អ្វីខ្លះជាមរតកសម្រាប់ជាតិខ្មែរពីកិច្ចព្រមព្រៀង ២៣តុលា?
អ្វីខ្លះជាមរតកសម្រាប់ជាតិខ្មែរពីកិច្ចព្រមព្រៀង ២៣តុលា?
ជំនួបព្រមព្រៀងដ៏ធំមួយបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលឆ្នាំ១៩៩១ ហើយត្រឹមថ្ងៃ២៣តុលានេះ គឺខួប២៣គត់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរមួយ នេះ។កិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាស្នាព្រះហស្តធំធេងនៃព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសម្ដេច ព្រះនរោតម្តសីហនុ (ព្រះបរមរតនកោដ្ឋ) និងបាននាំឲ្យកម្ពុជាឈានដល់ការបោះឆ្នោតជាតិនៅឆ្នាំ១៩៩៣ ដើម្បីនាំមកនូវ លទ្ធិប្រជាធិបតេយ្យ សន្តិភាព ការផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពជាតិ អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព បូរណភាពទឹកដី និងសេដ្ឋកិច្ចទីផ្សារសេរីមកកម្ពុជា។

កិច្ចព្រមព្រៀងកើតឡើងកាលពី ២ទសវត្សមុនមួយនេះ បានធ្វើឡើងដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រមុខការទូតប្រទេស១៨ទៀត ដែលជាប្រទេស ហត្ថលេខី រួមនឹងភាគគីគូជម្លោះទាំង៤របស់ខ្មែររួមមាន ភាគីសីហនុនិយម ឬហ៊ុនស៊ិនប៉ិច, ភាគីអ្នកជាតិនិយម រណសិរ្សរំដោះជាតិខ្មែររបស់លោក សឺន សាន, ភាគីខ្មែរក្រហមរបស់ប៉ុលពត និងភាគីរដ្ឋកម្ពុជារបស់លោក ហ៊ុន សែន។
ឯកសារយោងបញ្ជាក់ថា គោលដៅ៣ធំបំផុតរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺ៖
១- រៀបចំឲ្យមានសន្ដិតភាពឡើងវិញសម្រាប់ កម្ពុជា ដោយទទួលយកកិច្ចឈប់បាញ់ និងការរំសាយអាវុធនៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងមូល ព្រមទាំងការដកកងទ័ពបរទេសចេញពីកម្ពុជា។
២- ការបង្កើតលទ្ធិប្រជាធិបតេយ្យ ដោយការរៀបចំការបោះឆ្នោតសភាធម្មនុញ្ញនៅកម្ពុជា (ចាប់ផ្ដើម១៩៩៣)។
៣- ការពារ ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធមួយ ដោយធានា អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងមិនអាចរំលោភបាននូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន។

ប្រទេសជាហត្ថលេខីទាំង១៨នៃកិច្ចព្រមព្រៀង ២៣តុលាមានដូចជា៖ សមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំង៥គឺ អាមេរិក អង់គ្លេស បារាំង ចិន និងសហភាពសូវៀត រួមទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មាន ឡាវ ថៃ សិង្ហបុរី វៀតណាម ហ្វីលីពីន និងព្រុយណេ។ មានទាំងប្រទេស យូហ្គោស្លាវី កាណាដា ជប៉ុន អូស្ត្រាលី និង ឥណ្ឌា៕
No comments:
Post a Comment