វិទ្យុសកម្មពី Wifi ប៉ះពាល់សុខភាព
វិទ្យុសកម្មពី Wifi ប៉ះពាល់សុខភាព
ប្រហែល ៥ភាគរយនៃប្រជាជននៅចក្រភពអង់គ្លេស ស្មើនឹងជាង ៣លាននាក់ត្រូវគេជឿថាបានរងការប៉ះទង្គិចដោយសាររលកសញ្ញា វិទ្យុសកម្មដែលកំពុងតែបំផ្លាញសុខភាពអ្នកទាំងនោះដោយមិនដឹង ខ្លួន។មនុស្សប្រមាណជាង ៣លាននាក់នៅចក្រភពអង់គ្លេសជឿថា ពួកគេបានរងការប៉ះទង្គិចសុខភាពពីរលកសញ្ញាវិទ្យុសកម្មចេញពី គ្រឿងអេឡិចត្រូនិកទាំងឡាយ (ទូរសព្ទ កុំព្យូទ័រ ទូរទស្សន៍ អំពូលភ្លើង…) ដោយពួកគេតែងតែមានរោគសញ្ញា EHS (ការរងប្រតិកម្មទៅលើរលកសញ្ញាវិទ្យុសកម្ម ) ដូចជា តែងតែឈឺក្បាលជាញឹកញាប់ ល្ហិតល្ហៃអស់កម្លាំង វិលមុខរកក្អួត ពិបាកដកដង្ហើម អាការៈស្ពឹក ឬពិការផ្នែកអវយវៈ សរសៃប្រសាទដំណើរការមិនប្រក្រតី និងកើតជំងឺមហារីកជាដើម។
ស្ត្រីមួយរូបឈ្មោះ Mary ដែលមានរោគសញ្ញា EHS បានឲ្យដឹងថា៖ “មុនពេលខ្ញុំមានអាការៈ EHS នៅឆ្នាំ ២០១២ ខ្ញុំមិនដែលជឿទេថាវាពិតជាកើតមានមែននោះ”។ ស្ត្រីអាយុ ៦៣ឆ្នាំរូបនេះបន្តប្រាប់ទៅសារព័ត៌មាន Daily Mail ទៀតថា៖ “ប៉ុន្តែឥឡូវទើបខ្ញុំដឹងថាវាជាការពិត។ ខ្ញុំតែងតែមានអារម្មណ៍ថាផ្នែកខាងក្នុងមាត់របស់ខ្ញុំដូចជា ស្ពឹកៗ”។
លោកស្រី Mary ដែលមានអាការៈ EHS
គាត់កំពុងពាក់អាវ Aaronia Shield (រូបស្តាំ)
បន្ទាប់ពីដឹងថាខ្លួនគាត់រងការប៉ះទង្គិចពីវិទ្យុសកម្ម Mary ក៏បានផ្លាស់ប្ដូរជីវិតរបស់គាត់ដើម្បីចៀសឲ្យផុតពីការប្រឈមនឹង វិទ្យុសកម្ម Wifi និងរលកសញ្ញាផ្សេងៗដែលចេញពីទូរសព្ទ។ តែទោះជាយ៉ាងណាគាត់និយាយថា វាពិតជាលំបាកមែនទែនក្នុងការរកកន្លែងដែលមិនគ្របដណ្ដប់ដោយ Wifi និងទីកន្លែងដែលគ្មានមនុស្សប្រើទូរសព្ទនោះ។ ហេតុដូចនេះហើយទើបលោកស្រី Mary មិនដែលចេញទៅទីកន្លែងសាធារណៈ តែបើទៅលេងក៏ត្រឹមតែផ្ទះមិត្តភក្តិរបស់គាត់ប៉ុណ្ណោះ (ដរាបណាផ្ទះរបស់ពួកគេបិទ Wifi និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ)។
បច្ចុប្បន្នជំងឺរបស់គាត់បានធូរស្បើយច្រើនមកហើយព្រោះបាន ពាក់អាវ Aaronia Shield ផលិតចេញពីសរសៃ Fibre ដែលអាចការពារវិទ្យុសកម្មបាន។ ប៉ុន្តែគាត់ថាជីវិតរបស់គាត់ពិតជាលំបាក ដោយត្រូវបោះបង់អ្វីដែលខ្លួនស្រឡាញ់ទាំងអស់ ដោយនៅតែផ្ទះប៉ុណ្ណោះ។
បុរសម្នាក់ទៀតឈ្មោះ Ricky Gardiner អាយុ ៦៦ឆ្នាំជាតន្ត្រីករក៏បានឲ្យដឹងដែរថា គាត់ចាប់ផ្ដើមមានរោគសញ្ញា EHS តាំងពីឆ្នាំ ១៩៩០ ដូចជាចង្វាក់បេះដូងមិនទៀងទាត់ និងពិបាកដកដង្ហើម។ មកទល់ពេលឥឡូវគាត់នៅតែប្រើកុំព្យូទ័រ តែមិនភ្ជាប់ WiFi នោះទេ។ ពេលដែលគាត់ត្រូវប្រើកុំព្យូទ័រម្ដងៗគឺចាំបាច់ត្រូវអង្គុយ នៅជ្រុងម្ខាងនៃបន្ទប់ឲ្យឆ្ងាយពីកុំព្យូទ័រ ហើយប្រើកែវយឺតដើម្បីមើលអេក្រង់របស់វា។
ចំណែកឯស្ត្រីម្នាក់អាយុ ៥៣ ឈ្មោះ Sue Brown ក៏មានអាការៈ EHS នេះដែរ ដោយគាត់តែងតែគេងមិនលក់រាល់យប់និងឈឺក្បាលជាញឹកញាប់ ឬជួនកាលរកកលចង់ក្អួតទាំងយប់ក៏មាន។
ការសិក្សាផ្នែកខួរក្បាលមួយនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១១ បានបង្ហាញថាសិស្សប្រុសជាច្រើននៅតំបន់ដែលប្រឈមនឹងវិទ្យុសកម្ម Wifi រងការប៉ះទង្គិចផ្នែកសរសៃប្រសាទ ដោយសមត្ថភាពខួរក្បាលរបស់ពួកគេថយចុះ។
ចំណែកឯការសិក្សាមួយទៀតទៅលើស្ត្រីជាច្រើននៅសហរដ្ឋអាមេរិក ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ដោយសមត្ថភាពខួរក្បាលរបស់ស្ត្រីទាំងអស់នោះថយចុះដូចគ្នាព្រោះ តែរលកសញ្ញាវិទ្យុសកម្ម WiFi ដែលពួកគេកំពុងប្រើ។
ចំពោះវេជ្ជបណ្ឌិតជនជាតិអង់គ្លេសមួយរូបឈ្មោះ Andrew Tresidder ក៏មានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍របស់អ្នកជំងឺដែលមានរោគ សញ្ញា EHS ផងដែរ ដោយពួកគេតែងតែត្អូញត្អែរជារឿយៗពីរោគសញ្ញាដែលជឿថាវា កើតចេញពីរលកសញ្ញាវិទ្យុសកម្ម។
ដោយឡែកចំពោះអង្គការគាំពារសុខភាពមួយទៀតរបស់អង់គ្លេស (Health Protection Agency) បែរជាបង្ហាញទស្សនៈផ្ទុយមកវិញថា យ៉ាងណាក៏ដោយមិនទាន់មានភស្តុតាងណាមួយច្បាស់លាស់នោះទេដែលថា បញ្ហាសុខភាពកើតឡើងចំពោះជនរងគ្រោះទាំងនោះ បង្កដោយវិទ្យុសកម្មដែលចេញពីគ្រឿងអេឡិចត្រូនិកនៅឡើយ។
មកទល់ពេលបច្ចុប្បន្នអ្នកវិទ្យាសាស្ត្រនៅតែមានភាពចម្រូង ចម្រាស់នឹងគ្នាទៅវិញទៅមកលើប្រធានបទ “ផលប៉ះពាល់តាមរយៈវិទ្យុសកម្ម”។ ប៉ុន្តែជនរងគ្រោះបីនាក់ខាងលើ និងជនរងគ្រោះជាង៣លាននាក់ទៀតកំពុងរងការប៉ះពាល់សុខភាពយ៉ាង ធ្ងន់ធ្ងរ និងគួរឲ្យអាណិត ស្របពេលដែលវិទ្យុសកម្មត្រូវអ្នកទាំងនោះជឿថា ជាដើមចមធ្វើឲ្យពួកគេទៅជាបែបនេះ។
ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់បានបញ្ជាក់ពីមូលហេតុពិត ពីផលប៉ះពាល់របស់ជនរងគ្រោះចំនួនជាង៣លាននាក់ជុំវិញអង់គ្លេសក៏ ពិតមែន តែអ្នកគួរតែការពារខ្លួនពីវិទ្យុសកម្មតាមលទ្ធភាពដែលអាចធ្វើទៅ បាន ព្រោះអ្វីក៏ដោយតែងតែមានផលវិជ្ជមាន និងអវិជ្ជមាន។ ដូចពាក្យចាស់លោកពោលថា “ការពារប្រសើរជាងព្យាបាល”៕
អាន៖ ការស្រាវជ្រាវបង្ហាញថា ការឈ្ងោកចុចទូរសព្ទយូរនាំឲ្យខូចឆ្អឹងកញ្ចឹងក
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail
No comments:
Post a Comment