មេខ្លោង​រដ្ឋប្រហារ​ថៃ ប្រកាស​ថា រដ្ឋាភិបាល​បណ្តោះ​អាសន្ន នឹង​ត្រូវបង្កើត​ក្នុងពេល​បីខែ​ទៀត

មេខ្លោង​រដ្ឋប្រហារ​ថៃ ប្រកាស​ថា រដ្ឋាភិបាល​បណ្តោះ​អាសន្ន នឹង​ត្រូវបង្កើត​ក្នុងពេល​បីខែ​ទៀត

បាងកក៖ មេដឹកនាំរដ្ឋាភិបាលយោធាថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូឆា នៅថ្ងៃសុក្រនេះ បានអះអាងចំពោះមុខក្រុមអ្នកជំនួញចិន ដែលធ្វើទស្សនកិច្ចនៅថៃថា នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តីបណ្តោះអាសន្ន នឹងត្រូវបង្កើតឡើងក្នុងរយៈពេលបីខែទៀត។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០១៤ថា ការលើកឡើងរបស់លោក ប្រាយុទ្ធ ទៅកាន់បណ្តាអ្នកជំនួញចិននេះ គឺក្នុងឱកាសទស្សនកិច្ចដែលដឹកនាំដោយ អនុប្រធានសភាពាណិជ្ជកម្មថៃ លោក វិច័យ អាត់សារ៉ាសាក ទៅជួបនឹងលោកប្រាយុទ្ធ ដល់ទីបញ្ជាទ័ពជើងគោក។
ក្នុងឱកាសនោះ លោក ប្រាយុទ្ធ បានអំពាវនាវឲ្យអ្នកជំនួញចិនទំាងនោះ ត្រូវសហការជាមួយនឹង ក្រុមប្រឹក្សាដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ជាតិ ហើយត្រូវធ្វើអ្វីជៀសឲ្យឆ្ងាយពីជម្លោះ ដែលនាំឲ្យមានអំពើពុករលួយ ដែលឈានទៅរកការធ្លាក់តម្លៃទំនិញ និងគម្រោងសាងសង់។
លោក ប្រាយុទ្ធ បាននិយាយទៀតថា ក្រុមប្រឹក្សាដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ជាតិ ក៏បានគំាទ្រចំពោះការធ្វើពាណិជ្ជកម្មសេរី និងការប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងចំណោមអ្នកជំនួញទំាងអស់។ លោកក៏បានអំពាវនាវ ឲ្យអ្នកជំនួញចិនទំាងនោះ ត្រូវផ្ទេរប្រព័ន្ធបច្ចេកវិទ្យា ទៅឲ្យសមភាគីថៃផងដែរ។
ពាក់ព័ន្ធនឹងភ្ញៀវទេសចរវិញ លោកប្រាយុទ្ធ បានជំរុញឲ្យអ្នកជំនួញទំាងនោះ ត្រូវប្រាប់ទៅអ្នកទេសចរចិនថា បម្រាមគោចរណ៍ក្នុងប្រទេសថៃ គឺមិនបានប៉ះពាល់ដល់កន្លែងរស់ ឬក៏តំបន់ទេសចរណ៍នោះទេ៕