យក​ចិត្ត​ទុក​ដាក់​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​ យុវតី​កម្ពុជា​មិន​គួរ​មើល​រំលង

យក​ចិត្ត​ទុក​ដាក់​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​ យុវតី​កម្ពុជា​មិន​គួរ​មើល​រំលង 

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ឃើញ​ថា​ ប្រទេស​កម្ពុជា​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ ខ្ពស់​ជាង​គេ​បំផុត​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ក្នុង​ស្រុក​ខ្មែរ​ផ្ទាល់​ មហារីក​មាត់​ស្បូន​នាំ​មុខ​គេ​ក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​អស់​ ដែល​កើត​លើ​ស្ត្រី។ វា​ជា​ឃាតក​លេខ​មួយ​ ដូច្នេះ​ហើយ​ក្រសួង​សុខាភិបាល​ និង​មន្ទីរពេទ្យ​កាល់ម៉ែត​ ព្រម​ទាំង​ស្ថាប័ន​យុវជន​មួយ​ចំនួន​ចូល​រួម​បង្កើត​យុទ្ធនាការ​នានា​ដើម្បី​ កាត់​បន្ថយ​ជំងឺ​មហារីក​មាត់​ស្បូន​នេះ។

តាម​ប្រសាសន៍​វេជ្ជបណ្ឌិត​ ហាវ មនីរត្ន​ ប្រធាន​ផ្នែក​វិភាគ​កោសិកា​មហារីក​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ស្ត្រី​ដែល​ប៉ះ​ពាល់​ខ្លាំង​( ប្រឈម​នឹង​ជំងឺ​មហារីក​មាត់ស្បូន)​ ច្រើន​ស្ថិត​ក្នុង​ចន្លោះ​អាយុ​៣០-៥០​ឆ្នាំ។
ក្នុង ​ដំណាក់កាល​ដំបូង​ៗ​ជំងឺ​នេះ​​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ​គឺ​ធម្មតា​ៗ​ លុះ​ត្រា​តែ​បំបៅ​នោះ​ស៊ី​ធំ​ហើយ​ទើប​ធ្លាក់​ឈាម​ ដែល​ជា​ដំណាក់​កាល​ជួយ​លែង​បាន ​អាច​ឲ្យ​អ្នក​រង​គ្រោះ​ធ្លាក់​ឈាម​រហូត​ដល់​ស្លាប់។
គ្រោះ​ថ្នាក់​នៃ ​ជំងឺ​នេះ​ ក្រៅ​ពី​​ប៉ះពាល់​ផ្ទាល់​លើ​សុខភាព​ស្ត្រី​​ ផល​ប៉ះ​ពាល់​វា​​ពីរ​យ៉ាង​សំខាន់​ទៀត​គឺ​គ្រួសារ​ និង​សង្គម​ជាតិ។
វិធី​បង្ការ​
វា​មាន​ប្រសិទ្ធ​ភាព​ស្ទើរ​តែ​១០០%​ តាម​រយៈ​​វិធីសាស្ត្រ​សង្ការ​ដូច​ខាង​ក្រោម៖
@​ កាលណា​មេរោគ​នេះ​ឆ្លង​ចូល​ដល់​មាត់​ស្បូន​ស្ត្រី​ វា​នឹង​កើត​ជា​ជំងឺ​មហារីក​ ដូច្នេះ​ត្រូវ​ចាក់​​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​ (Human Papilloma Virus( HPV))។
ដូចនេះ​ស្ត្រី​អាយុ​ចាប់ពី​៩-២០​ឆ្នាំ​ មុន​ពេល​រៀបការ ​គួរ​ចាក់​វ៉ាក់សាំង​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​មេរោគ​នេះ។​ ឯ​​ស្ត្រី​ដែល​រៀបការ​រួច​ គួរ​ធ្វើការ​ពិនិត្យ​មាត់​ស្បូន​ ដោយ​ពិនិត្យ​រក​ថា​តើ​គាត់​មាន​ឆ្លង​ឬ​អត់​ និង​ពិនិត្យ​កោសិកា​មាត់ស្បូន។
ប្រសិន​បើ​អ្នក​ជំងឺ​ឆ្លង​ហើយ ​តើ​កោសិកា​មាត់​ស្បូន​នៅ​ធម្មតា​ ឬ​ប្រែប្រួល​ដល់​ដំណាក់កាល​មហារីក​ ឬ​យ៉ាង​ណា​។
ប្រសិន ​បើ​ដំណាក់​កាល​ដំបូង​ៗ ​គឺ​គេ​អាច​ព្យាបាល​ជា​ មុន​ពេល​វា​ចេញ​រោគ​សញ្ញា​ធ្លាក់​ឈាម។ បើ​ទុក​ដល់​វា​ធ្លាក់​ឈាម​ហើយ​ គឺ​មិន​អាច​ជួយ​បាន​ឡើយ។
សូម​ឲ្យ​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​៩​ -២០​ ឆ្នាំ​មុន​ពេល​រៀប​ការ​ សូម​ឲ្យ​ពួក​គាត់​ទៅ​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​មហារីក​នេះ ​ ហើយ​ស្ត្រី​ដែល​រៀបការ​រួច​ សូម​ទៅ​ពិនិត្យ​មាត់​ស្បូន​យ៉ាង​ហោច​៣​-៥​ឆ្នាំ​ម្ដង៕
-ចង់​ដឹង​ថា “​ការ​ដាំ​ត្បូង​លើ​ធ្មេញ​ផ្ដល់​ផល​​ប៉ះពាល់​អត់?” សូម​ចុច​ត្រង់​នេះ
អត្ថបទ៖ លឹម សុនា​