលអាច​រួមរស់​ជាមួយគ្នា​បាន​ លុះណាតែ​បាន​ទទួល​ស្គាល់​ពី​សំណាក់​អាជ្ញាធរ តាមរយៈ ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ​ហើយ​មាន​ការ​ទទួល​ស្គាល់​ពី​ចាស់ទុំ​សងខាង​ផង​ដែរ​ ម្យ៉ាងវិញទៀត​​ការ​រួមរស់​​ដែល​មិន​រៀបការ​ធ្វើឲ្យ​​ភាគី សងខាង​មិនមាន​កាតព្វកិច្ច​ និង​ទំនួល​ខុសត្រូវ​ខ្ពស់​រវាង​គ្នា​ និង​គ្នា​ពួកគាត់​អាច​ងាយ​ឆាប់​បែកបាក់​ទៅវិញ។ អ្វី​ដែល​ប៉ះពាល់​មួយ​ទៀត​នោះ​ ​គឺ​អនាគត​របស់​កូន​ចៅ​ដែល​មិន មាន​ខាន់ស្លា​ត្រឹមត្រូវ“។

LOVES-8-LON-JADINA-PHOTO
រូប​តំណាង


នៅ ​ពេល​ដែល​​សួរថា ចុះ​ប្អូន​យល់​យ៉ាងណា​ចំពោះ​មតិ​ដែល​ថា ​យុវវ័យ​អាច​រួមរស់​យល់​ចិត្ត​គ្នា​ឲ្យ​​បាន​មុន​រៀបការ ដើម្បី​កាត់បន្ថយ​អត្រា​​លែងលះ​នា​ពេល​បច្ចុប្បន្ន​នោះ កញ្ញា ​ទេព និមល ​លើកឡើង​ដែរ​ថា ​ទោះ​បី​ជា​អាច​កាត់​បន្ថយ​អត្រា លែងលះតែមិនប្រាកដ​ថាអាច​កាត់​បន្ថយការបែកបាក់ទេ។ “ពួកគេ ​អាច​បែកបាក់​គ្នា​វិ ញ​មុន​ពេល​រៀបការ​ដោយស្រួល​ដោយសារ​មិនមាន​ចំណង​ទទួល​ខុស​ត្រូវ ​រឺ​មាន​ការ​ជ្រោមជ្រែង​ពី​សាច់ញាតិ។ ខ្ញុំ​​មិនឯកភាព​រឿង​នេះ​ទេ វា​អាច​ប្រឈម​បញ្ហា​ជា​ច្រើន ទាំង​ការ​ប្រថុយប្រថាន​មាន​កូន ក្រៅ​ចំណង​រៀបការ និង​កិត្តិយស ខ្លួនឯង កិត្តិយសគ្រួសារ“។ បូរ៉ែន រៀប​រាប់។

ដូចគ្នា ​នេះ​ដែរ​ បូរ៉ែន​បាន​បន្ត​ថា ប្រពៃណី​ជា​រឿង​សំខាន់​ណាស់​ ណាមួយ​ការ​រួមរស់​ជាមួយគ្នា​ហើយ​ត្រូវតែ​ទទួល​ខុសត្រូវ​ ពិសេស​ភាគី​បុរស​ អាច​មាន​ប្រៀប​ច្រើន​ជាង​ខាង​នារី។

យ៉ាងណា ​ក៏​ដោយ​មតិ​ខាងដើម​ត្រូវ បាន​ច្រានចោល​ដោយ​យុវជន​​ ឡេង ច័ន្ទតុលា។ តុលា​លើក​ឡើង​ថា ប្រសិន​បើ គេ​និយាយ​ថា ​អាពាហ៍ពិពាហ៍​ជាការ​ទទួល​ខុសត្រូវ​របស់​បុរស​ចំពោះ​ស្ត្រី គឺ​ខុស​ទាំងស្រុង​។

“សម្រាប់ខ្ញុំ ខ្ញុំ​យល់​ផ្សេង មនុស្ស​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​គេ នៅតែ​មិនមានការ​ទទួលខុសត្រូវ​ដដែល​ ទោះបី​រៀបការ​ពេញច្បាប់​ហើយ មាន​កូន​ម៉ា​កន្ទេល​ហើយ​ក៏​ដោយ​ យើង​ឃើញ​គ្រប់​គ្នា​ហើយ! ផ្ទុយ​ទៅវិញ​ ការ​ទទួលខុស​ត្រូវ​ ក៏​អាច​មាន​ក្នុង​ចំណោម​អ្នក​ដែល​មិនបាន​រៀបការ​ដែរ! យើង ​ត្រូវ​គិត​លើ​ហេតុផល​សិន​ថា​ ហេតុអី​ ​យុវវ័យ​ខ្លះ​សុខចិត្ត​រើស​យក​វិ​ធី​នេះ វា​មាន​ហេតុផល​របស់​វា ដូចជា​លក្ខខណ្ឌ​លុយកាក់។​ អាពាហ៍ពិពាហ៍​ខ្មែរ​យើង​ចំណាយ​លុយ​ហួសហេតុ​ពេក ហើយ លុយ​ខ្លះ​សឹង​រក​មួយ​ជីវិត​មិនបាន​ផង​សម្រាប់​អ្នក​ក្រ មួយទៀត​គឺ​កត្តា​ជ្រៀតជ្រែក​របស់​ឪពុក​ម្ដាយ។

ឪពុកម្ដាយ​ខ្លះ តាម​បំបែក​កូន​ដល់​ទីបំផុត​អោយ​តែ​គាត់​មិន​ពេញចិត្ត ទីបី​កត្តា​សង្គម យុវវ័យ ខ្លះ​ចាប់ផ្ដើម​រំកិលខ្លួន​ទៅ​តាម​សង្គមស៊ីវិល័យ គេ​គិត​ថា​ ជម្រើស​ជីវិត ​និង​អនាគត​គេ​ជា​ម្ចាស់ គេ​អាច​រើស​យក​វិធី​សាកល្បង​រស់នៅ​មុន​រៀបការ មាន​ប្រាក់​ហើយ​ចាំ​គិត រឺ​ត្រូវគ្នា​សិន​ចាំ គិត ដើម្បី​បង្ការ​កុំឲ្យ​​ចុះ​អេតាស៊ីវិល​ហើយ​ ត្រូវ​លែងលះ​វិញ! ខ្ញុំ​អត់​ ថា​ គេ​អាក្រក់​ទេ សំខាន់​គេ ​ត្រូវ​ទទួល​ខុសត្រូវ ពិសេស ​បើ​ក្នុង​ដំណាក់កាល​ហ្នឹង ​គេ​មិន​គួរ​ងាយ​មាន​កូន​ទេ តែ​ទោះ​បី​គេ​មិន​រៀបការ​មួយ​ជីវិត​​ក៏​គេ​អាច​មាន​កូន​ដែរ​ឲ្យ​​តែ​គេ​ យល់ថា​ គេ​យល់​ពី​ដៃ​គូរ​គេ​ច្បាស់​ហើយនិង​អាច​រស់នៅ​ជាមួយគ្នា​យូរ​អង្វែង​បាន”៕

ចុះ​អ្នកវិញ?​ ប្រហែល​ជា​មាន​យោបល់​ច្រើន​ណាស់​មែន​អត់?
សូម​ ចុច​ត្រង់​នេះ ដើម្បី​ចូល​ទៅ​បណ្ដុំ​​អត្ថបទ ​តិច​និក​ស្នេហា​ ពិសេសៗ​សម្រាប់​យុវវ័យ
នេះ​នែ! តិចនិក​ចាយ​​​លុយ​ឲ្យ​អស់​​តិច​​ អ្នក​មាន​សង្សារ​មិន​គួរ​មើល​រំលង