រថ​យន្ត​ប្រើ​ស្លាក​លេ​ខ​​ខេមរ​ភូមិន្ទ​ ន.ប និង​រាជ​ការ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​អនា​ធិបតេយ្យ​នៅ​ប៉ោយ​ប៉ែត​

រថ​យន្ត​ប្រើ​ស្លាក​លេ​ខ​​ខេមរ​ភូមិន្ទ​ ន.ប និង​រាជ​ការ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​អនា​ធិបតេយ្យ​នៅ​ប៉ោយ​ប៉ែត​
បញ្ចូល​អត្ថ​បទ ៖ ផ្កាយព្រឹក
ថ្ងៃព្រហស្បត្ត៏ ទី៤ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១១:៥០
បណ្តា​រថយន្ត​ដែល​ពាក់​ស្លាក​ខេមរភូមិន្ទ, ន.ប និង​រាជ​ការ​ មិន​ដឹង​ថាជា​លេខ​សេះ​ហោះ ឬ​បែប​ណា​ទេ
កោះសន្តិភាព
បណ្តា​រថយន្ត​ដែល​ពាក់​ស្លាក​ខេមរភូមិន្ទ, ន.ប និង​រាជ​ការ​ មិន​ដឹង​ថាជា​លេខ​សេះ​ហោះ ឬ​បែប​ណា​ទេ



ក្រុង​ប៉ោយ​ប៉ែ​ត ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ព្រមាន​ដល់​មន្ត្រី​ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​និយម​ប្រើប្រាស់​ស្លាក​លេខ ខ​.​ម (​ខេមរភូមិន្ទ​) ឬ ន​.​ប និង​រាជការ ជាដើម ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ព្រោះថា ស្លាក​លេខ​ទាំងនេះ ជា​កម្មសិទ្ធិ​របស់​រដ្ឋ មិន​អាច​ឱ្យ​បុគ្គល​ណា​ម្នាក់​យក​ទៅ​ប្រើប្រាស់​លើ​យានយន្ត​ដែល​ជា​ កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ទ្បើ​យ ។ ជាមួយនឹង​ការ​ព្រមាន​នេះ ប្រមុខ​រាជរដ្ឋាភិបាល ក៏​បាន​តម្រូវ​ដែរ​ថា រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ដែល​ជា​យានយន្ត​របស់​យោធា ត្រូវ​តែ​មាន​ពណ៌​ត្រេ​អី​ុ ផ្ទុយ​ទៅ​វិញ បច្ចុប្បន្ន រថយន្ត​មិន​មាន​ពណ៌​ត្រេ​អី​ុ ក៏​គេ​កំពុង​ប្រើ​ប្រាស់​ដែរ សម្រាប់​គេច​ពី​ការ​បង់ពន្ធ ។
បញ្ហា​នេះ​ជា​ប្រការ​អយុត្តិធម៌​ណាស់ សម្រាប់​ពលរដ្ឋ​ត្រឹមត្រូវ​គោរព​ច្បាប់ ត្រូវ​ប្រឈម​ការ​បង់ពន្ធ តែ​ក្រុម​អ្នក​បំពាន​ច្បាប់ បែរជា​ធ្វើ​អ្វី​ក៏​បាន​ស្រេច​តែ​ចិត្ត​។  ជាក់ស្តែង គេ​សង្កេត​ឃើញ​នៅ​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ទឹកដី​អាណាចក្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​រថយន្ត​ស៊េរី​ទំនើប​ៗ​មួយ​ចំនួន នៅ​តែ​ពេញ​និយម​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ នគរបាល​ជាតិ និង​ស្លាក​លេខ​រាជការ​ដែល​ជា​កម្មសិទ្ធិឯកជន ប្រើប្រាស់​ព្រោងព្រាត ស្ទើរ​ពាសពេញ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ទូ​ទាំង​ខេត្ត​តែ​ម្តង បើក​បង្អួត​គេឯង តែ​ការ​ពិត​គឺ​ភាគច្រើន​ជា​ស្លាក​លេខ​សេះ​ហោះ ហើយ​រថយន្ត​ខ្លះ​មិន​បាន​ទាំង​បង់ពន្ធ​ផ្លូវ​ជូន​រដ្ឋ ឱ្យ​បាន​ត្រឹមត្រូវ​ទ្បើ​យ ។ ពួក​គេ​ខ្លះ​អាង​ខ្លួន​ជា​អ្នកមាន​អំណាច ឬ​ក៏​ខ្លួន​ជា​មន្ត្រីរាជការ​នោះ គឺ​គ្មាន​នរណា​ហ៊ាន​ចាប់​ឱ្យ​បង់ពន្ធ​ទ្បើ​យ ។ បញ្ហា​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​បាត់​ចំណូល​ថវិការដ្ឋ​ក្នុង​១​ឆ្នាំ​ៗ រាប់​សិប​លាន​រៀល ហើយ​ក៏​គ្មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​ក៏​មន្ត្រី​ជំនាញ​ណាមួយ​ចាត់វិធានការ​ទប់ស្កាត់​ទ្បើ​យ ។
ពលរដ្ឋ​មាន​ច​ម្ង​ល់​ថា តើ​ហេតុ​អ្វី​បានជា​ក្រុម​ជន​ស៊ី​វិល និង​មន្ត្រី​ខ្លះ​ចូល​ចិត្ត​ប្រើប្រាស់​ស្លាក​លេខ ដែល​មានការ​ហាមឃាត់​ដូច្នេះ​ទៅ​វិញ ឬ​មួយ​ក៏​ពួក​គេ​បំពាក់​ដើម្បី​គំរាមកំហែង​ដល់​អ្នក​ដទៃ ឬ​មួយ​ក៏​ងាយស្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស ។ ព័ត៌មាន​ខាងលើ ល្មម​ដល់​ពេល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែល​មាន​តួនាទី​ឈរជើង​នៅ​ក្នុង​តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ ក្រុង​ប៉ោយ​ប៉ែ​ត គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​ហើយ ឬ​មួយ​ក៏​ចាំ​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មាន​បញ្ជា​បាន​ធ្វើ ?