បេក្ខជនប្រឡង ជាប់បាក់ឌុប មានចំនួន ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ
បេក្ខជនប្រឡង ជាប់បាក់ឌុប មានចំនួន ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ
- និទ្ទេស A ១១នាក់, B ២៨០នាក់ភ្នំពេញ៖ បេក្ខជនប្រឡងជាប់បាក់ឌុបនាឆ្នាំ២០១៤ នេះ មានត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ ក្នុងចំណោមបេក្ខជនប្រឡងជិត ៩ម៉ឺននាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) ទូទាំងប្រទេស មានចំនួន ១១នាក់, ( B ) ២៨០នាក់។
ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នេះ បានបង្ហាញតែបញ្ជីឈ្មោះបេក្ខជន ដែលជាប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល តែប៉ុណ្ណោះ ដោយឡែកបណ្តាខេត្តផ្សេងៗទៀត នឹងបង្ហាញនៅ ថ្ងៃទី៣០ ខែសីហា។ តាមលទ្ធផលបង្ហាញជូនដោយក្រសួងអប់រំ បានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ មានបេក្ខជនប្រឡងជាប់ចំនួន ៥.៥៧០នាក់ ក្នុងចំណោមបេក្ខជន ១៧.០៥៦នាក់ រីឯនៅខេត្តកណ្តាលមានបេក្ខជនប្រឡងជាប់ចំនួន ១.៨៤៨នាក់ ក្នុងចំណោមបេក្ខជនសរុប ៩.៩៣០នាក់។
យោងតាមលទ្ធផលរបស់ក្រសួងអប់រំ បានបង្ហាញថា ចំនួនបេក្ខជនជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ មានចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងបណ្តាឆ្នាំ ដែលក្រសួងអប់រំគ្រប់គ្រងដោយលោករដ្ឋមន្រ្តី អ៉ឹម សិទ្ធី។ ធម្យមភាគសម្រាប់អ្នកជាប់បាក់ឌុបនាឆ្នាំនេះ គឺខ្ពស់ខុសពីបណ្តាឆ្នាំកន្លងទៅ ពោលធម្យមភាគ ដែលជាប់គឺចាប់ពី ៧០ ឡើងទៅ ខណៈឆ្នាំមុនៗមានធម្យមភាគទៀបជាងនេះ។
ជាមួយនឹងការប្រកាសលទ្ធផលប្រឡងបាក់ឌុប មានបេក្ខជនខ្លះបង្ហាញនូវសោយសោកសម្រាប់អ្នកដែលធ្លាក់ ហើយបេក្ខជនប្រឡងជាប់ ក៏សប្បាយរហូតស្រក់ទឹកផ្នែកផងដែរ ព្រោះការជាប់របស់ពួកគេសុទ្ធតែកើតចេញពីការ ខិតខំប្រឹងប្រែង និងសមត្ថភាពពិត មិនមែនបើកចាក់ ឬលួចចម្លងដូចឆ្នាំកន្លងទៅនោះទេ។
បេក្ខជនប្រឡងជាប់បាននិទ្ទេស E កញ្ញា សែន ស្រីដេត អាយុ ១៨ឆ្នាំ ថ្លែងទាំងទឹកភ្នែករលីងរលោងថា «ខ្ញុំ សប្បាយចិត្តណាស់បង។ នេះជាសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ។ ក្រុមគ្រួសាររបស់ខ្ញុំគាត់សប្បាយចិត្តខ្លាំងណាស់។ ខ្ញុំនឹងយកសមត្ថភាព ដែលកើតចេញពីការប្រឡង ដ៏តឹងរឹងទៅបម្រើការងារនៅក្នុងសង្គម»។
នៅថ្ងៃបង្ហាញលទ្ធផលប្រឡងនេះ កម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយនៅតាមមណ្ឌលនានា ដើម្បីការពារសុ វត្ថិភាពកុំឲ្យជនខិលខូចមួយចំនួន ដែលប្រឡងធ្លាក់បង្កទៅជាអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ តែទោះជាយ៉ាងអាជ្ញាធរអះអាងថា ថ្ងៃប្រកាសលទ្ធផលនេះ សន្តិសុខ សណ្តាប់ធ្នាប់ មានរបៀបរយល្អប្រសើរ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០១៤ លោក ឡុង ឌីម៉ង់ អ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេញដំណើរប្រកាសលទ្ធផលប្រព្រឹត្តទៅល្អ ពុំមាន បញ្ហាណាមួយកើតឡើងនោះទេ ព្រោះអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីគ្រប់ខណ្ឌត្រួតពិនិត្យនៅតាម មណ្ឌលឲ្យបានដិតដល់។
លោកបញ្ជាក់ថា «យើងបានឲ្យអាជ្ញាធរខណ្ឌ ត្រួតពិនិត្យបញ្ហានេះ ដើម្បីបង្ការរឿងអ្វីមួយដែលកើតឡើងជាយថា ហេតុ។ ប៉ុន្តែរហូតមកដល់ម៉ោងនេះ យើងមិនឃើញមានបញ្ហាអ្វីកើតឡើងនោះទេ»។
លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល បានថ្លែងថា ព័ត៌មាន ដែលលោកទទួលបានគឺគ្រប់យ៉ាងដំណើរការ ទៅល្អ ប៉ុន្តែមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ កើតមានក្នុងស្រុកស្អាងខេត្តកណ្ដាល។
លោកបញ្ជាក់ថា «ជាទូទៅក្មេងៗ គាត់អត់មានសកម្មភាពអីទេ ប៉ុន្តែខ្ញុំលឺព័ត៌មានថា នៅស្រុកស្អាង មានការហែក ក្រដាសលទ្ធផល»។
ទោះបីការប្រឡងបាក់ឌុបនាឆ្នាំ២០១៤នេះ មានបេក្ខជនធ្លាក់ច្រើនយ៉ាងណាក្តី តែប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ផ្តល់ឱកាសឲ្យបេក្ខជនប្រឡងធ្លាក់ទាំងនោះ ប្រឡងជាថ្មីម្តងទៀតផងដែរ ដោយមានផ្តល់នូវការហ្វឹកហ្វឹនបំពាក់ បំប៉នចំណេះដឹងជូនពួកគេដោយឥតគិតថ្លៃថែមទៀតផង មុនដល់កាលបរិច្ឆេទប្រឡងលើកទី២។ ការប្រឡងលើក ទី២ សម្រាប់បេក្ខជនដែលធ្លាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ៕
- បញ្ជីឈ្មោះបេក្ខជនប្រឡងជាប់នៅក្នុងរាជធានីភ្នំពេញ
- បញ្ជីឈ្មោះបេក្ខជនប្រឡងជាប់នៅក្នុងខេត្តកណ្តាល
No comments:
Post a Comment