ប្រជាពលរដ្ឋ ក្រុងព្រះសីហនុ ស្នើអ្នកនាំពាក្យ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំភ្លឺរឿងលោក ហ៊ុន ភី ចេញប្លង់កម្មសិទ្ធិ ដីចំនួន៣៣ប័ណ្ណ នៅបឹងព្រែកទប់

ប្រជាពលរដ្ឋ ក្រុងព្រះសីហនុ ស្នើអ្នកនាំពាក្យ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បំភ្លឺរឿងលោក ហ៊ុន ភី ចេញប្លង់កម្មសិទ្ធិ ដីចំនួន៣៣ប័ណ្ណ នៅបឹងព្រែកទប់

ព្រះសីហនុ៖ ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសំដែងការ សាទរចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានសំរេច តែងតាំងអ្នកនាំពាក្យ របស់ខ្លួន ក្នុងការដោះស្រាយ រាល់ចំងល់របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ ទន្ទឹមនិងការតែងតាំងនេះប្រជាពលរដ្ឋ ដែលកំពុងរស់នៅ នៅក្រុងព្រះសីហនុទាំងមូលសូមស្នើអោយមន្រ្តី ដែលទទួលខុសត្រូវផ្នែកនេះសូម មេត្តា ធ្វើការបំភ្លឺចំពោះការចេញ ប័ណ្ណកម្មសិទ្ធិដីនៅតំបន់ បឹងព្រែកទប់ដែលចុះហត្ថលេខាទទួលស្គាល់ដោយលោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ ។
ប្រជាពលរដ្ឋទាំងនេះពិតជាមិនអស់ចិត្តទាល់តែសោះ ព្រោះពួកគេសង្ឃឹមលើលិខិតរបស់លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៤ ជម្រាបមក លោកអភិបាលខេត្តព្រះសីហនុ (លោក ស្បោង សារ៉ាត) ស្តីពីករណីការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ ជូន ប្រជាពលរដ្ឋ នៅតំបន់បឹងព្រែកទប់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ អាចរក្សាការពារ ដីបឹងព្រែកទប់បាន ។ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេត្រូវបានប្រែក្លាយ រលាយអស់ទៅវិញដោយសារលោក ហ៊ុន ភី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ បានចុះហត្ថលេខាចេញប័ណ្ណកម្មសិទ្ធិដីអោយអ្នកមានអំណាច និង ឈ្មួញទុច្ចរិត ដែលមិនបានរស់នៅលើដីតំបន់នេះទាល់តែសោះចំនួន៣៣ប័ណ្ណទៅវិញ ។
ប្រជាពលរដ្ឋដែលកំពុងរស់នៅ នៅក្រុងព្រះសីហនុទាំងមូលសូម ស្នើយ៉ាងទទូច អោយមន្រ្តីអ្នកនាំពាក្យទាំងនេះមេត្តាសូមឆ្លើយបំភ្លឺ ចំពោះការចេញប័ណ្ណកម្មសិទ្ធិដីនៅតំបន់បឹងព្រែកទប់ របស់លោក ហ៊ុន ភី នេះ ថាតើ លោក ហ៊ុន ភី ចេញប័ណ្ណអស់ទាំងនេះស្របតាម បំណងលិខិតរបស់លោករដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ដែរឬទេ? ៕