សាលារដ្ឋឈានទៅបំពាក់បច្ចេកវិទ្យាព័ត៌មានស្តង់ដាអប់រំដូចប្រទេសជឿនលឿន
សាលារដ្ឋឈានទៅបំពាក់បច្ចេកវិទ្យាព័ត៌មានស្តង់ដាអប់រំដូចប្រទេសជឿនលឿន
ដោយសារមានការសហការពីក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដែលជាសាលារដ្ឋមួយ បានឈានទៅសាកល្បងថ្នាក់រៀនដែលបំពាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងទំនើប ស្របតាមប្រព័ន្ធសិក្សាអប់រំរបស់សិស្សានុសិស្សនៅតាមប្រទេសជឿនលឿន។
ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លៃនាឱកាសធ្វើជាអធិបតីភាពបើកគម្រោងថ្នាក់រៀនសាកល្បងដោយ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ កាលពីរសៀលម្សិលមិញថា៖ “ការដាក់ឲ្យមានថ្នាក់រៀនសាកល្បងដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅពេលនេះ ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសាធារណៈកូរ៉េ និងកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាពនៃការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអប់រំ។
លោកថា គម្រោងនេះពិតជាមានសារសំខាន់ណាស់។ ជាមួយការបំពាក់បច្ចេកវិទ្យាព័ត៌មាន ដ៏ទំនើប ដែលនេះនឹងជួយចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ និងដើរស្របតាមស្តង់ដាអប់រំដូចនៅតាមបណ្តាប្រទេសជឿនលឿន។
តាម រយៈការគម្រោងថ្នាក់រៀនសាកល្បងដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន វិទ្យាល័យវត្តភ្នំត្រូវបំពាក់បន្ទប់សិក្សាទំនើបចំនួនពីរ រួមមាន កុំព្យូទ័រសម្រាប់គ្រូចំនួន ២ គ្រឿង, កុំព្យូទ័រយូរដៃ (Laptop) សម្រាប់សិស្សចំនួន ៤០ គ្រឿង, Visual Presenters ចំនួន ២, Electronic Interactive Board ចំនួន ២, Electronic Podium ចំនួន ២, Location Tracking System ចំនួន ១ និង Electronic Board System ចំនួន ១ ព្រមទាំងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត សម្រាប់ដំណើរការគម្រោងនិងប្រើប្រាស់ទូទៅ។
លោក ឡៅ ម៉ូលីណា នាយករងវិទ្យាល័យជាស៊ីម សន្ធរម៉ុក បានឲ្យដឹងនាឱកាសនោះដែរថា ការសិក្សាអប់រំដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមសាលារៀន នៅកម្ពុជានៅមានកម្រិត ហើយនៅមិនទាន់អាចប្រកួតប្រជែង និងស្របតាមប្រព័ន្ធសិក្សាសិក្សារបស់សិស្សានុសិស្សនៅតាមប្រទេសជឿន លឿនមួយចំនួននោះទេ។
ស្របទៅនឹងយុគសម័យបច្ចេកវិទ្យាកំពុងតែ មានភាពរីកចម្រើន បច្ចេកវិទ្យាបានក្លាយទៅជាកត្តាចម្បង សម្រាប់ជួយឲ្យសម្រេចបានគោលដៅអប់រំ ដោយសារការសិក្សាត្រូវពឹងផ្អែកលើចំណេះដឹង ឬការយល់ដឹងខ្លះៗខាងផ្នែកបច្ចេកវិទ្យា ដើម្បីធ្វើឲ្យការសិក្សាមានភាពរលូន និងទទួលបានភាពជោគជ័យ។ អ្វីដែលជាកត្តានាំឲ្យមានការផ្សារភ្ជាប់បច្ចេកវិទ្យាទៅនឹង ការសិក្សា គឺការសិក្សាត្រូវពឹងផ្អែកទៅលើការស្រាវជ្រាវ ដែលតម្រូវឲ្យប្រើប្រាស់បច្ចេកវិទ្យារួមមាន បច្ចេកវិទ្យាកុំព្យូទ័រ អ៊ីម៉ែល និង អ៊ីនធើណិត។
លោកឡៅ ម៉ូលីណា បានបន្តថា ការបំពាក់បច្ចេកវិទ្យាព័ត៌មានធ្វើឲ្យសិស្សមានភាពងាយស្រួល ក្នុងការស្រាវជ្រាវ ជាពិសេសចំណាយពេលតិច និងធ្វើឲ្យការសិក្សាមានប្រសិទ្ធភាពខ្ពស់។
លោកថា កន្លងទៅសាលារបស់លោកក៏មានថ្នាក់ IT សម្រាប់បណ្តុះបណ្តាលដល់សិស្សានុសិស្ស ប៉ុន្តែនៅមានកម្រិត។ ជាមួយគ្នានេះ លោកបញ្ជាក់ថា កម្ពុជាកំពុងតែឈានទៅរកទំនើបកម្មក្នុងការអប់រំតាមរយៈការបំពាក់ គ្រឿងបច្ចេកវិទ្យាទំនើបៗជាបណ្តើរនៅសាលាមួយចំនួន។ យ៉ាងនេះក្តី វាត្រូវការពេលវេលាច្រើនទៀត ជាពិសេសក៏ត្រូវការការជួយឧបត្ថម្ភគាំទ្រពីដៃគូពាក់ព័ន្ធនានា ដើម្បីជួយជំរុញនិងអភិវឌ្ឍឲ្យប្រព័ន្ធអប់រំនៅកម្ពុជាកាន់មានភាព ប្រសើរ និងប្រកួតប្រជែងជាមួយប្រទេសជឿនលឿន។
No comments:
Post a Comment