បាក់​ឌុប​ឆ្នាំ​នេះ​ កុំ​សង្ឃឹម​រឿង​បែក​ធ្លាយ​វិញ្ញាសា​ ព្រោះ​​​រដ្ឋមន្ត្រី​អប់រំ​ជា​អ្នក​កាន់​​​​ផ្ទាល់

បាក់​ឌុប​ឆ្នាំ​នេះ​ កុំ​សង្ឃឹម​រឿង​បែក​ធ្លាយ​វិញ្ញាសា​ ព្រោះ​​​រដ្ឋមន្ត្រី​អប់រំ​ជា​អ្នក​កាន់​​​​ផ្ទាល់

ការ​​គ្រប់​គ្រង​វិញ្ញាសា ​​លើ​មុខ​វិជ្ជា​និមួយ​ៗ​ សម្រាប់​ ពេល​ប្រលង​​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយ​ភូមិ ​(បាក់​ឌុប)​ ឆ្នាំ​នេះ​​គឺ​មាន​​​​ការ​​រឹត​បន្តឹង​ជាង​ឆ្នាំ​មុន​​​ៗ​ ខណៈ​រដ្ឋមន្ត្រី​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​​​ គឺ​ជា​​អ្នក​​ទទួល​​បន្ទុក​រៀប​ចំ​​លើ​​មុខ​វិជ្ជា​​មួយ​ចំនួន​។ ក្រៅ​ពី​នោះ​មាន​រដ្ឋលេខាធិការ​ក្រសួង​​​ ថ្នាក់​ដឹក​នាំ​ និង​​​ថ្នាក់​​​ប្រធាន​នាយកដ្ឋាន​​មួយ​រូប​ជា​អ្នក​ទទួល​​ខុស​ត្រូវ​ផ្ទាល់​ ​តែ​ម្តង។ ​​​​
មាន ​ប្រសាសន៍​ ក្នុង​វិធី​ជីវិត​យើង​ សង្គម​​យើង​​របស់​ស្ថានីយវិទ្យុ​ជាតិ​ ​​លោក​​ ហង់​ ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​ថ្លែង​​ថា​ ​ វិធាន​ការ​​ថ្មី​នេះ​ ​ត្រូវ​បាន​​​​​​​ដាក់​ចេញ​​​ ​ដើម្បី​​​ឆ្លើយ​តប​​ចំពោះ​​សាធារណៈ​មតិ​ ដែល​តែង​លើក​​ឡើង​ពី​ការ​​​បែក​ធ្លាយ​វិញ្ញាសា​ ​​​អំឡុង​ពេល​ប្រលង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប)។ “​មុខ​វិជ្ជា​ខ្មែរ​ និង​ប្រវត្តិ​ខ្ញុំ​ជា​អ្នក​ទទួល​បន្ទុក​ ចំណែក​​អង់គ្លេស​ និង​បារាំង​មាន​ម្នាក់​ជា​ទទួល​បន្ទុក​ ដែល​​ខ្ញុំ​ជា​អ្នក​​ត្រួត​ពិនិត្យ​។ ចំណែក​មុខ​វិជ្ជា​ផេ្សង​ទៀត​មាន​ រដ្ឋលេខាធិការ​ ថ្នាក់​ដឹក​នាំ​​ និង​ប្រធាន​នាយកដ្ឋាន​ម្នាក់​ជា​អ្នក​ទទួល​ខុស​ត្រូវ។​ អញ្ចឹង​កាល​មុន​មាន​អ្នក​ធ្វើ​ច្រើន​​នាក់​ អត់​មាន​​អ្នក​ទទួល​ខុស​ត្រូវ​​ទេ​។ ឥឡូវ​មាន​​អ្នក​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់។​ ដូច្នេះ​មិន​អាច​បែក​ធ្លាយ​វិញ្ញាសា​បាន​ឡើយ​”។​
ការ​ប្រលង​សញ្ញាបត្រ ​មធ្យម​សិក្សា​ទុតិយភូមិ​(បាក់​ឌុប) ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៤-៥ ខែ​សីហា ឆ្នាំ​២០១៤​ ខាង​មុន​ ក្នុង​នោះ​មាន បេក្ខជន​ចំនួន​ ៩៣៤៥៦ នាក់​ ចូល​រួម​ប្រលង​ ​ដោយ​​​​​ចែក​​ចេញ​ជា​ ១៥៤ មណ្ឌល​ និង​ ៣៧៧៩ បន្ទប់។​ កាល​ពី​ឆ្នាំ២០១៣​​ ​មាន​បេក្ខជន​ប្រឡង​​ចំនួន​ ១០.៥២៩៧ ​នាក់ ក្នុង​នោះ​ប្រលង​ជាប់​ចំនួន ​៩១៣៧០ នាក់​ស្មើនឹង​៨៦,៧៧​ភាគរយ៕