CNN សុំទោសកម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹងការ ចុះផ្សាយរឿង ប្រាសាទអង្គវត្ត

CNN សុំទោសកម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹងការ ចុះផ្សាយរឿង ប្រាសាទអង្គវត្ត

បន្ទាប់ពីប្រតិកម្មជាច្រើន របស់មហាជនកម្ពុជា និងបរទេសមួយចំនួន ទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមហ្វេសបុករបស់ ទូរទស្សន៍CNN ដែលមានមូលដ្ឋានធំនៅសហរដ្ឋអាម៉េរិក អ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូបនៃស្ថាប័ននេះ បានចេញមុខសុំទោសកម្ពុជា ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤។
យោងតាមសារអេឡិ ចត្រូនិចរបស់អ្នកស្រី Ellana Lee អនុប្រធាន និងជានិពន្ធនាយកគ្រប់គ្រងប្រចាំអាស៊ី ប៉ាស៊ីហ្វិចរបស់ស៊ីអិនអិនអន្តរជាតិ បានធ្វើការសុំទោសចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកបណ្ឌិតថោង ខុន ចំពោះកំហុសឆ្គងរបស់ទំព័រហ្វេសបុកស៊ីអិនអិន ដែលបានចុះផ្សាយខុស ពាក់ព័ន្ធទៅនឹងការចុះផ្សាយ ប្រាសាទអង្គវត្តរបស់កម្ពុជា នាពេលកន្លងមក។
អ្នកស្រី Ellana Lee បានសរសេរតាមសារអេឡិចត្រូនិច ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានឲ្យដឹងផងដែរថា " យើងបានស៊ើបអង្កេតពីបញ្ហានោះហើយ។ វាកើតឡើងដោយសារកំហុសឆ្គង របស់អ្នកបញ្ជូល ហើយយើងបានកែសម្រួលវាភ្លាមៗផងដែរ អំឡុងពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ "។
លោកស្រី បានសរសេរទៀតថា " តាំងនាមឲ្យ CNN ខ្ញុំសូមអភ័យទោសនូវរាល់ការបំពាន និងភ័ន្តច្រឡំដែលកើត មានឡើង "។
គួរ រំលឹកថា បណ្តាញហ្វេសបុករបស់ CNN បានចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញ ដោយបានដាក់ថា ប្រាសាទអង្គរវត្តជារបស់ថៃ ដែលប្រការនេះបាននាំឲ្យអ្នកលេងហ្វេសបុកនៅកម្ពុជា និងបរទេសមួយចំនួន ដែលស្គាល់ច្បាស់ថា ប្រាសាទអង្គរវត្តជារបស់កម្ពុជា បានប្រតិកម្មនឹងការចុះផ្សាយនោះ។ ភ្លាមៗនោះគេក៏បាន ឃើញមានការកែតម្រូវយ៉ាងប្រញាប់ប្រញាល់ផងដែរ៕