Major Cineplex រោងភាពយន្ត​ទំនើប​បច្ចេកវិទ្យា​ចុងក្រោយ ​ប្រើទុន​៥ លាន​ដុល្លារ​ពង្រីក​​សាខា​នៅកម្ពុជា

Major Cineplex រោងភាពយន្ត​ទំនើប​បច្ចេកវិទ្យា​ចុងក្រោយ ​ប្រើទុន​៥ លាន​ដុល្លារ​ពង្រីក​​សាខា​នៅកម្ពុជា

រោងភាពយន្ត​ខ្នាត​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ថា Major Cineplex នឹង​បើក​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នាពេលឆាប់ៗ ក្នុង​កញ្ចប់វិនិយោគ​ប្រមាណ៥ លាន​ដុល្លារអាមេរិកដែលធ្វើអោយ​​កម្ពុជាក្លាយជា​  ប្រទេស​​មាន​រោង​កុន​ទំនើប​​លំដាប់​ទី ២ ប្រចាំ​តំបន់​បន្ទាប់​ពី​ប្រទេស​ថៃ ។
​វិនិយោគ​ទុន ដ៏ធំលើឧស្សាហកម្ម​កម្សាន្ត កម្រិតយក្ខ​​នេះ​​ស្ថិត​ក្រោម​កិច្ច​សហការ​រវាង​ Platinum Cineplex​កម្ពុជា និង Cineplex Groupប្រទេស​​ថៃ។

កៅអី​បែប​គ្រែដេក ដែល​អតិថិជន​អាច​ដេក​ និង​ ហូបអាហារ​ ហើយ​ទស្សនា​​ភាពយន្ដ (បន្ទប់​ VIP)
តាមប្រសាសន៍ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sabay  គឺថា​Platinum Cineplex កម្ពុជា បាន​ចាប់​ដៃ​គូ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ Cineplex group របស់​ថៃ បង្កើត​ឡើងនូវ​​​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​ឯ​ផ្សារ​ទំនើប​ AEON Mall ដែល​ទើប​បើក​​ឲ្យ​មើល​កន្លែង​លក់​កាល​ថ្ងៃ​ទី​ ២០​ ​សប្ដាហ៍​​មុន​​​ក្នុង​រាជធានី​ភ្នំពេញ។ មជ្ឈមណ្ឌល​កម្សាន្ត​នេះ​​ ក្រៅ​ពី​មាន​រោង​ភាពយន្ត​ទំនើប ក៏​មាន​កន្លែង​លេង Bowling បែប ​VIP (ឯកជន) ផងដែរ។
​ក្នុងដំណើរការ ផ្សព្វផ្សាយពី​ការ​រីកចម្រើន​លើវិស័យនេះ អ្នក​សារព័ត៌មាន​កម្ពុជា​​ចំនួន​ ៦ នាក់ មក​ពី​ ៤ ស្ថាប័ន​ផ្សព្វផ្សាយល្បីៗ​​មាន​ទូរទស្សន៍ CTN កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កោះ​សន្តិភាព និង គេហទំព័រ Sabay ទើបបាន​បញ្ចប់ផងដែរ​នូវ​ទស្សនកិច្ច​ផ្លូវការ នា​​​រោងភាពយន្ត​​ធំៗ​​នៅ​ក្រុងបាងកក​ប្រទេស​ថៃ រួមមាន រោងភាពយន្ត​ Paragon Cineplex នៅ​ក្នុង​ផ្សារ​ទំនើប Siam Paragon និង Mega Cineplex នៅ​ក្នុង​ផ្សារ​​ទំនើប​ Mega Bangna ។
ប្រទេស​ថៃ​ត្រូវ​បាន​គេ​ចាត់​ ទុក​ថា មាន​បទ​ពិសោធន៍ក្រាស់ក្រែ​លើផ្នែកវិនិយោគ​​រោង​ភាព​យន្ដ​បែប​ទំនើប​ៗ​ ដូច្នេះ​ កម្ពុជា អាច​ដក​ស្រង់​បទ​ពិសោធន៍​ និង នាំ​យក​ឧបករណ៍​ទំនើប​ៗ​​ទាំង​នោះ​មក​កាន់​ប្រទេស​កម្ពុជា​ដែល​ ពីមុនមកមានទស្សនិកជន​​​ខ្មែរ​មួយ​ចំនួន​ត្រូវ​ជិះ​យន្ត​ហោះ​ទៅ​ទស្សនា​ នៅទីនោះ។
Major Cineplex បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៩៥ ដោយ​ លោក​ Vicha Poolvaraluk នាយក​ Major Cineplex group។ បច្ចុប្បន្ន​នេះ មាន​សាល (ផ្ទាំង​សំពត់​ស) ​សម្រាប់​ទស្សនា​ភាព​យន្ត​សរុប​ចំនួន ៥០០ និង កន្លែង​លេង​ប៊ូលីង ចំនួន​ជាង ៤០០ ខ្សែ​មាន​នៅ​ក្នុង​ប្រទេស​ថៃ និង ប្រទេស​ឥណ្ឌា។
លោក​ជី សិលា តំណាងភាគីកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍​​​ Major Cineplex
លោក Vicha Poolvaraluk នាយក​ Major Group បាន​​​បញ្ជាក់​ថា “ការ​បើក​ Major Cineplex នៅ​កម្ពុជា គឺជា​ការ​​បើក​ដំណើរ​ការ​​មជ្ឈមណ្ឌល​កម្សាន្ត​លើក​ដំបូង​បន្ថែម​នៅ​ក្រៅ​ ប្រទេស​ថៃ”។
លោកថា​​​ នោះ​ជា​​ប្រភេទ​រោង​កុន​ទំនើប​នៅ​ក្នុង​តំបន់ ដែល​​មិនទាន់​មាន​នៅ​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ និង ភូមា នៅ​ឡើយ​ទេ។ ហេតុ​ផល​ដោយ​សារ​លោក​បាន​ស្គាល់​សហគ្រិន​ក្នុង​ស្រុក​ខ្មែរ​ និង ប្រជាជន​ខ្មែរ-ថៃ មាន​បរិបទ​រស់​នៅ​ប្រហាក់ប្រហែល​គ្នា ។
បន្ថែម​លើ​ នេះ លោក​ Jim Patterson អ្នក​ចាត់​ការ​ទូទៅ​នៃ​រោងភាពយន្ត Paragon Cineplex បាន​និយាយ​ដែរ​ថា ការ​បើក​ឲ្យ​ដំណើរ​ការ​រោងភាពយន្ត​ Major Cineplex នៅ​កម្ពុជា​ គឺ​សក្ដិសម​បំផុត​ ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​រីក​ចំរើន។
​ Major Cineplex ភ្នំពេញ ដែល​គ្រោង​បើក​ដំណើរ​ការ​​នៅ​ចុង​ខែ​មិថុនា​នេះ ក៏​មាន​កិច្ច​សហការ​ពី​ក្រុមហ៊ុន Cellcard ផង​ដែរ។ ការ​គាំទ្រ​ពី Cellcard ទី​លាន​ប៊ូលីង នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “Cellcard Blu-o”។ Major Cineplex បាន​ដំណើរ​ការ​កម្សាន្ត​ Blu-O យ៉ាង​ជោគជ័យ​ នៅ​ប្រទេស​ថៃ ហើយ​ Major​ ក៏បាន​ផ្ដល់​ជូន​នូវ​អាហារ និង ភេសជ្ជៈ​ដល់​អតិថិជន​ផងដែរ។

សាល​នៃ​រោងភាព​យន្ដ Mega Cineplex ក្នុង​ផ្សារ​​ Mega Bangna ថៃ
ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​របស់​ Cellcard គឺ​ Major Cineplex នឹង​ផ្ដល់​ជូន​អតិថិជន​ Cellcard ទាំងអស់​នូវ​តម្លៃ​ពិសេស​ ព្រមទាំង​អាទិភាព​កក់​កន្លែង​កម្សាន្ត។
លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Cellcard ធ្លាប់​បាន​និយាយ​ថា “ខ្ញុំ​គ្រាន់​តែ​ទទួល​ដំណឹង​ពី​គម្រោង​កម្សាន្ដ​ដ៏​មាន​គុណភាព​នេះ​ភ្លាម ខ្ញុំ​ដឹង​ថា យើង​ត្រូវ​ចូលរួម​ជាមួយ​គម្រោង​នេះ។ Major ពិតជា​គម្រោង​កម្សាន្ត​ឥត​ខ្ចោះ​ ហើយ​កិច្ច​សហការ​របស់​យើង​មិន​គ្រាន់​តែ​អាច​ឲ្យ​ប្រជាជន​កម្ពុជា​ ទទួល​បាន​តម្លៃ​ដ៏​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អតិថិជន​ Cellcard នឹង​ទទួល​បាន​ផល​ប្រយោជន៍​គ្មាន​ដែន​កំណត់​ផ្សេង​ទៀត។
លោក​ ជី សិលា ប្រធាន​ក្រុម​ហ៊ុន Sabay ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រៅ​ពី​ក្រុម​ហ៊ុន​ Cellcard ក៏​មាន​ក្រុម​ហ៊ុន​ផ្សេង​ទៀត​បាន​ចូល​រួម​សហការ​ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ចូល​ទស្សនា​នៅ​រោង​ភាពយន្ត​ដ៏​ទំនើប​នេះ មាន​តម្លៃ​សមរម្យ​ដែល​កូន​ខ្មែរ​គ្រប់​រូប​អាច​ទទួល​យក​បាន​ ខណៈ​នៅ​ប្រទេស​ថៃ មាន​តម្លៃ​ថ្លៃ​ស្រប​តាម​ស្ថានភាព​ជីវភាព​របស់​គេ។
រោង ​ភាព​យន្ត​ Major Cineplex នឹង​បើក​ដំណើរ​ការ​នៅ​កម្ពុជា ដែល​មាន​សាល​ទស្សនា​សរុប​ចំនួន ៧ ក្នុង​នោះ​មាន​សាល​មួយ​ដែល​មាន​លក្ខណៈ VIP (ឯកជន)។ នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ដ​នេះ ក៏មាន​ទីលាន​លេង​ប៊ូលីង ចំនួន ១៣ ខ្សែ និង ទីតាំង​បែប​ក្លឹប​កម្សាន្ត​រាត្រី ដែល​សម​ឥត​ខ្ចោះ​សម្រាប់​កម្មវិធី​ជប់​លៀង​បែប​ឯកជន។

កន្លែង​លេង​ប៊ូលីង Blu-O ក្នុង​ប្រទេស​ថៃ ដែល​ឧបករណ៍​ទាំង​នេះ​ នឹង​នាំ​យក​មក​ដល់​ប្រទេស​កម្ពុជា​ឆាប់ៗ​នេះ
លោក​ ជី សិលា រំពឹង​ថា មជ្ឈមណ្ឌល​កម្សាន្ត​ខាង​លើ​នេះ អាច​ជា​ផ្នែក​មួយ​ចូលរួម​ផ្ដល់​ការ​កម្សាន្ត​ដល់​ប្រជាជន ក្នុង​នោះ​និង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​ល្អ និង សុខភាព​ល្អ បន្ទាប់​​ពី​អាច​កាត់​បន្ថយ​​ទុក្ខ​កង្វល់ ក្រោយ​ពី​​ធ្វើ​ការ​ហត់​នឿយ​ជាដើម។
ចង់​ដឹង​ថា មជ្ឈមណ្ឌល​កម្សាន្ត​គ្មាន​ដែន​កំណត់​ល្អ​ និង​ ទំនើប​កម្រិត​ណា​នោះ សូម​រង់​ចាំ​ទាំង​អស់​គ្នា​នៅ​ចុង​ខែ​មិថុនា​នេះ នឹង​ចាប់​បើក​ដំណើរ​ការ​ហើយ​ នៅ​ផ្សារ​ទំនើប AEON Mall រាជធានី​ភ្នំពេញ៕