កីឡដ្ឋាន​ជាតិ​ទាំង​១១ ​ក្នុង​ប្រទេស​អាស៊ាន

កីឡដ្ឋាន​ជាតិ​ទាំង​១១ ​ក្នុង​ប្រទេស​អាស៊ាន

 

ប្រទេស​ជាតិ​ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន (ASEAN) សុទ្ធ​តែ​មាន​កីឡដ្ឋាន​​ជាតិ​រៀងៗ ខ្លួន​សម្រាប់​ប្រកួត​កីឡា​បាល់ទាត់ និង កីឡា​ដទៃ​ទៀត។ ពេល​នេះ Sabay នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​ពី​កីឡដ្ឋាន​ទាំង ១១ របស់​ប្រទេស​តំបន់​​នេះ៖

១) ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក (កម្ពុជា)​
ពហុ​កីឡដ្ឋាន​ជាតិ​ ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ ១៩៦៣ ដោយ​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ នឹង​ ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី ១២ ខែ ធ្នូ ឆ្នាំ ១៩៦៤ ដោយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៥ ម៉ឺន​នាក់។ កីឡដ្ឋាន​ជាតិ​ មួយ​នេះ​សាងសង់​ឡើង​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ឧប​ទ្វីប​ អាស៊ីអាគ្នេយ៍(បច្ចុប្បន្ន​ដូរ​ឈ្មោះ​ជា ស៊ីហ្គេម)​ នៅ​ឆ្នាំ ១៩៦៣ តែ​ក្រោយ​មក​​ត្រូវ​រំសាយ​​វិញ​ ដោយ​សារ​បញ្ហា​នយោបាយ​​នៅ​កម្ពុជា។ សព្វ​ថ្ងៃ​កម្ពុជា​កំពុង​សាងសង់​កីឡដ្ឋាន​ថ្មី​មួយ​ទៀត​ដើម្បី​ត្រៀម​ធ្វើ​ ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣។
ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
២) Sultan Hassal Bolkiah Stadium (ប្រ៊ុយណេ​)
កីឡដ្ឋាន ​មួយ​នេះ​ ចាប់​សាងសង់​កាល​ពី​ខែ សីហា ឆ្នាំ ១៩៨០ និង ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ​​ឆ្នាំ ១៩៨៤ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ  ហើយ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ៣ ម៉ឺន​នាក់។ ការ​ប្រកួត​នៅ​ក្នុង​ទីលាន​វាល​ស្មៅ Sultan Hassal Bolkiah Stadium ដំបូង​គេ​គឺ​​ចំ​ថ្ងៃ​សម្ពោធ​កីឡដ្ឋាន​ផ្ទាល់​តែ​ម្ដង ​កាល​នោះ ជា​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ជាមួយ​ក្រុម Sheffield United របស់​អង់គ្លេស។ សរុប​ជា​លទ្ធផល​ជើង​ទី១  Sheffield United ឈ្នះ​ម្ចាស់​ផ្ទះ ១ – ០ ។  ប្រកួត​ថ្ងៃ​បន្ទាប់​​ស្មើ​ដោយ​​ លទ្ធផល ១ – ១ ។
Sultan Hassal Bolkiah Stadium
៣) National Stadium (ទីម័រខាងកើត)
កីឡដ្ឋាន ​មួយ​នេះ​មាន​ឈ្មោះ National Stadium of East Timorដែល​​ទីតាំង​នៅ​ក្នុង​ក្រុង Dili ដោយ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ៥ ពាន់​នាក់។ កីឡដ្ឋាន​មួយ​នេះ រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ ១៩៨០ មក​ម៉្លេះ​ តែ​ក្រោយ​មក​នៅ​ឆ្នាំ​២០១០ ទើប​មាន​ការ​ពង្រីក​បន្ថែម​ទៀត​សាជា​ថ្មី​ទៀត។  កាល​​ពី​ឆ្នាំ​២០០៥ Dili Stadium ធ្លាប់​រៀបចំ​ទទួល​កីឡាករ ល្បីល្បាញ​លំដាប់​ពិភពលោក Cristiano Ronaldo ពេល​ដែល​គេ​នៅ​ជា​សមាជិក​របស់​ក្រុម Manchester United។
National Stadium of East Timor
៤) Gelora Bung Karno Stadium (ឥណ្ឌូណេស៊ី)
សាងសង់ ដោយ​ស្ថាបត្យកម្ម​ F. Silaban ដោយ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ១៩៦០ ក្នុង​ខ្ទង់​ចំណាយ​ចំនួន  ១២ ៥០០​​ ០០០ USDហើយ អាច​ផ្ទុក​អ្នក​គាំទ្រ​ ៨៨ ​០៨៣ នាក់។
កីឡដ្ឋាន​ទឹកដី​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ នេះ​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​បាល់ទាត់ ​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ។ ក្រៅ​ពី​បាល់ទាត់​គេ​បាន​យក​កីឡដ្ឋាន​ជាតិ​មួយ​នេះ​រៀបចំ​កម្មវិធី​នានា ដូចជា​ ប្រារព្ធ​ពិធី សំខាន់ៗ របស់​ជាតិ, ការ​ជួបជុំ​អ្នក​នយោបាយ, ការ​ប្រឡង​ចូល​សាកល​វិទ្យាល័យ, ​និង ការ​ប្រារព្ធ​ពិធី​សម្រាប់​សាសនា ជា​ដើម។
Gelora Bung Karno Stadium
៥) National Stadium, Bukit Jalil (ម៉ាឡេស៊ី )
ជា ​កីឡដ្ឋាន​ជាតិ​​មួយ​នេះ​ត្រូវ​បាន បញ្ចុះ​បឋមសិលា តាំង​ពី​ ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៩៩២ តែ​ចាប់​ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី១ ខែ មករា ឆ្នាំ ១៩៩៥។ តែ​ក្រោយ​មក​ក៏​មាន​ធ្វើការ​កែប្រែ​សា​​​ជាថ្មី​​នៅ​ថ្ងៃ​ទី ១ ខែ មករា ​ឆ្នាំ​ ១៩៩៦។ នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៩៩៧ ទើប​បាន​សាងសង់​ សា​ជា​ថ្មី​ដើម្បី ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា Commonwealth Game ឆ្នាំ ១៩៩៨។ Bukit Jalil អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ១០ ម៉ឺន​នាក់។
National Stadium, Bukit Jalil
៦) New Laos National Stadium (ឡាវ)
ពហុ​កីឡដ្ឋាន​បាល់ទាត់​ជាតិ​នេះ​ សាងសង់​ឡើង​នៅ​​ដើម​​ឆ្នាំ​២០០៩ ដើម្បី​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ចុង​​ឆ្នាំ​២០០៩។ New Laos National Stadium មាន​ទីតាំង​នៅ​ក្នុង​ក្រុង​វៀងចន្ទន៍ ដោយ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ២ ម៉ឺន ៥ ពាន់​នាក់។ សព្វ​ថ្ងៃ​ឡាវ​ប្រើប្រាស់​កីឡដ្ឋាន​នេះ​​ ជា​ទឹក​ដី​របស់​ក្រុម​ជម្រើស​ជាតិ​ឡាវ និង ការ​ប្រកួត​ផ្សេង​ទៀត។

៧) Thuwunna Stadium (ប្រទេស​មីយ៉ាន់ម៉ា)

Thuwunna សាងសង់​តាំង​ពី​ឆ្នាំ​១៩៨៥ ដោយ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ៣ ម៉ឺន ២ ពាន់​នាក់ តែ​ក្រោយ​មក​ទៀត​​មាន​ការ​សាងសង់​កៅអី​បន្ថែម​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ប្រមាណ​ជា ៥ ម៉ឺន​នាក់។ កីឡដ្ឋាន​នេះ​មាន​ទីតាំង​នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កីឡា។ មាន​ពេល​ខ្លះ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា យក​កីឡដ្ឋាន​នេះ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន​​ទៀត​ផង​ ​ព្រោះ ​​មីយ៉ាន់ម៉ា​ ប្រើ​ស្ដាត​សំខាន់ៗ​ពីរ​សម្រាប់​ជម្រើស​ជាតិ។
Thuwunna Stadium
៨) Jalan Besar Stadium (សិង្ហបុរី)
Jalan Besar បើក​ឱ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៣២ មក​ម៉្លេះ តែ​ក្រោយ​មក​​ចន្លោះ​ឆ្នាំ​១៩៩៩ ដល់ ២០០៣ ទើប​មាន​ការ​ជួស​ជុល កែប្រែ​ឡើង​វិញ​ខ្លះ ដោយ​អាច​ដាក់​អ្នក​ទស្សនា​បាន ៨ ពាន់​នាក់។ សព្វ​ថ្ងៃ​គេ​ប្រើប្រាស់​កីឡដ្ឋាន Jalan Besar ជា​ទីកន្លែង​សម្រាប់​ប្រកួត​លីក​កំពូល​របស់​ប្រទេស (S-League) ជា​ទឹកដី​របស់​ក្រុម​ជម្រើស​ជាតិ​និង​ទឹក​ដី​របស់​ក្រុម​ក្នុង​ស្រុក​មួយ​ចំនួន។ បច្ចុប្បន្ន​នេះ​សិង្ហបុរី​កំពុង​សាងសង់​កីឡដ្ឋាន​ថ្មី​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​ ២០១៥។
Jalan Besar Stadium
៩) Rajamangala Stadium (ប្រទេស​ថៃ)
Rajamangala Stadium មាន​ទីតាំង​នៅ​រាជធានី​បាងកក​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៨ សម្រាប់​ធ្វើ​ជា​កីឡដ្ឋាន​ជាតិ និង ជា​ទឹក​ដី​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ ដោយ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន ប្រមាណ​ជា ៦ ម៉ឺន ៥ ពាន់​នាក់។ គេ​ប្រើ Rajamangala Stadium ជា​ផ្លូវការ​លើក​ដំបូង​ក្នុង​​ការ​ប្រកួត​​កីឡា Asian Games 1998។  ​ការ​រចនា និង សាងសង់ កីឡដ្ឋាន​ជាតិ​មួយ​នេះ​ក្រោម​​គំនិត​របស់​សាកល​វិទ្យាល័យ Chulalongkorn។
Rajamangala Stadium

១០) My Dinh National Stadium (វៀតណាម)​
My Dinh មាន​ទីតាំង​នៅ​ក្រុង​ហាណូយ ដោយ​បាន​បញ្ចុះ​បឋមសិលា​សាងសង់​ឆ្នាំ​២០០២ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០០៣។ ទីលាន​បាល់ទាត់​សម្រាប់​ឈុត​ជម្រើស​ជាតិ​​មួយ​នេះ សាងសង់​ក្នុង​កញ្ចប់​​ទឹកប្រាក់​ប្រមាណ​ជា ៥៣ លាន​ដុល្លារ​អាមេរិក​ដោយ​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​ជាង ៤ ម៉ឺន​នាក់។ វៀតណាម​សាងសង់​កីឡដ្ឋាន​នេះ​ឡើង​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០០៣។
My Dinh National Stadium
១១) Panaad Stadium (ហ្វីលីពីន)
Rizal Memorial Stadium ជា​កីឡដ្ឋាន​សម្រាប់​ទឹកដី​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​របស់​ ហ្វីលីពីន។ កីឡដ្ឋាន​ជាតិ​មួយ​នេះ​​សាងសង់​តាំង​ពី​ឆ្នាំ ១៩៣៤ ដោយ​អាច​ផ្ទុក​អ្នក​ទស្សនា​​ចម្រុះ​បាន ៣ ម៉ឺន​នាក់។ កាល​ពី​ពេល​ថ្មីៗ កន្លង​មក​ ប្រទេស​ហ្វីលីពីន​បាន​សាងសង់​កីឡដ្ឋាន​ថ្មី​មួយ​ទៀត។
Rizal Memorial Stadium
តើ​ប្រិយមិត្ត​ចូលចិត្ត​កីឡដ្ឋាន​ណា​ជាង​គេ?
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖ thebesteleven
Share on Google Plus

No comments:

Post a Comment

© Copyright KIKILU NEWS