លោក ខៀវ កាញារីទ្ធ ហៅការរិះគន់ របស់បក្សប្រឆាំងថា ការមិនធ្វើបុណ្យអុំទូក ធ្វើតាមបញ្ជាយួន ជាការជាន់ឈ្លី និងមើលងាយខ្មែរ

លោក ខៀវ កាញារីទ្ធ ហៅការរិះគន់ របស់បក្សប្រឆាំងថា ការមិនធ្វើបុណ្យអុំទូក ធ្វើតាមបញ្ជាយួន ជាការជាន់ឈ្លី និងមើលងាយខ្មែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានហៅការរិះគន់  របស់មេដឹកនាំបក្សប្រឆាំង ពាក់ព័ន្ធនឹងការធ្វើពិធីបុណ្យអុំទូកតាមបញ្ជាយួននោះថា ជាការជាន់ឈ្លី និងមើលងាយ ជនជាតិខ្មែរ ព្រោះការមិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដើម្បីចូលរួមកាន់ព្រះរាជមរណទុក្ខ ព្រះបរមរតនកោដ្ឋ ព្រះករុ ណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ។
លោក ខៀវ កាញារីទ្ធ លើទំព័របណ្តាញសង្គមរបស់លោក បានថ្លែងថា លោកនិយាយមិនចេញទេ ពេលឃើញមេ ដឹកនាំបក្សនយោបាយមួយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា ការមិនប្រារព្ធព្រះរាជធិពីបុណ្យអុំទូក ព្រោះធ្វើតាម  បញ្ជាយួន។
លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តថា ការថ្លែងនេះ បើសិនជាមេដឹកនាំរូបនោះ មិនបានដឹងពីបញ្ហាទឹកជំនន់នោះវា  មិនជាបញ្ហាទេ ព្រោះជាប់រវល់នៅក្រៅប្រទេស តែបើសិនជាមិនបានដឹងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកគ្រា  ពលរដ្ឋខ្មែរ កំពុងកាន់ព្រះរាជមរណទុក្ខរបស់អតីតព្រះមហាក្សត្រ ជាការធ្វើតាមបញ្ជាយួន គឺជាការប្រមាថ និង មើលងាយពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។
លោក ខៀវ កាញារីទ្ធ បានថ្លែងយ៉ាងដូច្នេះ «រកនិយាយមិនចេញ ពេលឃើញមេដឹកនាំ នៃបក្សមួយនិយាយថា មិន ធ្វើបុណ្យអុំទូក ព្រោះតាមបញ្ជាយួន ដែលមានបំណងលុបបំបាត់ប្រពៃណីខ្មែរ [ក្នុងពេលដែល នៅកម្ពុជាក្រោម គេ នៅអុំទូកនៅឡើយ]។ ខ្ញុំគិតថា បើគាត់ភ្លេចរឿងទឹកជំនន់ប្រហែលជាអាចយល់បានខ្លះ ព្រោះគាត់មិនសូវបាននៅ ស្រុកខ្មែរ ដោយជាប់ទៅបោកអ្នកនៅប្រទេសក្រៅយកលុយមកសងថ្លៃដីចំការម្រេច និង កៅស៊ូ តែបើគាត់ភ្លេចរឿង ព្រះករុណា ហើយថា ខ្មែរកាន់ទុក្ខព្រះអង្គ ព្រោះយួនបង្គាប់ ដូចជាមើលងាយខ្មែរពេកហើយទេដឹង? ឬមួយក៏គាត់ ទេ ដែលប្រឹងកែបំភ្លៃបរិការណ៍ស្រុកទេស តាមពួកសាធារណរដ្ឋ ១៨ មីនា? ក្រឡិចក្រឡុចយ៉ាងនេះ ហើយទៅ ប្រាប់បរទេសថា ខ្មែរជាប្រជាជនស្លូតត្រង់អ្នកណាទៅជឿ? ណឹងមិនយកជាតិខ្មែរទាំងមូលទៅជាន់ឈ្លីនឹងបាតជើង អស់លោកទេឬ?»។
ប្រសាសន៍របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ទោះបីជាមិនបានបញ្ចេញចំពោះថា ជាបុគ្គលណា ឬមេបក្សប្រឆាំង  រូបណាក្តី តែត្រូវបានគេដឹងយ៉ាងច្បាស់ថា សារនេះ គឺជាការឆ្លើយតបទៅលោក កឹម សុខា អនុប្រធានគណបក្ស  សង្រ្គោះជាតិ។
លោក កឹម សុខា ក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធពិធីបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តសាមគ្គីរង្ស៊ី ក្នុងសង្កាត់  ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅ បានថ្លែងថា ការដែលរាជរដ្ឋាភិបាល  កម្ពុជា មិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូករយៈពេល ២ឆ្នាំកន្លងទៅនេះ ដោយសារតែធ្វើតាមបញ្ជារបស់យួន និងចង់  លុបបំបាត់ព្រះរាជពិធី ដែលជាប្រពៃណីរបស់ខ្មែរចោល។
ការថ្លែងរបស់អនុប្រធានបក្សប្រឆាំង ដែលកំពុងកើនប្រជាប្រិយភាពនៅកម្ពុជារូបនេះ ត្រូវបានសាធារណមតិ និង ក្រុមអ្នកវិភាគមួយចំនួន មើលឃើញថា ជាសារនយោបាយមួយ ដែលនាំដល់ការបែកបាក់ជាតិ។ ជាពិសេសសារ នយោបាយនេះ នឹងអូសទាញឲ្យអ្នកគាំទ្រ បក្សប្រឆាំងប្រើនយោបាយចងអាឃាតជាមួយរាជរដ្ឋាភិបាល ដែលជា ខ្មែរគ្នាឯង ដូចក្នុងទស្សវត្សរ៍ឆ្នាំ៧០ និងដុតកំដៅឲ្យពលរដ្ឋខ្មែរខឹងសម្បាជាមួយជនជាតិវៀតណាមកាន់តែខ្លាំងថែម ទៀត។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិខ្មែរដ៏យូរលង់ តែងតែប្រារព្ធឡើងនៅអំឡុងខែតុលា ឬ វិច្ឆិកានោះ ត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាករយៈពេល ២ឆ្នាំមកហើយ គឺនៅឆ្នាំ២០១១, ២០១២ និងឆ្នាំ២០១៣។ ការផ្អាកព្រះ រាជពិធីដោយសារតែនៅឆ្នាំ២០១១ រងគ្រោះព្យុះកេតស្សាណា ដ៏ធ្ងន់ធ្ងរបំផ្លាញកសិផលរបស់ប្រជាកសិករ និងធ្វើឲ្យ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនគ្រួសារទទួលរងគ្រោះ។ គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០១១ ត្រូវបានអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយប្រកាសថា ខាតបង់ថវិការាប់លានដុល្លារអាម៉េរិក។
យោងទៅលើគ្រោះទឹកជំនន់នេះ បង្ខំចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទុក ដើម្បីបង្វែ ថវិកាយកទៅជួយជនរងគ្រោះ។
ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានផ្អាកម្តងទៀត នៅឆ្នាំ២០១២ ដោយសារឆ្នាំ២០១២ ជាឆ្នាំប្រជាពលរដ្ឋខ្មែរ ជួបនូវទុក្ខដ៏មហា ក្រៀមក្រំបាត់បង់ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ។
រាជរដ្ឋាភិបាល ដោយមើលឃើញពីស្ថានការណ៍ ដែលប្រជាពលរដ្ឋកម្ពុជា ព្រះរាជវង្សានុវង្ស កំពុងកាន់ព្រះរាជ មរណទុក្ខយ៉ាងក្រៀមក្រំនោះ មិនអាចប្រារព្ធព្រះរាជពិធីសប្បាយខ្ញៀវខ្ញានៅពីមុខព្រះបរមរាជវាំងបាននោះទេ ទើប សម្រេចផ្អាកព្រះរាជពិធីបុណ្យនេះ ជាលើកទី២ តែម្តងទៅ។
ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្អាកម្តងទៀត នៅឆ្នាំ២០១៣ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ ដែលបង្កផលប៉ះពាល់ប្រជាពលរដ្ឋខ្មែរ និងខូចខាតជាថវិការាប់លានដុល្លារអាម៉េរិកផងដែរ៕