ដឹងអត់! ពោតប្លែកៗខ្មែរលក់នៅបរទេស១ផ្លែជាង១០ដុល្លារ
ដឹងអត់! ពោតប្លែកៗខ្មែរលក់នៅបរទេស១ផ្លែជាង១០ដុល្លារ

ផ្ដល់សម្ភាសមក Sabay លោក ថាល់ សំរឹត ដែលមានចម្ការទំហំធំៗរាប់សិបហិចតានៅ៩ខេត្តនៅកម្ពុជា ថាពីបីឆ្នាំមុនលោកទិញពូជពោត៧ពណ៌ពីប្រទេស អង់គ្លេស ក្នុងតម្លៃដ៏ថ្លៃ ១គីឡូដល់ទៅ ១២៥០ផោនឬស្មើជិត២០០០ដុល្លារ មកដាំដុះ។ លោកទិញមក ១០គីឡូ ចំណាយប្រាក់ជាង១ម៉ឺនផោន។
បន្ទាប់មកដោយធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលពីជនជាតិ អង់គ្លេសនូវបច្ចេកទេសបង្កាត់ពូជ លោកក៏ចាប់ផ្ដើមបង្កាត់ពូជពោតតម្លៃថ្លៃមិនធ្លាប់មានចេញជា ប្រភេទពោតដំណើបពណ៌ផ្សេងៗដូចពោតល័ក្ខណ៍ពណ៌ ខ្មៅ ស្វាយ បៃតង និងពងក្រួច មានរសជាតិផ្អែមឈ្ងុយឈ្ងប់។

លោក ថាល់ សំរឹត
មកដល់ឥឡូវនេះផលពោតលក់ចេញទៅប្រទេស ថៃ និងវៀតណាម ឡាវ សិង្ហបុរី ជាដើមគឺមួយផ្លែដល់ទៅ ៦៥បាត ឬជិត២ដុល្លារសម្រាប់ពោតល័ក្ខណ៍ ខ្មៅ បៃតង និងស្វាយជាដើម។ ឯពោត៧ពណ៌វិញមួយផ្លែលក់ចេញថ្លៃ ២០០បាត ឬស្មើ៦ដុល្លារ។
នៅភ្នំពេញ ក៏មានសណ្ឋាគារលំដាប់ខ្ពស់តិចតួចទៅទិញពោតទាំងនេះមកបម្រើ ភ្ញៀវពួកគេ ដោយលក់វិញតម្លៃខ្ទង់១០ដុល្លារក្នុងមួយផ្លែ។
កត្តាធ្វើឲ្យពោតទាំងនេះថ្លៃហួសហេតុខុសពីពោតធម្មតា ព្រោះវាសុទ្ធតែមានគុណប្រយោជន៍សម្រាប់សុខភាព អ្នកមានជំងឺ។ ពោតដែលលោកអះអាងថាដាំដោយបច្ចេកទេសនិងបែបធម្មជាតិគ្មាន សារធាតុគីមីទាំងនេះជួយដល់សុខភាពយ៉ាងមានប្រសិទ្ធភាព។
លោកប្រាប់ថាវាថ្លៃនោះថ្លៃព្រោះអី ពោត ខ្មៅ ពេលញ៉ាំទៅមានប្រសិទ្ធភាពបង្តឹងស្បែក ជំនួយសក់ ភ្នែក សម្រួលសរសៃធ្វើឲ្យដំណើរឈាមរត់ស្រួល។ នៅពេលពិសាដល់ពោះភ្លាម គេនឹងដឹងពីប្រសិទ្ធភាពភ្លាមៗ។
ឯពោតពោតពណ៌ ស្វាយ វិញមានប្រយោជន៍ទប់ស្កាត់មហារីក ផ្លូវដង្ហើម។ បើផ្ដាសាយ ញ៉ាំភ្លាមដឹងធូរភ្លាម បើមហារីកហើម ញ៉ាំភ្លាមដឹងស្រកភ្លាម។
ការសំខាន់វាថ្លៃ ព្រោះពោតទាំងនេះពិបាកដាំនិងថែទាំណាស់។ កសិករថៃ វៀតណាម បានជៀវពោតល័ក្ខណ៍ទាំងនេះទៅដាំ តែមិនដែលបានផល។ ការថែទាំគឺចម្ការពោតទាំងមូលត្រូវសើមជាប់ ព្រោះវាស៊ីដីត្រជាក់។ «ដីវាទាល់តែយើងដើរទៅផុង ជាប់ប្រចាំ។ ហើយត្រូវប្រើទឹកនោមនិងលាមកមនុស្សបាញ់ស្រោចដើម្បីឲ្យវា បង្កើតក្លរ៉ូភីល»។

ឯពោត៧ពណ៌វិញលោកដឹកទៅកំពង់ផែ រ៉ាក់យ៉ង ប្រទេសថៃលក់ឲ្យក្រុមឈ្មួញអង់គ្លេស។ ពោតដែលប្រលេះដោយដៃយកតែគ្រាប់នោះមានតម្លៃ ៥១០ផោនឬជិត៨០០ដុល្លារ១គីឡូក្រាម។ «មួយដើមវាផ្លែតែ៣ផ្លែប៉ុណ្ណោះ ហើយពិបាកថែណាស់។ ការរក្សាពូជក៏ត្រូវប្រយ័ត្ននិងឆ្លងកាត់ការប្រើកាំរស្មី។ ថៃ វៀតណាម យកទៅដាំមិនកើត បានតែដីខ្មែរយើង»។
ពោតដែលទិញទៅអង់គ្លេសទាំងនេះ គឺយកទៅផលិតជាឱសថទាំងស្នូលនិងសាច់។ ”ស្នូលរបស់វាគេផលិតជាថ្នាំរាគ។ សាច់វាក៏ផលិតថ្នាំ។ បើញ៉ាំវាល្អណាស់ សម្រាប់បំបាត់ស្ត្រេស ឈឺក្បាល លើសឈាមអីហ្នឹង”។ លោក សំរឹតពន្យល់។

ប្រិយមិត្តចង់សាកសួរ ឬទិញពូជពោតទាំងនេះអាចទាក់ទងទៅលោក ថាល់ សំរឹត តាមទូរសព្ទលេខ០៨១ ៨៥៤ ២៨៧៕
អត្ថបទ៖ ប៉ែន សុផាន់ណា
រូបភាព៖ សុំសិទ្ធប្រើ
No comments:
Post a Comment