ស្ងាត់​ៗ​! ​សាលា​ក្រុង​​បញ្ជា​​​​ទិញ​​រថយន្ត​​ ៨០​ គ្រឿង​​​ទៀត​រត់​នៅ​​​ផ្លូវ​ជា​ច្រើន ​ឆ្លើយ​តប​ការ​គាំទ្រ​​ពី​អ្នក​ដំណើរ

ស្ងាត់​ៗ​! ​សាលា​ក្រុង​​បញ្ជា​​​​ទិញ​​រថយន្ត​​ ៨០​ គ្រឿង​​​ទៀត​រត់​នៅ​​​ផ្លូវ​ជា​ច្រើន ​ឆ្លើយ​តប​ការ​គាំទ្រ​​ពី​អ្នក​ដំណើរ 

ឡាន​​ក្រុង​ប្រភេទ​ ៦០​ កៅអី​សម្រាប់​ដឹក​អ្នក​ដំណើរ​ ​ប្រមាណ​ ៨០ គ្រឿង​ ​​ទៀត​ត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញ​បញ្ជា​ទិញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ​​​សម្រាប់​​​​សេវា​ដឹក​ជញ្ជូន​សាធារណៈ​​  ​​ដោយ​រត់​លើ​ផ្លូវ​​ជា​ច្រើន​​​​ ​នៅ​​​​ចុង​ឆ្នាំ​នេះ​ និង​ដើម​​ឆ្នាំ​២០១៥​ ខាង​មុខ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាប​ តុង បុគ្គលិក​គ្រប់​គ្រង​លើ​ជើង​ចេញ​ដំណើរ​​សេវា​ឡាន​ក្រុង។​
បច្ចុប្បន្ន​​ សាលា​រាជ​ធានី​ភ្នំពេញ​ មាន​​រថយន្ត​ក្រុង​ចំនួន​ ១០ គ្រឿង​ រត់​ពី​គល់​ស្ពាន​​ជ្រោយ​ចង្វា ឆ្ពោះ​ទៅ​​​ស្ពាន​អាកាស​ក្បាល​ថ្នល់​។
លោក​ ជាប​​ តុង​ បាន​បន្ថែម​​ថា​ ជំហាន​ទី១​ ​នឹង​​មក​ដល់​ ក្នុង​ខែ​កក្កដា ​ចំនួន​ ៤០​ គ្រឿង​ និង​​ជំហាន​ ទី​២​​​នឹង​អាច​​មក​ដល់​ខែ​​​ តុលា​ ឬ​ខែ​​វិច្ឆិកា​​ ចំនួន​៤០​គ្រឿង​ទៀត​។​​​ “រថយន្ត​​ក្រុង​នេះ​​​​មិន​ដូច​នឹង​រថយន្ត​​ក្រុង​រត់​​រាល់​ថ្ងៃ​នោះ​ទេ​ ពោល​គឺ​ដូច​គ្នា​​នឹង​រថយន្ត​​ក្រុង​ ដែល​​រត់​នៅ​ស្រុក​គេ​ដែរ​”។​
 
បើ​​តាម​​លោក​ ជាប​ តុង​ រថយន្ត​​ក្រុង​ដែល​​បញ្ជា​ទិញ​ចំនួន​ ៤០​ គ្រឿង​ ក្នុង​ជំហាន​ទី​​១​ ​គ្រោង​ដាក់​ឲ្យ​ដំណើរ​ ក្នុង​ខែ​សីហា​ ក្រោយ​ពី​ត្រួត​ពិនិត្យ​បច្ចេកទេស​រួច​រាល់​​ ព្រោះ​ថា​​​ រថយន្ត​​​ក្រុង​នេះ​ជា​ប្រភេទ​រថយន្ត​​មួយ​ទឹក​ប្រើ​​នៅ​ស្រុក​គេ។​ ចំណែក​ ៤០​​ គ្រឿង​ ដែល​នឹង​មក​ដល់​ជំហាន​​ទី​​២​ នឹង​ដាក់​​ឲ្យ​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​​២០១៥​ នៅ​​លើ​​កំណាត់​ផ្លូវ​ចំនួន​ ១៦ ខ្សែ​ ក្នុង​រាជ​ធានី​ភ្នំពេញ​។
ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ឡុង​ ឌីម៉ង់​ អ្នក​​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ មិន​បាន​បញ្ជាក់​​ពី​តម្លៃ​រថយន្ត​ ដែល​​បញ្ជា​ទិញ​មក​នេះ​​ មាន​តម្លៃ​ប៉ុន្មាន​​នោះ​ទេ​។ ប៉ុន្តែ​លោក​ថា​ ការ​​បន្ថែម​​ខ្សែ​រត់​​នៅ​​លើ​​ផ្លូវ​​ជា​ច្រើន​ ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ​ បង្ហាញ​ពី​​ភាព​ជោគជ័យ​ និង​​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​​ ខណៈ​បញ្ហា​សុវត្ថិភាព​​ ក្នុង​ពេល​ធ្វើ​ដំណើរ​ និង​ការ​ចំណាយ​​អស់​តិច​គឺ​ជា​អ្វី ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​មើល​ឃើញ។ ​
​​​​លោក​ ឡុង ​ឌីម៉ង់​ ​បាន​បន្ថែម​ថា ​​​បច្ចុប្បន្ន​នេះ​ ​ចំនួន​អ្នក​ជិះ​រថយន្ត​ ក្រុង​ចាប់​ពី​ចំណុច​ស្ពាន​ជ្រោយ​ចង្វា​ឆ្ពោះ​ទៅ​ក្បាល​ថ្នល់​ ​​ មាន​ចំនួន ​១៣០០​ នាក់​ ​ក្នុង​មួយ​ថ្ងៃ ​ដោយ​ចំណាយ​ប្រាក់​ ត្រឹម​១៥០០​រៀល ​តែប៉ុណ្ណោះ​ ខណៈ​​កុមារ​ ​និង​​មនុស្ស​ចាស់​ជរា​ ​អាយុ​ ៧០​ ឆ្នាំ​ឡើង​ទៅ​ ព្រម​ទាំង​​ជន​ពិការ​ មិន​តម្រូវ​ឱ្យ​បង់​លុយ​សម្រាប់​ ​សេវា​រថយន្ត​ក្រុង​នេះ​ទេ៕