អស្ចារ្យ! យន្ត​ហោះ​អាច​ហោះ​ហើរ​បាន​រហូត​ដោយ​មិន​​ប្រើ​សាំង

អស្ចារ្យ! យន្ត​ហោះ​អាច​ហោះ​ហើរ​បាន​រហូត​ដោយ​មិន​​ប្រើ​សាំង

 

យន្ត​ហោះ​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​អាច​ហោះ​ហើរ​បាន​រហូត​នោះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជោគជ័យ​ហើយ។​
មាន ​ឈ្មោះ​ថា​ Solar Impulse 2 ​យន្ត​ហោះ​នេះ​ផលិត​ពី​សារធាតុ​សរសៃ​កាបូន (carbon fiber) និង​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ដើម្បី​ដំណើរការ​ជាមួយ​នឹង​ម៉ាស៊ីន​អគ្គិសនី ៤ ដោយ​បំពាក់​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដល់​ទៅ ១៧.០០០ បន្ទះ​លើ​ស្លាប​សង​ខាង​ប្រវែង ៧២ ម៉ែត្រ។ ឯ​ទម្ងន់​វិញ​ ២.៣០០ គីឡូក្រាម ប្រហាក់​ប្រហែល​នឹង​ទម្ងន់​រថយន្ត​ដែរ។
Solar Impulse 2 នឹង​ចាប់​ផ្ដើម​បេសកកម្ម​ហោះហើរ​ជុំវិញ​ពិភពលោក​រយៈ​ចម្ងាយ​ ៣៥.០០០ គីឡូម៉ែត្រ ប្រើ​ពេល ៤ ខែ នៅ​ខែ​មីនា ឆ្នាំ​២០១៥ ដោយ​ហោះ​ចេញ​ពី​អារ៉ាប់រួម កាត់​ឥណ្ឌា ភូមា ចិន មហាសមុទ្រ​ប៉ាស៊ីហ្វិក អាមេរិក និង​ទ្វីប​អង់តាក់ទិក។
តួ​របស់​យន្ត​ហោះ​អាច​ធន់​នឹង​ សីតុណ្ហភាព -៤០ អង្សា​សេ និង +៤០ អង្សា​សេ។ ឯ​ផ្ទៃ​ខាង​ក្នុង​ធំ​ល្មម​អាច​ឲ្យ​​ភីឡុត ​និង​អ្នក​​អម​ដំណើរ ​សម្រាក​ ​គេង​ ​និង​ ហាត់​ប្រាណ​បាន។
​​ដោយ​ឡែក​ យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​ដំបូង​គេ​ diurnal solar cycle ហោះហើរ​បាន​ត្រឹម​តែ ២៦ ម៉ោង​ប៉ុណ្ណោះ កាល​ពី​ឆ្នាំ​២០១០។
Solar Impule 2 គឺ​ជា​គ្រោង​យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​របស់​ស្វីស ដឹកនាំ​ដោយ​លោក Bertrand Piccard ពេទ្យ​វិកលចរិត​ និង​អ្នក​ជំនាញ​បាឡុង​ស្វីស និង​លោក André Borschberg ដែល​ជា​អ្នក​ជំនួញ។ Bertrand Piccard គឺ​ជា​អ្នក​បញ្ជា​បាឡុង​ដំបូង​គេ​ជុំវិញ​ពិភពលោក ហោះ​មិន​ឈប់​រយៈពេល ១៩ ថ្ងៃ​កាល​ពី​ឆ្នាំ ១៩៩៩ ៕​
Bertrand Piccard (ឆ្វេង), André Borschberg