ហេតុផល​​អ្វី​​ធ្វើ​​ឱ្យ​គុណភាព​កុន​ខ្មែរ​​នៅ​អន់ ធៀប​​នឹង​ប្រទេស​ជិត​ខាង?

ហេតុផល​​អ្វី​​ធ្វើ​​ឱ្យ​គុណភាព​កុន​ខ្មែរ​​នៅ​អន់ ធៀប​​នឹង​ប្រទេស​ជិត​ខាង?

បើ​ទោះ​ជា​វិស័យ​ភាពយន្ត​ខ្មែរ​បច្ចុប្បន្ន ​​ត្រូវ​​បាន​គេ​មើល​ឃើញ​ថា​ ចាប់​ផ្ដើម​ងើប​ឡើង​វិញ​ជា​បណ្ដើរៗ ដោយ​មាន​ភាពយន្ត​ជា​ច្រើន​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​បែប​ណា​ក៏​ដោយ។ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​គុណភាព​កុន​ខ្មែរ​នៅ​តែ​មាន​កម្រិត​ទាប​​មិន​ទាន់ ​ទទួល​យក​បាន​នៅ​ឡើយ​ បើប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង។
បញ្ហា​​ទាំង​ នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា ​វិស័យ​កុន​ខ្មែរ​មាន​គុណភាព​ទាប​ពិត​ប្រាកដ​មែន ដោយ​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន។ ទោះ​ជា​យ៉ាង​ណា​ពួកគេ​អះអាង​ថា​កំពុង​តែ​ខិតខំ​ពង្រឹង​បន្ថែម​ទៀត​ដើម្បី​ ធ្វើ​ឱ្យ​វិស័យ​កុន​របស់​ខ្មែរ​មាន​គុណភាព​អាច​ឈាន​ទៅ​ប្រកួតប្រជែង​នឹង​ បរទេស​បាន។
សិក្ខាសិលា​ស្ដី​អំពី​ការ​អភិវឌ្ឍ និង​លើក​កម្ពស់​គុណភាព​កុន​ខ្មែរ​កាល​​ពី​ពេល​កន្លង​ទៅ
ចាងហ្វាង ​ផលិតកម្ម​ដើម​ត្នោត​លោក ឆាយ បូរ៉ា ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​​នាំ​ខ្សែ​ភាពយន្ត​ខ្មែរ​រឿង “ឃ្លាត​ទៅ សែន​ឆ្ងាយ” ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ មាន​កត្តា​ជា​ច្រើន​នាំ​ឱ្យ​កុន​ខ្មែរ​មិន​ទាន់​មាន​គុណភាព​ល្អ​បើ​ប្រៀបធៀប ​នឹង​ប្រទេស​ជិត​ខាង។ កត្តា​ទាំង​នេះ​លោក​​បាន​អះអាង​ថា​ មាន​ដូច​ជា ការ​និពន្ធ​រឿង ការ​ដឹក​នាំ​រឿង ការ​សម្ដែង​របស់​តួអង្គ និង​ការ​កាត់​ត​ជាដើម។
លោក ឆាយ បូរ៉ា បញ្ជាក់​ថា ៖ “ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​កុន​របស់​ Hollywood ទាក់ទង​ទៅ​នឹង​ការ​សរសេរ​សាច់​រឿង​ដូច​ជា​រឿង Avatar ជា​ដើម ​គឺ​គេ​ផ្ដោត​សំខាន់​ណាស់​​លើ​​ការ​និពន្ធ​រឿង។ ប្រសិន​បើ​ការ​និពន្ធ​រឿង​មិន​​ល្អ​ នោះ​អ្វីៗ​វា​នឹង​ទៅ​តាម​នោះ​ដែរ”។
ចាងហ្វាង ​ផលិតកម្ម​រូប​នេះ​បាន​បន្ត​ថា ​កុន​ខ្មែរ​ភាគ​ច្រើន​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​សង្គម​ច្រើន​នោះ​ទេ ដែល​ទាក់ទង​ទៅ​នឹង​ការ​អប់​រំ​ច្រើន​ឡើយ ហើយ​នាំ​គ្នា​​ផលិត​តាម​គ្នា ​ជា​ហេតុ​ធ្វើ​ឱ្យ​វិស័យ​ភាពយន្ត​របស់​ខ្មែរ​បោះ​ជំហាន​ទៅ​មុខ​យឺតៗ។
ទោះ ​ជា​​យ៉ាង​ណា​ក៏​ដោយ​ហាក់​មិន​សូវ​យល់​ស្រប​នឹង ​លោក ឆាយ បូរ៉ា អ្នក​ដឹក​នាំ​រឿង និង​ជា​ចាងហ្វាង​ផលិតកម្ម​ LD លោក លៀក លីដា បញ្ចេញ​ចំណាប់​អារម្មណ៍​ថា សម្រាប់​ផលិតកម្ម​របស់​លោក ការ​សរសេរ​រឿង​មិន​ជា​បញ្ហា​ចម្បង​ប៉ុន្មាន​ទេ។ លោក​ថា​ធ្វើ​ដែល​សំខាន់​គឺ​បច្ចេកទេស​ Camera ទៅ​វិញ​ទេ។
លោក លៀក លីដា បញ្ជាក់​ថា​ដើម្បី​កុន​ខ្មែរ​មាន​គុណភាព​អាច​ប្រកួតប្រជែង​នឹង​ប្រទេស​ជិត​ ខាង​បាន ផលិតករ​ត្រូវ​តែ​ហ៊ាន​ចំណាយ​ដើម​ទន់​ខ្ពស់ ប្រើប្រាស់​បច្ចេកទេស​ Camera ឱ្យ​មាន​កម្រិត​ស្តង់ដារ​ និង​ត្រូវ​ជ្រើសរើស​តួ​សម្ដែង​ឱ្យ​ល្អ ស៊ី​ទៅ​នឹង​សាច់​រឿង​នោះ​ទើប​ជា​ការ​ល្អ។
ចាងហ្វាង​ផលិតកម្ម​រូប​នេះ ​លើក​ឡើង​ថា ៖ “ខ្ញុំ​គិត​ថា​កុន​ខ្មែរ​សព្វ​ថ្ងៃ​មិន​ទាន់​មាន​គុណភាព​ទទួល​យក​បាន​ដោយសារ ​តែ​ផលិតករ​យើង​ម្នាក់​មិន​ហ៊ាន​ចាយ​លុយ​ច្រើន។ កាល​ណា​យើង​ចាយ​លុយ​តិច គុណភាព​កុន​វា​ក៏​ទៅ​តាម​ហ្នឹង​ដែរ”។
ផលិតកម្ម LD សម្ពោធ​ខ្សែ​ភាពយន្ត “ខ្លាច​អី សើច​តើ” កាល​ពី​ពេល​កន្លង​ទៅ
ដោយ ​ទទួល​ស្គាល់​ពេញ​ទំហឹង​ចំពោះ​គុណភាព​កុន​ខ្មែរ​មិន​ទាន់​ទទួល​យក​បាន​ លោក ម៉ៅ រតនា ចាងហ្វាង​ផលិតកម្ម​ RGB ដែល​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ទាក់ទង​ទៅ​នឹង​ខ្សែ​ ភាពយន្ត​បាន​ផលិត​ជា​បន្តបន្ទាប់​ និយាយ​ថា​​ គុណភាព​កុន​ខ្មែរ​នៅ​មាន​កម្រិត​ដោយសារ​តែ​ទីផ្សារ​​អ្នក​មើល​កុន​នៅ​ក្នុង​ ប្រទេស​កម្ពុជា​មាន​កម្រិត​តូច​ចង្អៀត​ មិន​ទាន់​រីក​ចម្រើន​ដូច​ជា​បណ្ដា​ប្រទេស​មួយ​ចំនួន​លើពិភពលោក ទើប​ផលិតករ​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ​នៅ​ឡើយ។
ចំណុច ​ពិសេស​មួយ​ទៀត​ធ្វើ​​ចាងហ្វាង​ផលិតកម្ម​រូប​នេះ​​គិត​ថា​ កុន​ខ្មែរ​មាន​គុណភាព​អន់​លោក​បាន​ស្ដី​បន្ទោស​ដល់​រដ្ឋាភិបាល​ថា ​មិន​បាន​បើក​ចិត្ត​ទូលាយ​ដល់​ផលិតករ​គ្រប់​រូប​​ក្នុង​ការ​ផ្ដល់​ទីតាំង​ សម្រាប់​​ថត​ខ្សែ​ភាពយន្ត​ខ្មែរ​នានា​ជា​ហេតុ​ធ្វើ​ឱ្យ​ផលិតករ​ខ្លះ​មិន​សូវ ​មាន​ប្លង់​ល្អ​នៅ​ក្នុង​សាច់​រឿង​បង្ហាញ​ដល់​អ្នក​ទស្សនា។
​ ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោក ស៊ិន ចន្ទសាយ៉ា បាន​ទទួល​ស្គាល់​ថា ​គុណភាព​កុន​ខ្មែរ​ពិត​ជា​មាន​កម្រិត​ទាប​​ពិត​ប្រាកដ​មែន​ បើ​ប្រៀប​នឹង​កុន​បរទេស។ ក៏​ប៉ុន្តែ​លោក​បាន​​ប្រតិកម្ម​នៅ​ពេល​ផលិតករ​​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​មិន​បើក​សិទ្ធិ​ ទូលាយ​ដល់​ពួកគេ​ក្នុង​ការ​អនុញ្ញាត​ទីតាំង​ដើម្បី​ថត។ លោក​ថា​រដ្ឋាភិបាល​បើក​ចិត្ត​ទូលាយ​រហូត​មិន ​ដែល​មាន​ការ​រឹត​បន្តឹង​អ្វី​ឡើយ។
លោក ស៊ិន ចន្ទសាយ៉ា បញ្ជាក់​ថា ៖ “ខ្ញុំ​ក៏​ដូច​ជា​ ក្នុង​នាម​រដ្ឋាភិបាល​មិន​បាន​បិត​សិទ្ធិ​ផលិតករ​ឡើយក្នុង​ការ​សុំ​ការ​ អនុញ្ញាត​ឱ្យ​ថត​ទីតាំង​ណា​មួយ ក៏ប៉ុន្តែ​​ផលិតករ​ចង់​បាន​ទីតាំង​ថត​ត្រូវ​​បង្ហាញ​ហេតុ ហើយ​នឹង​ផល​របស់​វា​ថា​ធ្វើ​ទៅ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ។ ផលិតករ​ខ្លះ​ដាក់​សំណើ​សុំ​ទីតាំង​ថត តែ​អត់​មាន​ហេតុផល​សោះ​​ឱ្យ​យើង​អនុញ្ញាត​ម៉េច​កើត”។
លោក​បញ្ជាក់​ថា ​មូលហេតុ​​ធ្វើ​ឱ្យ​កុន​ខ្មែរ​មាន​គុណភាព​ទាប ដោយសារ​តែ​ទីផ្សារ​កុន​ខ្មែរ​នៅ​តូច​ចង្អៀត​នៅ​ឡើយ ដើម​ទុន ​នៃ​ការ​ផលិត​មាន​កម្រិត ហើយ​​អ្នក​សរសេរ​រឿង​វិញ​ក៏​មាន​កម្រិត​ទាប​នៅ​ឡើយ​ដែរ។ ទាំង​នេះ​ធ្វើ​ឱ្យ​កុន​ខ្មែរ​មិន​ទាន់​មាន​គុណភាព​ល្អ​អាច​ទទួល​​យក​បាន​នៅ​ ឡើយ។
លោក​បាន​បន្ថែម​ទៀត​ថា ​ផលិតករ​ខ្មែរ​​ភាគ​ច្រើន​ផលិត​រឿង​​តាម​គ្នា ពោល​គឺ​មើល​ឃើញ​តែ​មួយ​ជ្រុង ​នៃ​ការ​ផលិត​ជា​ហេតុ​ធ្វើ​​ឱ្យ​អ្នក​ទស្សនា​មាន​ភាព​ធុញ​ទ្រាំ​ចំពោះ​ខ្សែ​ ភាពយន្ត​ច្រំដែលៗ។
ផលិតកម្ម LD សម្ពោធ​ខ្សែ​ភាពយន្ត​រឿង”ទេវតាធ្លាក់​ពី​លើ​មេឃ” កាល​ពី​ពេល​ថ្មីៗ
លោក ស៊ិន ចន្ទ​សាយ៉ា សង្កត់​ធ្ងន់​ថា ​ដើម្បី​ធ្វើ​ឱ្យ​កុន​ខ្មែរ​មាន​គុណភាព​ទទួល​យក​បាន​ និង​អាច​ប្រកួតប្រជែង​នឹង​ប្រទេស​ជិត​ខាង​បាន​ រដ្ឋាភិបាល​កំពុង​ជំរុញ​ឱ្យ​មាន​អ្នក​សរសេរ​រឿង​ល្អ អ្នក​ដឹក​នាំ​រឿង​ល្អ និង​ស្វែង​រក​ឱ្យ​មាន​អ្នក​វិនិយោគ​លើ​វិស័យ​ភាពយន្ត​នេះ​ឱ្យ​បាន​ច្រើន​ ដើម្បី​ឱ្យ​ទីផ្សារ​កុន​ខ្មែរ​រីក​ច្រើន។
ប្រធាន​នាយកដ្ឋាន​ភាពយន្ត​ រូប​នេះ​ក៏​បាន​ស្នើ​ដល់​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​ជួយ​បន្ត​គាំទ្រ​ ស្នាដៃ​អ្នក​និពន្ធ​ខ្មែរ​ដើម្បី​ឱ្យ​ពួកគេ​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ ដើម្បី​ផលិត​កុន​ខ្មែរ​អាច​មាន​សមត្ថភាព​ឈាន​ទៅ​ប្រកួតប្រជែង​លើ​ឆាក​ អន្តរជាតិ​បាន។
យោង ​តាម​របាយការណ៍​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ កាល​ពី​​ឆ្នាំ​ ២០១២ ​កន្លង​ទៅ​ ភាពយន្ត​របស់​ខ្មែរ​មាន​តែ​ ៥% ​ប៉ុណ្ណោះ​នៅ​លើ​ទីផ្សារ​កម្ពុជា​បើ​ប្រៀបធៀប​ នឹង​ភាពយន្ត​បរទេស​មាន​រហូត​ដល់​៩៥%។
យ៉ាង​ណា​ក៏​ដោយ ​របាយការណ៍​បាន​បញ្ជាក់​ថា​ ភាពយន្ត​ខ្មែរ​ធ្លាប់​រីក​ចម្រើន​ខ្លាំង​នៅ​ទសវត្សរ៍​៩០ ប៉ុន្តែ​ក្រោយ​មក​បាន​ធ្លាក់​ចុះ​ទៅ​វិញ​រហូត​ដល់​ចំណុច​សូន្យ​នៅ​ចន្លោះ​ ឆ្នាំ​១៩៩៨-១៩៩៩។
វិស័យ​នេះ​បាន​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​ ២០០៦ ហើយ​ត្រូវ​ធ្លាក់​ចុះ​មក​វិញ​ថែម​ទៀត។ ឆ្នាំ​២០១២​នេះ​វិស័យ​ភាពយន្ត​របស់​ខ្មែរ ​ហាក់​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្រោយ​ពី​មាន​រោង​ភាពយន្ត ​លំដាប់​អន្តរជាតិ​ពីរ​ផុស​នៅ​ភ្នំពេញ​ គឺ Platinum Cineplex និង Legend៕
អត្ថបទ៖ អ៊ីង សុឡា

 

Share on Google Plus

No comments:

Post a Comment

© Copyright KIKILU NEWS