បំភ្លឺជុំវិញឈ្មោះ Thai Fight-Cambodia ដែលគ្រោងធ្វើនៅកោះពេជ្រ រងការរិះគន់
បំភ្លឺជុំវិញឈ្មោះ Thai Fight-Cambodia ដែលគ្រោងធ្វើនៅកោះពេជ្រ រងការរិះគន់
នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្ហោះសារ និងរូបភាពអំពីព្រឹត្តិការណ៍ប្រដាល់ឈ្មោះ «Thai Fight Cambodia»ជាបន្តបន្ទាប់ដែលជាគម្រោងរបស់កម្មវិធីប្រដាល់ប្រទេស ថៃ Thai Fight គ្រោងធ្វើនៅប្រទេសកម្ពុជានាខែសីហាខាងមុខនេះ។
អ្នកស្នេហាប្រដាល់កម្ពុជា មួយចំនួនបានសាទរចំពោះព្រឹត្តិការណ៍ប្រដាល់ដ៏ល្បីមួយនេះ ប្រសិនបើពិតជារៀបចំនៅប្រទេសកម្ពុជាមែន ពីព្រោះជាឱកាសដ៏ល្អកម្រមានដែលកីឡាករកម្ពុជាបានបញ្ចេញសមត្ថភាព ឲ្យពិភពលោកបានឃើញពីក្បាច់គុនខ្មែរបុរាណ ខណៈព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រុងអន្តរជាតិដ៏ធំរបស់ One FC ក៏គ្រោងធ្វើនៅខែបន្ទាប់ដែរនៅកោះពេជ្រ។
ទន្ទឹមជាមួយនឹង ការសាទរចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានអ្នកស្នេហាប្រដាល់ខ្មែរមួយចំនួនបានរិះគន់ទៅលើឈ្មោះនៃ ព្រឹត្តិការណ៍ដែលសរសេរជាភាសាអង់គ្លេសថា «Thai Fight Cambodia»។
អ្នក និយមតាមដានកីឡាប្រដាល់កម្ពុជាបានរិះគន់ចំពោះឈ្មោះព្រឹត្តិការណ៍ នេះថាជាការសាបព្រោះក្បាច់គុនរបស់គេមកលើក្បាច់គុនខ្មែរ បុរាណ។ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោកបានសង្កត់ធ្ងន់ថា ៖«វាមិនសមដែលគេមករៀបចំការប្រកួតនៅលើទឹកដីខ្លួនឯង ហើយឲ្យគេដាក់ពាក្យថា Thai នៅខាងដើមនោះ។ ធ្វើអីចឹងដូចជាយើងទទួលស្គាល់ក្បាច់គុនរបស់គេ ហើយធ្វើឲ្យក្បាច់គុនគេសាបព្រោះលុបលើក្បាច់គុនខ្មែរខ្លួនឯង។ គួរណាស់តែដាក់ពាក្យ Cambodia នៅដើមដូចជាថា Cambodia Thai Fight»។
ទំព័រ Facebook ឈ្មោះ Channa Mao Chi បានសរសេរថា កម្មវិធី Thai Fight ជាឈ្មោះព្រឹត្តិការណ៍ប្រកួតដ៏ធំមួយដែលប្រទេសថៃខ្លួនគេជាអ្នក បង្កើតក្នុងគោលបំណងផ្សព្វផ្សាយក្បាច់គុនរបស់គេទូទាំងពិភពលោក ហើយបានកំពុងរៀបចំការប្រកួតនៅក្រៅប្រទេស។ ដូចជានៅទីក្រុងម៉ាកាវដាក់ឈ្មោះ Thai Fight – The Venetian Macau ហើយបន្ទាប់មកនឹងធ្វើនៅម៉ាឡេស៊ី។ ចំពោះនៅកម្ពុជាវិញឃើញដាក់ឈ្មោះថា Thai Fight – Cambodia។ វាគ្មានបញ្ហាទេពីរឿងដាក់ឈ្មោះនោះ ប៉ុន្តែអ្វីដែលសំខាន់គឺ«យើងត្រូវតែផ្សព្វផ្សាយក្បាច់គុនខ្មែរ របស់យើងទៅកាន់ពិភពលោក ពីព្រោះវាផ្សាយទៅកាន់ពិភពលោក»។
លោក ហ៊ុន ចាន់រាជ គ្រូបង្វឹកក្លិប Afighter បានឲ្យដឹងថា លោកពិតជាទទួលបានព័ត៌មានថានឹងមានការរៀបចំការប្រកួតThai Fight នៅកម្ពុជាមែន ប៉ុន្តែលោកមិនទាន់ច្បាស់ថា ស្ថាប័នណាមួយជាអ្នកសហការជាមួយថៃ។
ចំពោះការផ្គូផ្គងគូ ប្រកួតវិញលោក ចាន់រាជបានឲ្យដឹងថា ទោះជាថៃមករៀបចំការប្រកួតនៅស្រុកខ្មែរ ប៉ុន្តែភាគីទាំងពីរនឹងមិនផ្គូផ្គងឲ្យប៉ះគ្នាច្រើននោះទេ ប៉ុន្តែគេនឹងផ្គូផ្គងកីឡាករកម្ពុជាប៉ះកីឡាករមកពីប្រទេសផ្សេង ហើយកីឡាករថៃក៏ប៉ះកីឡាករមកពីប្រទេសផ្សេងដែរ។ ប្រសិនបើកីឡាករកម្ពុជាប៉ះកីឡាករថៃមែននោះ យ៉ាងច្រើនបំផុតត្រឹមពីរគូប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាមិនទាន់ មានស្ថាប័នណាមួយបញ្ជាក់ថាខ្លួនបានសហការជាមួយភាគីថៃដើម្បីរៀប ចំព្រឹត្តិការណ៍នេះទេ។ លោក សារិ ជំនួយការប្រធានផ្នែកកីឡានៅទូរទស្សន៍បាយ័នបានឲ្យដឹងថា ខាងបាយ័នអត់បានសហការជាមួយភាគីកម្មវិធី Thai Fight ទេ។ ចំពោះស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលធ្លាប់បានផ្សាយបន្តផ្ទាល់ ពីកម្មវិធីប្រដាល់ Thai Fight ក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដែរ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានស្រាយបំភ្លឺថា សហព័ន្ធកីឡាប្រដាល់កម្ពុជាបានសហការជាមួយភាគីថៃ Thai Fight មែនដោយបានកំណត់រៀបចំការប្រកួតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នៅកោះពេជ្រ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងទាំងស្រុងនៅឡើយទេ។
លោក បានឲ្យដឹងថា ៖«យើងមិនទាន់សម្រេចទេអំពីកម្មវិធីប្រកួតនៅឡើយទេដូចជា លក្ខន្តិកៈ ឈ្មោះកម្មវិធី ប្រាក់រង្វាន់តម្លៃខ្លួន ការផ្គូផ្គងកីឡាករ និងចំណុចផ្សេងៗទៀតទេ។ លឺថាមានឈ្មោះ Thai Fight-Cambodia នោះគឺភាគីថៃខ្លួនគេជាអ្នករៀបចំទេ គឺខាងយើងមិនទាន់យល់ព្រមទេ»។
លោកបន្តថា ៖«យើងធ្វើបែបហ្នឹងអត់កើតទេ ដូចគេរិះគន់ត្រូវហើយ បើយើងដាក់ឈ្មោះកម្មវិធីបែបនេះនោះ។ យើងធ្វើយ៉ាងម៉េចឲ្យមានឈ្មោះកម្មវិធីជាលក្ខណៈអន្តរជាតិដែលល្អ ទាំងសងខាងដូចជាកម្មវិធី ACE Fighting របស់បាយ័នគឺល្អសម្រាប់ភាគីទាំងពីរ»។
លោក បានបញ្ជាក់ថា តាមគម្រោងខាងភាគីថៃឲ្យទូរទស្សន៍បាយ័ន និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាអ្នកផ្សាយផ្ទាល់។ ភាគីទាំងពីរនឹងជួបប្រជុំគ្នានៅស្ថានីយទូរទស្សន៍បាយ័ននាថ្ងៃទី ២១ ខែកក្កដាខាងមុខនេះដើម្បីពិភាក្សាលើកម្មវិធីឈានទៅរកសេចក្ដី សម្រេច៕

No comments:
Post a Comment