សមាជិក​ភ្នំពេញ​ក្រោន Adriano ថា កម្ពុជា​ជា​កន្លែង​គួរ​​រស់​នៅ​ហួស​ពី​ការ​រំពឹង​ទុក

សមាជិក​ភ្នំពេញ​ក្រោន Adriano ថា កម្ពុជា​ជា​កន្លែង​គួរ​​រស់​នៅ​ហួស​ពី​ការ​រំពឹង​ទុក

 

កីឡាករ​ឆ្នើម​របស់​ភ្នំពេញ​ក្រោន​ Adriano Pellegrino ពេញ​ចិត្ត​រស់​នៅ​ប្រទេស​កម្ពុជា​លើស​ពី​ការ​ពឹង​ទុក បន្ទាប់​ពី​បាន​មក​ស្នាក់​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង ​ក្រោយ​នេះ ជា​ពិសេស​ក្រោយ​ពេល​ជួយ​ក្លិប​ភ្នំពេញ​ក្រោន​​ឲ្យ​ឈ្នះ​ពាន​បាល់​ទាត់​លីក​ កំពូល​កម្ពុជា។
Adriano ពេល បង្ហាញខ្លួន លើក ដំបូង នៅ ភ្នំពេញ ក្រោន
តាម ​រយៈ​ Facebook របស់​ភ្នំ​ពេញ​ក្រោន​បាន​បង្ហាញ​ថា សមាជិក​ភ្នំពេញ​ក្រោន​ជន​ជាតិ​អូស្ត្រាលី​ Pellegrino ​ពេល​មក​រស់​នៅ​​កម្ពុជា​​ លោក​មិន​បាន​រំពឹង​អ្វី​ពិសេស​នោះ​ទេ ប៉ុន្តែ​ពេល​​លោក​មក​រស់​នៅ​ផ្ទាល់​ទើប​ដឹង​ថា កម្ពុជា​មាន​លក្ខណៈ​ពិសេស​ដែល​លោក​នឹក​ស្មាន​មិន​ដល់។
អតីត​យុវជន​ ជម្រើស​ជាតិ​អូស្ត្រាលី​រូប​នេះ​បាន​រៀប​រាប់​ថា​ ៖«ក្រោយ​​មក​ដល់​​កម្ពុជា​ ទី​នេះ​ជា​កន្លែង​មួយ​​ដែល​មាន​លក្ខណៈ​បើក​ទូលាយ​ ហើយ​​ជីវិត​​បាល់ទាត់​របស់​ខ្ញុំ​ស្មើ​នឹង​ពាក់​កណ្ដាល​ពេល​ខ្ញុំ​នៅ​ប្រទេស ​អូស្ត្រាលី​ទៅ​ហើយ»។
លោក​បន្ត​ថា ៖«កម្ពុជា​ជា​កន្លែង​ចម្រុះ​​ដោយ​ជាតិ​សាសន៍​ មាន​ជន​ជាតិ​អឺរ៉ុប​ និង​លោក​ខាង​លិច​ច្រើន​ មាន​វប្បធម៌​​លោក​ខាង​លិច ទាំង​អាហារ​​ក៏​មាន​បែប​អឺរ៉ុប ហើយ​ជា​កន្លែង​ដែល​​ស្រួល​រស់​នៅ​ អាច​និយាយ​បាន​ថា ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ទី​ក្រុង​បាងកក។ ខ្ញុំ​រំពឹង​ថា ​ប្រាំ​ឆ្នាំ​ទៀត​កម្ពុជា​នឹង​កាន់​តែ​បើក​ទូលាយ​ច្រើន​ជាង​នេះ​ ហើយ​នឹង​រីក​ចម្រើន​ខ្លាំង»។
កីឡាករ​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ អូស្ត្រាលី​រូប​នេះ​ពន្យល់​ថា ៖ «ប្រជាជន​កម្ពុជា​មាន​ភាព​ស្និទ្ធស្នាល​ ​ស្មោះ​ត្រង់​ ចេះ​ជួយ​ទុក្ខ​ធុរៈ និង​រួសរាយ​រាក់​ទាក់​ណាស់»។
បន្ទាប់ ​ពី​បាន​មក​រស់​នៅ​ភ្នំពេញ​បាន​ប៉ុន្មាន​ខែ​ Adriano Pellegrino ​បាន​ប្រៀប​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​នឹង​បាល់ទាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ជា​កន្លែង​ដែល​ធ្លាប់​រស់​នៅ​៩​ខែ។ លោក​ថា ៖«ខ្ញុំ​គិត​ថា បាល់ទាត់​កម្ពុជា​ និង​ម៉ាឡេស៊ី​មិន​សូវ​ខុស​គ្នា​ខ្លាំង​ទេ​ តែ​ស្តង់​ដារ​បាល់ទាត់​នៅ​កម្ពុជា​ កីឡាករ និង​បច្ចេកទេស ផ្លូវ​ចិត្ត និង​ឥរិយាបថ​ល្អ។ ពេល​ខ្ញុំ​មក​ទី​នេះ​ ខ្ញុំ​ឃើញ​កីឡាករ​ម្នាក់​ៗ​មាន​ទេព​កោសល្យ​ខ្ពស់​ដូច​ជា ​កុម្ភៈ បូរី ផេង និង​យ៉ាទី​ជា​ដើម»។
ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​​បន្ថែម​ថា លោក​នឹង​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ឲ្យ​ខាង​តែ​បាន​ ​ដោយសារ​តែ​ភាព​ល្បី​ល្បាញ​នៃ​តំបន់​នោះ​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​មើល​រំលង​ បាន។ លើស​ពី​នេះ​ គេ​ក៏​ចូល​ចិត្ត​ការ​ស្ទូច​ត្រី​កម្សាន្ត​ផង​ដែរ ដូច្នេះ​ទី​នេះ​គឺ​ជា​កន្លែង​សាក​សម​បំផុត ដែល​​គេ​នឹង​ត្រូវ​ធ្វើ​វា។
Pellegrino ទើប​តែ​ចូល​មក​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោន​នៅ​ជើង​ទី​ពីរ​នៃ​ពាន​រង្វាន់​ បាល់ទាត់​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៤។ សម្រាប់​ការ​ប​ង្ហាញ​ខ្លួន​៩​ប្រកួត​ លោក​បាន​ទាត់​ចូល​ទី​បាន​៣​គ្រាប់ និង ​ជួយ​បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​ស៊ុត​ចូល​ទី​ចំនួន​១១​គ្រាប់​ដែល​ចាប់​ពី​ការ​ បង្ហាញ​ខ្លួន​របស់​លោក​មក ក្លិប​ភ្នំពេញ​ក្រោន​មិន​ដែល​ស្គាល់​ពាក្យ​បរាជ័យ​រហូត​ដល់​ឈ្នះ​ពាន​ទើប​ ចាញ់​មួយ​ប្រកួត​កាល​ពី​សប្តាហ៍​មុន៕

Adriano បណ្តើរ​បាល់លើ​ទីលាន

Adriano (អាវ​ក្រហម)​ពេល​ភ្នំពេញ ក្រោន​ឈ្នះ​ត្រាយ​អាស៊ី ២-១ កន្លង​មក