រឿង​រសើប​ក្នុង​សង្គម​សិល្បៈ​ តារា​ខ្មែរ​ស្ទើរតែ​ទាំង​អស់​ពេល​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​កាន់​ផ្តិល​ដើរ​សុំ​លុយ​គេ!

រឿង​រសើប​ក្នុង​សង្គម​សិល្បៈ​ តារា​ខ្មែរ​ស្ទើរតែ​ទាំង​អស់​ពេល​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​កាន់​ផ្តិល​ដើរ​សុំ​លុយ​គេ!

ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ពេល​ប្រភព​ច្បាស់​ការ​មួយ​នៅ​ឯនាយ​ សមុទ្រ​បង្ហើប​ថា​ សិល្បករ សិល្បការិនី​ខ្មែរ​​ស្ទើរតែ​ទាំង​អស់​ឱ្យ​តែ​មាន​ឱកាស​ចេញ​​សម្ដែង​នៅ​ក្រៅ​ប្រទេស​ឆ្លៀត​កាន់​ផ្តិល ឬ​ថង់​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ។
ប្រភព ​ដែល​ជា​អ្នក​នាំ​តារា​​ខ្មែរ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ខាង​លើ​អះអាង​ថា​ ទង្វើ​បែប​នេះ​របស់​តារា​ខ្មែរ​មិន​មែន​ទើប​កើត​ឡើង​នោះ​ឡើយ ពោល​គឺ​កើត​ឡើង​ជា​យូរ​មក​ហើយ។ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​និយាយ​ថា​ សិល្បករ សិល្បការិនី​ខ្មែរ​ស្ទើរតែ​មួយ​រយ​ភាគ​រយ​ប្រព្រឹត្តិ​ទង្វើ​ដូច្នេះ។
អាកប្បកិរិយា ​បែប​​នេះ ​ពី​សំណាក់​តារា​ខ្មែរ​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​តារា​ដទៃ​ទៀត​ដែល​ មាន​​ក្រមសីលធម៌​ល្អ និង​ ធ្វើឱ្យ​ប៉ះពាល់​ទាំង​មូល​ដល់​វិស័យ​សិល្បៈ​របស់​ខ្មែរ។
រូបតំណាង
​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច ទទួល​ស្គាល់​ថា ​ករណី​តារា​ខ្មែរ​ដើរ​កាន់​ផ្តិល ឬ​ថង់​សុំ​លុយ​ភ្ញៀវ​តាម​តុ​នៅ​ពេល​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស គឺ​មាន​មែន។
លោក សុះ ម៉ាច បាន​លើក​ឡើង​ដូច​ទៅ​នឹង​ប្រភព​ខាង​លើ​ដែរ ​គឺ​មាន​តារា​ខ្មែរ​ស្ទើរតែ​ទាំង​អស់​បាន​ធ្វើ​ទង្វើ​មិន​គប្បី​ដូច្នេះ ខណៈ​ភ្ញៀវ​ដែល​អញ្ជើញ​មក​ទស្សនា​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រួច​ទៅ​ហើយ។ លោក​បន្ត​ថា​ លើក​លែង​តែ​តារា​ល្បីៗ​ខ្លាំង​ មាន​ប្រាក់​ខែ និង ​លុយ​កាក់​គ្រប់គ្រាន់​មួយ​ចំនួន​តូច​​តែ​ប៉ុណ្ណោះ មិន​ធ្វើ​ទង្វើ​ដូច​ខាង​លើ។
ប្រធាន​សមាគម​រូប​នេះ​បញ្ជាក់​ដូច្នេះ៖ “ខ្ញុំ​ទទួល​ស្គាល់​រឿង​តារា​ខ្មែរ​យើង​ដើរ​កាន់​ផ្តិល ឬ​ថង់​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ​ពេល​ពួកគេ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស។ ខ្ញុំ​មិន​ដឹង​ថា​ ពួកគាត់​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូចម្ដេច​នោះ​ទេ”។
កត្តា ​នាំ​តារា​ខ្មែរ​ស្ទើរតែ​ទាំងអស់​ចូល​ចិត្ត​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ​ពេល​ ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តារា​ចម្រៀង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ខាង​លើ​អះអាង​ថា ​​បណ្ដាល​មក​ពី​កត្តា​ជីវភាព ព្រោះ​សិល្បករ សិល្បការិនី​ខ្មែរ​ភាគ​ច្រើន​មិន​មាន​ប្រាក់​ខែ​ទេ។ ដូច្នេះ​ហើយ​ឱ្យ​តែ​មាន​ឱកាស​ចេញ​សម្ដែង​នៅ​ក្រៅ​ស្រុក​ពួកគេ​ច្រើន​តែ​រក​ លុយ​ក្រៅ​បន្ថែម ដើម្បី​ត្រឡប់​មក​ស្រុក​វិញ​សល់​លុយ​កាក់​ខ្លះ។
លោក សុះ ម៉ាច សង្កត់​ធ្ងន់​ថា មាន​សិល្បករ សិល្បការិនី​ខ្មែរ​ខ្លះ សុខ​ចិត្ត​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ឱ្យ​តែ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ឯ​នាយ​សមុទ្រ ក៏​ព្រោះ​តែ​រឿង​ដើរ​សុំ​លុយ​​ភ្ញៀវ​នេះ​ឯង។
បើ ​ទោះ​ជា​ប្រភព​ច្បាស់​ការ រួម​ទាំង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លើក​ឡើង​ដូច្នេះ​ក្ដី​ តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម សាន់ដេ​លោក ឆាយ វីរៈយុទ្ធ អះអាង​ថា​មិន​បាន​ដឹង​ពី​បញ្ហា​អស់​ទាំង​នេះ​ទេ។ លោក​ថា​ពេល​លោក​សម្ដែង​នៅ​ក្រៅ​ប្រទេស​មិន​ដែល​មាន​រឿង​ដើរ​សុំ​លុយ​កាក់​ ភ្ញៀវ​ឡើយ។
តារា​ចម្រៀង​ល្បី​ឈ្មោះ​មាន​ប្រភព​មក​ពី​ខេត្ត​​ កំពង់ចាម​រូប​នេះ មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ឡើយ ដោយ​លោក​ខ្លាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​តារា​ផ្សេង​ទៀត ដោយ​លោក​បង្វែរ​សំនួរ​ឱ្យ​សួរ​តារា​ដទៃ​ទៀត។
លោក ឆាយ វីរៈយុទ្ធ និយាយ​ដោយ​ខ្លី​ថា៖ “ខ្ញុំ​អត់​ដែល​ដឹង​រឿង​នេះ​ទេ​ បង​សួរ​អ្នក​ផ្សេង​ទៅ​មើល ខ្ញុំ​អត់​ហ៊ាន​និយាយ​ទេ​រឿង​នេះ​ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ”។
តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព​អ្នក​នាំ​តារា​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស​ខាង​លើ ក្រៅ​តែ​ពី​ដើរ​សុំ​លុយ​ភ្ញៀវ​តាម​តុ ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ របស់​តារា​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។ កត្តា​នេះ​បណ្ដាល​មក​ពី​តារា​ខ្មែរ​នាំ​គ្នា​សម្រុក​ទៅ​សម្ដែង​​ច្រើន​នៅ​ឯ​ បរទេស៕