ហួស​ថ្លែង!បឋម​សិក្សា​មួយ​កន្លែង​នៅ​​បាត់​ដំបង​បាន​កែ​កុន​ពី​ជង្រុក​ដាក់​ពោត​

ហួស​ថ្លែង!បឋម​សិក្សា​មួយ​កន្លែង​នៅ​​បាត់​ដំបង​បាន​កែ​កុន​ពី​ជង្រុក​ដាក់​ពោត​

 

ប្រៀប​​​​ធៀប​នឹង​កុមារ​មួយ​ចំនួន​​​​ ដែល​​មាន​ឱកាស​​​អង្គុយ​រៀន​​​ ក្នុង​បន្ទប់​​​សិក្សា​​​​ធំ​​ទូលាយ​បំពាក់ ​ដោយ​ឧបករណ៍​សិក្សា​​គ្រប់​គ្រាន់ និង​ខ្លះ​​ទៀត​អាច​​​​រៀន​ ក្នុង​បន្ទប់​​ម៉ាស៊ីន​ត្រជាក់​​។ ​ប៉ុន្តែ​បើ​គេ​​ក្រឡេក​មើល​កុមារ​​មួយ​ក្រុម ដែល​ឃើញ​ ក្នុង​រូបថត​​ខាង​ក្រោម​ហាក់​ដូច​មាន​វាសនា​​ខុស​គ្នា​​ហៅ​មិន​ឮ​ឡើយ​ ព្រោះ​ថា ទី​កន្លែង​សិក្សា​ដ៏​សក្ដិសម​​បំផុត​របស់​ពួក​គេ​​​​ពេល​​នេះ ​គឺ​​គ្មាន​អ្វី​ក្រៅ​ ពី​​រោង​ឈើ​ទ្រុឌ​ទ្រោម​​ ទំហំ ​៥​ ​ម៉ែត្រ​​គុណ ​៨​ម៉ែត្រ​ ​ដំបូល​ប្រក់​ស័ង្កសី​ ​គ្មាន​ជញ្ជាំង​បិទ​បាំង​​ត្រឹម​ត្រូវ​​​​​ ខណៈ​ទី​នេះ​ពី​ដំបូង ​គឺ​ជា​​ជង្រុក​ដាក់​​គ្រាប់​ពោត​​របស់​ប្រជា​​កសិករ​​។​
មាន​សិស្ស​​ ចំនួន​១២៨ នាក់​ និង​ចែក​​​ជា​​បី​ថ្នាក់​ ​​រៀន​ពីរ​វេន​​ សាលា​បឋម​សិក្សា​អូរជ្រៃ ​មាន​ទីតាំង​ស្ថិត​នៅ​ដាច់​ស្រាយាល​ ​ភូមិ​អូរ​ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​​បាត់​ដំបង​ កំពុង​ប្រឈម​ នឹង​កង្វះ​ខាត​អគារ​ និង​សម្ភារៈ​​សិក្សា​យ៉ាង​ធ្ងន់​ធ្ងរ​។ ​
លោក ​ ពត សារឿន នាយក​សាលា​បឋម​សិក្សា​​អូរជ្រៃ​បាន​រៀបរាប់​ថា​ សាលា​រៀន​​​នេះ​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ មាន​​គ្រូ​ក្រប​ខណ្ឌ​ម្នាក់​​​ និង​គ្រូ​ជាប់​កិច្ច​សន្យា​ម្នាក់​​ កំពុង​បង្រៀន​​ ចាប់​ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី៣។ “ការ​ពិត​​​សាលា​អូរ​ជ្រៃ​​ គឺ​បាន​​​កែ​កុន​​ពី​រោង​ដាក់​ពោត​​ បន្ទាប់​មក​​ខ្ញុំ​បាន​​ត​សំយ៉ាប​ខាង​ក្រោយ​ទំហំ​បី​ម៉ែត្រ​​​បន្ថែម​ទៀត។ សាលា​បឋមសិក្សា​អូរជ្រៃ​​​​ក៏​ជា​សម្ពន្ធ ​របស់​សាលា​ប៊ូទូក​ផង​ដែរ។ សាលាប៊ូ​ទូក​​ សិស្ស​ទាំង​អស់​នាំ​គ្នា​រៀន​​នៅ​ក្រោម​ផ្ទះ​អ្នក​ស្រុក​ សរុប​ចំនួន​ ១៧៥ នាក់​​”។
បើ​តាម​លោក​  ពត សារឿន​ បច្ចុប្បន្ន​​ ទាំង​សិស្ស​ និង​គ្រូ​មាន​​ការ​លំបាក​ជា​ខ្លាំង ដោយ​សារ​សាលា​មាន​​សភាព​ទ្រុឌ​ទ្រោម​។ ពេល​ភ្លៀង​ធ្លាក់​​ម្តងៗ សិស្ស និង​គ្រូ ​ត្រូវ​ខក​រៀន និង​បង្រៀន​​​ ព្រោះ​​គ្មាន​​ជញ្ជាំង​បិទបាំង​​​ និង​ដំបូង​ធ្លុះ​ធ្លាយ​ដោយ​អន្លើ​។ ​ប៉ុន្តែ​ទោះ​ជា​​យ៉ាង​​ណា​ ដើម្បី​​កុមារ​តូច​ៗ ​ លោក​​នៅ​តែ​តស៊ូជម្នះ​ការ​លំបាក​​ បង្ហាត់​បង្រៀន​ឲ្យ​​ពួក​គេ​មាន​ចំណេះ​ដឹង​។ “កន្លង​មក​ខ្ញុំ​ធ្លាប់​បាន​ស្នើ​សុំ​ទៅ​សប្បុរស​ជន​ឲ្យ​ជួយ​សាងសង់​​អគារ​ សិក្សា​ដែរ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​​នេះ​​នៅ​មិន​ទាន់​មាន​​ការ​ឆ្លើយ​តប​​នៅ​ឡើយ​។ ចំណែក​​ខាង​មន្ទីរ​អប់រំ​បាន​​ឲ្យ​ខ្ញុំ​ធ្វើ​លិខិត​ផ្លូវ​​ការ​​​ជា​លើក​ទី ​២ ដាក់​​ទៅ​ក្រសួង​អប់រំ។ ដូច្នេះ​​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​​​​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ មេត្តា​ជួយ​សាង​សង់​សាលា​អូរជ្រៃ​​នេះ​ផង​​​”។
លោក ពត​ សារឿន​ បាន​បន្ថែម​​ទៀត​ថា​​ សាលា​មាន​ដី​បម្រុង​សម្រាប់​សាង​សង់​​​រួច​​ហើយ​ ក្នុង​ទំហំ​ ៤០ ម៉ែត្រ​​គុណ​ និង​១២០ ម៉ែត្រ​ ដែល​ដី​​នេះ​បាន​មក​ពី​ការ​រ៉ៃ​លុយ​គ្នា​ ក្នុង​សហគមន៍ និង​ការ​ផ្ដល់​​​ជូន​ដី​ពី​សប្បុរស​ជន​ម្នាក់​។
ទន្ទឹម​គ្នា​ដែរ​ លោក ពៅ ទីន​ ​អនុ​ប្រធាន​ការិយាល័យ​​អប់រំ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់​ដំបង​បាន​​ប្រាប់​ Sabay ថា​ នៅ​ស្រុក​ភ្នំព្រឹក​ទាំង​មូល​មាន​ សាលា​បឋម​សិក្សា​ចំនួន​ ២៨។ សាលា​បឋម​សិក្សា​អូរជ្រៃ​​ ជា​​សាលា​មួយ ក្នុង​ចំណោម​សាលា​បីទៀត​ ​នៅ​ក្នុង​ស្រុក​នេះ​​ ដែល​មាន​សភា​ព​យ៉ាប់​យ៉ឺន និង​កណ្ដោច​កណ្ដែង​បំផុត​​។ “មាន​​សាលា​បឋម​សិក្សា​អូរជ្រៃ​ សាលា​​គ្រោះ​ក្រហម​ និង​សាលា​បឋម​សិក្សា​អន្លង់​មាន​។​ នៅ​រដូវវស្សា​អញ្ចឹង​សាលា​​ខ្លះ​ យើង​​មិន​អាច​​ធ្វើ​ដំណើរ​​ទៅ​បាន​ទេ​ ដោយ​សារ​​ផ្លូវ​លំបាក​ពេក​។ ប៉ុន្តែ​យ៉ាង​ណា​យើង​នៅ​តែ​ផ្ដល់​ក្តី​សង្ឃឹម​សម្រាប់​ពួក​គេ​”។
​​ ក្នុង​នាម​អនុប្រធាន​ការិយាល័យ​ ​​លោក​បាន​ស្នើ​ទៅ​ផ្នែក​​ពាក់​ព័ន្ធ​ សប្បុរសជន​ជាតិ​ និង​អន្តរ​ជាតិ​ មេត្តា​ជួយ​សាងសង់​សាលារៀន​ទាំង​បី​ខាង​លើ​ផង​៕