បើ​​កូរ៉េខាងត្បូង និងខាងជើង​រួបរួម​គ្នា​ តើ​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន?

បើ​​កូរ៉េខាងត្បូង និងខាងជើង​រួបរួម​គ្នា​ តើ​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន?

នៅ​ពេល​ដែល​ជប៉ុន​ចាញ់​សង្គ្រាម​លោកលើកទី២ ​កូរ៉េ​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ជប៉ុន​ជាច្រើន​ឆ្នាំ​នោះ ត្រូវ​បាន​ សហរដ្ឋអាមេរិក​ និង សហភាព​សូវៀត​ចូល​ចូល​មក​ពុះ​ច្រៀក​ជា​ពីរ​ផ្នែក​​។ ភាគ​ខាងត្បូង ឬ ហៅថា ប្រទេស​កូរ៉េខាងត្បូង​បច្ចុប្បន្ន​នេះ ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​​អាមេរិក​​ ចំណែក​ភាគ​ខាងជើង​ ឬ ហៅ​ថា កូរ៉េខាងជើង​បច្ចុប្បន្ន​ ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​ សហភាពសូវៀត។

ដោយសារតែ​បែបនេះ​ហើយ ​កូរ៉េខាងត្បូង និង ខាងជើង​ មិនដែល​ត្រូវ​គ្នា​ម្តង​ណា ពោល​គឺ​តែងតែ​ប្រឈម​ភាព​តានតឹង​ដាក់​គ្នា​។ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង គឺ លោក ស្រី​ Park Geun-hye បាន​សង្ឃឹម​ថា ឆ្នាំ​ថ្មី​២០១៥ នេះ កូរ៉េ​ទាំងពីរ​ នឹង​អាច​មានលទ្ធភាព​ចរចា​គ្នា​ដើម្បី​ឈាន​ទៅ​ដល់​ការ​រួបរួម​ឡើង​វិញ បន្ទាប់​ពី​បែកបាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​​

រហូត​មកទល់​នឹង​ពេលនេះ មាន​អ្នក​វិភាគ​ជាច្រើន​កំពុង​សន្និដ្ឋាន​ថា​កូរ៉េ​ទាំងពីរ​អាច​នឹង​​រួបរួម ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​​ ប៉ុន្តែ​យ៉ាងណាក៏ដោយ វា​ត្រូវការ​ចំណាយ​ថវិកា​អស់​ជា​ច្រើន​មិនខាន​​។ មុន​នឹង​និយាយ​អំពី​ការ​ចំណាយ​ចំពោះ​ការ​បង្រួបបង្រួម​រវាង​កូរ៉េខាងជើង និង ខាងត្បូង គេ​ត្រូវ​មើល​ករណី​ជាក់ស្តែង​នៅ​អាល្លឺម៉ង់​ជា​មុន​សិន​។ ​ការ​បង្រួបបង្រួម​រវាង​អាល្លឺម៉ង់​ខាងលិច និង ខាងកើត​ កាល​ពី​ឆ្នាំ ១៩៩០ត្រូវ​ចំណាយ​ថវិកា​អស់​រហូត​ដល់ ២ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក($ 2 trillions) ក្នុង រយៈពេល ២០ ឆ្នាំ។

ការ​ចំណាយ​ច្រើន​បែប​នេះ ក៏ដោយសារតែ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​នេះ ខុស​គ្នា​ខ្លាំង​ពេក ពោល​​គឺ អាល្លឺម៉ង់​ខាង​លិច​ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​ អាមេរិក​នោះ​គឺ​ជា​គឺ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ ហើយ​ជីវភាព​ប្រជាជន​ក៏​មាន​លក្ខណៈ​ប្រសើរ​ ចំណែក​អាល្លឺម៉ង់​ខាងកើត​វិញ​ ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​សូវៀត​នោះ គឺ មិន​មាន​សេដ្ឋកិច្ច​ល្អ​នោះ​ទេ។ ហេតុដូច្នេះហើយ ក្នុងពេលដែល​ប្រទេស​​ទាំង​ពីរ​​រួបរួម​គ្នា​នោះ​ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​ ពង្រឹង​តំបន់​ដែល​ខ្សោយ។

បើ​តាម​ការ​សន្និដ្ឋាន​របស់ គណៈកម្មាធិការ​សេវា​ហិរញ្ញវត្ថុ (FSC) របស់​កូរ៉េខាងត្បូង​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​ កូរ៉េ​ទាំងពីរ​រួបរួម​គ្នា​មែន​នោះ គឺ​ ត្រូវ​ចំណាយ​ថវិកា​​ចំនួន​ ៥០០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង ​រយៈ​ពេល ២០ ឆ្នាំ។ មាន​ន័យ​ថា រដ្ឋាភិបាល​កូរ៉េ​ត្រូវ​ចំណាយ​ ចំណាយ​លុយ​ដ៏​ច្រើន​បែបនេះ​ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​ដើម្បី​បំប៉ន​ដល់​ពង្រឹង​សេដ្ឋកិច្ច​នៅ​ភាគ​ខាងជើង (កូរ៉េខាងជើង)​។

...កូរ៉េខាងជើង៖ ការ​​​បដិសេធ​របស់​អាមេរិក​ទៅ​នឹង​សំណើ​របស់​ខ្លួន​គឺជា​រឿង​មិន​អាច​ទទួល​យក​បាន...

ប៉ុន្តែ​នេះ គ្រាន់តែ​ជា​ការវាយតម្លៃ​មួយ​ប៉ុណ្ណោះ ហើយ​ការពិត​គេ​មិន​ទាន់​ដឹង​ថា ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​ឲ្យ​ប្រាកដ​ឡើយ​ ព្រោះ​ថា កូរ៉េខាងជើង​មិនដែល​បង្ហាញ​របាយការណ៍​នៃ​ចំនួន​​ផលិតផល​ក្នុង​ស្រុក​សរុប​ ( GDP) តាំង​ពី​ឆ្នាំ ១៩៦៥ មក​ម្ល៉េះ។ ​បើ​តាម​ការ​វាយ​តម្លៃ​មួយចំនួន​​ផ្សេង​ពី​ប្រភព​ខាង​លើ​ ឲ្យ​ដឹង​ថា ​ ប្រសិន​បើ​ប្រទេស​ទាំងពីរ​រួបរួម​គ្នា​មែន យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ ៥ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល ២០ ឆ្នាំ ព្រោះ ថា ស្ថានភាព​សេដ្ឋកិច្ច​កូរ៉េខាងជើង​គឺ ខ្សោយ​មែនទែន​៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ bloomberg.com