កត្តា​អ្វី​ខ្លះ​ ធ្វើ​ឱ្យ​រដ្ឋាភិបាល ​មិន​ទាន់​កំណត់​កូតា​លើ​ភាពយន្ត​បរទេស?

កត្តា​អ្វី​ខ្លះ​ ធ្វើ​ឱ្យ​រដ្ឋាភិបាល ​មិន​ទាន់​កំណត់​កូតា​លើ​ភាពយន្ត​បរទេស?

ទោះ​ជា​គេ​ដឹង​ថា​ភាពយន្ត​​បរទេស​ ហូរ​ចូល​ស្រុក​ខ្មែរ​ពាសពេញ​ប្រទេស​​ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋាភិបាល​ហាក់​មិន​សូវ​អើពើ​លើ​រឿង​​ទាំង​​នេះ​ទេ ហើយ​ក៏​មិន​ទាន់​មាន​គោលការណ៍​កំណត់​កូតា​លើ​ការ​នាំ​ចូល​ភាពយន្ត​​បរទេស​ នេះ​ដែរ។
មាន​កត្តា ឬ​មូលហេតុ​ចម្បង​អ្វី​ខ្លះ​ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​អើ​ពើ​លើ​ការ​កំណត់​កូតា​លើ​ការ​ ​ហូរ​ចូល​ខ្សែ​ភាពយន្ត​បរទេស​​មក​ក្នុង​ប្រទេស​កម្ពុជា? ហើយ​ថា​តើ​ខ្សែ​ភាពយន្ត​បរទេស​ប៉ុន្មាន​ភាគរយ​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ កម្ពុជា​បច្ចុប្បន្ន បើ​ប្រៀបធៀប​នឹង​ភាពយន្ត​​ខ្មែរ​ក្នុង​ស្រុក?
ភាពយន្ត​បរទេស​ដែល​ចរាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន
ទាក់ទង ​នឹង​ចម្ងល់​អស់​ទាំង​នេះ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ឯកឧត្ដម សោម សុគន្ធ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​​ថា ​រដ្ឋាភិបាល​ពិត​មិន​ទាន់​មាន​គោលការណ៍​កំណត់​កូតា​ លើ​​ភាពយន្ត​​​ខ្មែរ និង​បរទេស​មែន។
​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ “មូល​ហេតុ​ដែល​យើង​មិន​ទាន់​កំណត់​កូតា ​លើ​ភាពយន្ត​បរទេស​បាន​ទេ ព្រោះ​​ភាពយន្ត​​ក្នុង​ស្រុក​របស់​យើង​មិន​ទាន់​បំពេញ​តម្រូវ​ការ​ទីផ្សារ​ នៅ​ឡើយ។ ដូច្នេះ បើ​យើង​កំណត់​កូតា​លើ​ការ​នាំ​ចូល​ភាពយន្ត​បរទេស​ទៀត​ទស្សនិកជន​ពួកគាត់​បាន ​អី​ទស្សនា”។
ទោះ​ជា​យ៉ាង​ណា​ ឯកឧត្ដម សោម សុគន្ធ បាន​អះអាង​ថា​ បញ្ហា​នៅ​ចំពោះ​មុខ​ពេល​នេះ​ត្រូវ​បង្កើន​បរិមាណ និង​គុណភាព​ ផលិតផល​ភាពយន្ត​របស់​ខ្មែរ​ឱ្យ​បាន​ពី​ ៥​ទៅ​២០% ទើប​អាច​កំណត់​កូតា​ លើ​ការ​នាំ​ចូល​ភាពយន្ត​របស់​បរទេស​បាន។ ប៉ុន្តែ​ពេល​នេះ​រដ្ឋាភិបាល​មិន​ទាន់​កំណត់ទេ ​ព្រោះ​តែ​ភាពយន្ត​របស់​ខ្មែរ​ចរាចរ​នៅ​លើ​ទីផ្សារ​មាន​តែ​​៥%​តែ​ប៉ុណ្ណោះ។
យ៉ាង ​ណា​ក៏​ដោយ​ ហាក់​មិន​សូវ​យល់​ស្រប​តាម​​ការ​លើក​ឡើង​របស់​ឯកឧត្ដម សោម សុគន្ធ ​ ​ផលិតករ​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​​ក្នុង​ខ្សែ​ភាពយន្ត​រឿង “​ឃ្លាត​ទៅ​​សែន​ឆ្ងាយ!” លោក ឆាយ បូរ៉ា បាន​អះអាង​ថា ​រដ្ឋាភិបាល​គួរណា​តែ​កំណត់​កូតា​លើ​ការ​នាំ​ចូល​ភាពយន្ត​របស់​បរទេស ហើយ​បង្វែរ​មក​លើក​ទឹក​ចិត្ត​ផលិតករ​ក្នុង​ស្រុក​ឱ្យ​បង្កើន​ការ​ផលិត​ឱ្យ​ បាន​ច្រើន​វិញ​​ប្រសើរ​ជាង។
លោក ឆាយ បូរ៉ា បាន​និយាយ​ថា “នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​​ ពួកគេ​បាន​កំណត់​រួច​រាល់​អស់​ហើយ​ លើ​ការ​នាំ​ចូល​ភាពយន្ត​បរទេស​នេះ​ដូច​ជា​ អាល្លឺម៉ង់ ឥណ្ឌា កូរ៉េ ជា​ដើម។ បើ​មិន​ដូច្នេះ​ទេ​ គេ​យក​ពន្ធ​លើ​​ការ​នាំ​ចូល​ភាពយន្ត ហើយ​​គេ​ខិតខំ​ជំរុញ​លើក​ទឹក​ចិត្ត​ផលិតករ​ក្នុង​ស្រុក​ឱ្យ​បង្កើន​ការ​ផលិត ​ប្រកប​ដោយ​គុណភាពវិញ”។
ផលិតករ​ រូប​នេះ​ បាន​ទទួល​ស្គាល់​ថា​ ផលិតផល​ភាពយន្ត​​ក្នុង​ស្រុក​របស់​ខ្មែរ​​បច្ចុប្បន្ន​ពិត​​ជា​មាន​តិច​តួច​ ​ពិត​ប្រាកដ​មែន ក៏​ប៉ុន្តែ​លោក​បាន​អះអាង​ថា ​រដ្ឋាភិបាល​គួរណា​កំណត់​ថា​តើ ៥​ឆ្នាំ ឬ​១០​ឆ្នាំ​ទៅ​មុខ​ទៀត ​ត្រូវ​ធ្វើ​អ្វី​មួយ​ឱ្យ​បាន​ជាក់លាក់​លើ​វិស័យ​ភាពយន្ត។ ម្យ៉ាង​ទៀត​ត្រូវ​មាន​គោល​នយោបាយ​ច្បាស់លាស់​ក្នុង​ការ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ផលិតករ​ខ្មែរ។
ដោយ​ឡែក​ប្រធាន​នាយដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ស៊ិន ចន្ទ​សាយ៉ា បាន​អះអាង​ថា​ “ជា​ទូទៅ​ក្នុង​ប្រទេស​យើង​អត់​ទាន់​កំណត់​កូតា​លើ​ការ​នាំ​ចូល​ភាពយន្ត​ បរទេស​នេះ​ទេ។ នៅ​ប្រទេស​ខ្លះ​ គេ​កំណត់​ដើម្បី​ការពារ​ផលិតផល​ក្នុង​ស្រុក​របស់​គេ យើង​ធ្វើ​ដូច​គេ​អត់​ទាន់​បាន ​ព្រោះ​ភាពយន្ត​យើង​មិន​ទាន់​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ”។
ខ្សែ​ភាពយន្ត​ខ្មែរ​រក​ចំណូល​បាន​ច្រើន​កាល​ពី​ឆ្នាំ​២០១២
លោក ស៊ិន ចន្ទ​សាយ៉ា មិន​ទាន់​ហ៊ាន​អះអាង​បញ្ជាក់​ ថា​តើ​ប៉ុន្មាន​ឆ្នាំ​ទៀត​​រដ្ឋាភិបាល​កំណត់​កូតា​លើ​​ការ​នាំ​ចូល​ភាពយន្ត​ របស់​បរទេស​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា​រដ្ឋាភិបាល​កំពុង​តែ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​អស់​ ទាំង​នេះ។ ជា​ពិសេស​ជំរុញ​ និង​លើក​កម្ពស់​ផលិតករ​ក្នុង​ស្រុក​​​ធ្វើ​យ៉ាង​ណា​ផលិត​ភាពយន្ត​ឱ្យ​មាន​ គុណភាព​ដើម្បី​ប្រកួតប្រជែង​នឹង​ភាពយន្ត​បរទេស។
ប្រធាន​នាយដ្ឋាន​ ភាពយន្ត​រូប​នេះ​ បាន​បញ្ជាក់​បន្ត​ថា​ ផលិតផល​ភាពយន្ត​ខ្មែរ​បច្ចុប្បន្ន​មិន​ទាន់​អាច​បម្រើ​សេចក្ដី​ត្រូវ​ការ​ របស់​ទស្សនិកជន​ខ្មែរ​បាន​នៅ​ឡើយ​ទេ។ ម្យ៉ាង​ប្រសិន​បើ​រដ្ឋាភិបាល​កំណត់​កូតា​នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​ខ្វះខាត​ ភាពយន្ត​ទស្សនា​សម្រាប់​ទស្សនិកជន​ខ្មែរ។
ទោះ​ជា​យ៉ាង​ណា​លោក ស៊ិន ចន្ទ​សាយ៉ា បាន​ទទួល​ស្គាល់​ថា ​កត្តា​រដ្ឋាភិបាល​មិន​បាន​កំណត់​កូតា​លើ​ភាពយន្ត​បរទេស​ ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតផល​ភាពយន្ត​ក្នុង​ស្រុក​ដូច​ជា​ ​ផលិតករ​លែង​ចង់​ផលិត​ភាពយន្ត​តទៅ​ទៀត លួច​ចម្លង​ស្នាដៃ​របស់​គេ​ដើម្បី​ឱ្យ​ការ​ផលិត​ចំណាយ​ដើម​ទុន​តិច និង​មិន​មាន​គំនិត​បង្កើត​ស្នាដៃ​ថ្មី​នៅ​ពេល​រដ្ឋាភិបាល​​មិន​សូវ​ជា​ជួយ​ ស្វះស្វែង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​មិញ​អ្នក​និពន្ធ​ល្បី​ឈ្មោះ​អ្នក​​ស្រី ពាន់ ភួង​បុប្ផា បាន​គូស​បញ្ជាក់​ថា​ គួរ​ដល់​ពេល​ដែល​រដ្ឋាភិបាល​កំណត់​ការ​ដោះ​ស្រាយ​លើ​បញ្ហា​នេះ​ហើយ ដើម្បី​ឱ្យ​ផលិតករ និង​អ្នក​ដឹក​នាំ​ខ្លះ​កាត់​បន្ថយ​ការ​លួច​ចម្លង​ស្នាដៃ​របស់​គេ​តទៅ​ទៀត។
អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​និយាយ​ថា ​”បើ​រដ្ឋាភិបាល​គាត់​អាច​កំណត់​បាន​មែន​ ជា​ការ​ប្រសើរ ព្រោះ​អី​អាច​កាត់​បន្ថយ​ការ​ចម្លង​ស្នាដៃ​ពី​គេ​បាន​ខ្លះ។ បើ​យើង​នៅ​តែ​មិន​មាន​វិធានការ​ នៅ​ថ្ងៃ​ណា​មួយ​ផលិតផល​ដើម​របស់​គេ​ប្ដឹង​នោះ​ខ្មែរ​ប្រាកដ​ជា​អាម៉ាស​នៅ​លើ ​ឆាក​អន្តរជាតិ​ហើយ”។
សិក្ខាសិលា​ដើម្បី​លើក​កម្ពស់​ភាពយន្ត​ខ្មែរ​កាល​ពី​ចុង​ឆ្នាំ​២០១២
កាល ​ពី​ចុង​ឆ្នាំ​២០១២​កន្លង​ទៅ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​រៀប​ចំ​អង្គ​សិក្ខាសាលា​មួយ​ក្រោម​ប្រធាន​បទ​ស្ដី​អំពី “ការ​អភិវឌ្ឍ និង​​លើក​កម្ពស់​គុណភាព​ផលិតផល​ភាពយន្ត​ខ្មែរ” ក្នុង​នោះ​ ផលិតករ​​បាន​ស្នើ​ទៅ​ដល់​រដ្ឋាភិបាលឲ្យ​​ជួយ​ដល់​ផលិតករ និង​ទប់ស្កាត់​ការ​ហូរ​ចូល​ច្រើន​​របស់​ភាពយន្ត​បរទេស។
បញ្ហា​នេះ ក្រសួង​វប្បធម៌ បាន​ស្នើ​បញ្ហា​អស់​ទាំង​នេះ ​ទៅ​កាន់​ប្រមុខរដ្ឋាភិបាល​ហើយ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​ មិន​​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​​ទេ។
​ ​​​​យោង​តាម​របាយការណ៍​ ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ កាល​ពី​ពេល​ថ្មីៗ​បាន​ដឹង​​ថា ​ខ្សែ​ភាពយន្ត​ខ្មែរ ​ចរាចរ​​នៅ​លើ​​ទីផ្សារ​បច្ចុប្បន្ន​មាន​ប្រមាណ ៥% ​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ភាពយន្ត​បរទេស។ បញ្ហា​នេះ ភាគី​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​នៅ​ឡើយ គឺ​ខាង ក្រសួង​ថា ចាំ​ឲ្យ​ការ​ផលិត​ភាពយន្ត​ក្នុង​ស្រុក​កើន​ឡើង​អាច​ឆ្លើយ​តប​នឹង​ទីផ្សារ​ ក្នុង​ស្រុក​ជំនួស​ភាពយន្ត​បរទេស​សិន។ ដោយ​ឡែក ខាង​ផលិតករ ចង់​ឲ្យ​ក្រសួង​មាន​ផែន​ការ​ច្បាស់​លើ​បញ្ហា​នេះ ដើម្បី​លើក​ទឹក​ចិត្ត​​ផលិតក ជា​ជាង​ចាំឲ្យផលិតករ​ចេះ​ដើរ​ដោយ​ខ្លួន​ឯង៕
ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា?
អត្ថបទ៖ អ៊ីង សុឡា

 

Share on Google Plus

No comments:

Post a Comment

© Copyright KIKILU NEWS