បាក់​ឌុប​ឆ្នាំ​នេះ​ “អ្នក​ចេះ​ គឺ​ជាប់​” !

បាក់​ឌុប​ឆ្នាំ​នេះ​ “អ្នក​ចេះ​ គឺ​ជាប់​” !

“អ្នក​ចេះ​ គឺ​ជាប់​” ​គឺ​ជា​ទិស​ស្លោក​មួយ​​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ដាក់​ចេញ​ ដោយ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​​ និង​កីឡា ខណៈ​កំណែទម្រង់​ទាំង​នេះ​ នឹង​​​​​មើល​​ឃើញ​ កាន់​តែ​ច្បាស់​​នៅ​ ក្នុង​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប) និង​ ការ​ប្រលង​សញ្ញា​ប័ត្រ​បឋម​ភូមិ​នា​ពេល​​ខាង​មុខ។​
​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ដែល​ជា​ស្ថាប័ន ​​​​មាន​តួនាទី​ឃ្លាំ​មើល​​ភាព​មិន​ប្រក្រតី​ ​នៃ​អំពើ​ស៊ី​សំណូក​​សូក​ប៉ាន់​ នៅ​គ្រប់​រូបភាព នៃ​ស្ថាប័ន​រដ្ឋ​​ក៏​ កំពុង​​​មាន​កិច្ច​សហការ​កាន់​តែ​​​ខ្លាំង​ថែម​ទៀត​ ជាមួយ​ក្រសួង​អប់រំ​យុវជន​​និង​កីឡា និង​​ផ្នែក​ពាក់​ព័ន្ធ​ជា​ច្រើន​ មាន​ជាអាទិ៍​​អង្គការ​សង្គម​ស៊ីវិល​ និង​បុគ្គល​ឯកជន​ចូល​រួម​សង្កេត​ការណ៍​ ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​​សិក្សា​ទុតិយភូមិ​(បាក់ឌុប​) តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​របស់​អង្គភាព ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

ការ​ប្រលង​បាក់​ឌុប​កាល​ពី​ឆ្នាំ​មុន​​​​ ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​​​​បែក​​ធ្លាយ​វិញ្ញាសា​​ ការ​ផ្ដល់​លុយ​ទៅ​​គ្រូ​ជា​ថ្នូរ​ទៅ​នឹង​ការ​បើក​មើល​​សំណៅ​ឯកសារ​នៅ​ពេល​ ប្រលង​​ គឺ​ជា​ប្រធាន​បទ​ធំ ​ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​​ពី​សំណាក់​មហាជន​ជា​ច្រើន​​។​  លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ​ ​​ធ្លាប់​បាន​លើក​ឡើង​ថា​ ​មូលហេតុ​ ដែល​នាំ​ឲ្យ​កើត​មាន​​អំពើ​សូក​​ប៉ាន់​ កាន់​តែ​ច្រើន​ ដោយ​សារ​​ប្រាក់​បៀវត្ស​របស់​គ្រូ​បង្រៀន​​​នៅ​មាន​កម្រិត​។​
យ៉ាង​ណា ​ក៏​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​វាយ​តម្លៃ​ខ្ពស់​ និង​គាំទ្រ​​​​ពាក្យ​​ស្លោក​ ដែល​បាន​ដាក់​ចេញ​  និង​ចូល​រួម​ជា​មួយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ធ្វើ​ឲ្យ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​ប្រព្រឹត្ត​ទៅ​​ថ្ងៃ​ទី​ ៤-៥ ខែ​សីហា ឆ្នាំ​២០១៤ ខាង​មុខ​ ប្រព្រឹត្តិ​ទៅ​​ ដោយ​ស្មើភាព​យុត្តិធម៌​ គុណភាព​ តម្លាភាព​ និង​បង្កើត​ជា​ទម្លាប់​ថ្មី​ ល្អ​ នា​ពេល​ខាង​មុខ​ទៀត​៕