អីុ​រ៉​ង់​លែង​ផ្តល់​ប្រាក់​ប្រចាំខែ​ដល់​អ្នកមាន​ដើម្បី​បន្ថយ​បន្ទុក​ថវិកាជាតិ

អីុ​រ៉​ង់​លែង​ផ្តល់​ប្រាក់​ប្រចាំខែ​ដល់​អ្នកមាន​ដើម្បី​បន្ថយ​បន្ទុក​ថវិកាជាតិ

រ៉​យ​ទ័​រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រដ្ឋាភិបាល​អីុ​រ៉​ង់​បាន​កាត់ឈ្មោះ​ក្រុម​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ចេញពី​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ដែល​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពី​រដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​បន្ទុក​ថវិកាជាតិ និង​ធ្វើ​ឱ្យ​មូលនិធិ​របស់​រដ្ឋាភិបាល​កាន់តែ​ឯករាជ្យ ។
បទដ្ឋាន​ថ្មី​នោះ នឹង​ជួយ​ដល់​អីុ​រ៉​ង់​ជា​ប្រទេស​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ប្រេង និង​កំពុង​រង​ផល​ប៉ះពាល់​ពី​ថ្លៃ​ប្រេង​ធ្លាក់​ចុះ​អាច​សន្សំ​ប្រាក់​ក្នុង​មួយ​ខែ​ប្រហែល​៣​លាន​ដុល្លារ ។
ចាត់​ទុក​ថា ជា​បទ​ពិសោធន៍​នៃ​ការ​ឧបត្ថម្ភ​ដល់​ប្រជាជន​របស់​ប្រធានាធិបតី​ហាស់​សាន់ រ៉ូ​ហា​នី ជា​អ្នកនយោបាយ​អព្យាក្រឹត​ដឹកនាំ​ប្រទេស ខណៈ​ពេល​អីុ​រ៉​ង់​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ប្រទេស​មហាអំណាច​ទាំង​៦​នៅ​លើ​ពិភពលោក​ទាក់ទិន​នឹង​គម្រោងការ​នុយ​ក្លេ​អ៊ែ​រ​របស់​អីុ​រ៉​ង់ ដោយ​រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​នៅ​ចុងខែ​មិថុនា ២០១៥ ។ បញ្ហា​សំខាន់​ស្ថិត​នៅ​ត្រង់​ថា អីុរ៉​ង់​នឹង​មិន​អាច​ផលិត​អាវុធ​នុយ​ក្លេ​អ៊ែ​រ​ជា​ថ្នូរ​នឹង​ការ​លុប​ចោរ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទេ ។
បច្ចុប្បន្ន​អីុ​រ៉​ង់​មាន​ប្រជាជន​ចំនួន​៨០​លាន​នាក់ ដែល​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ចែក​ប្រាក់​ដល់​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ម្នាក់​១៥​ដុល្លារ ក្នុង​មួយ​ខែ ចាប់តាំងពី​ឆ្នាំ​២០១០​មក ដើម្បី​ឧបត្ថម្ភ​លើ​ម្ហូបអាហារ និង​ថាមពល ។ កាលពី​ឆ្នាំ​មុន មាន​ពលរដ្ឋ​អីុរ៉​ង់​ប្រហែល​៤​លាន​នាក់ ស្ម័គ្រចិត្ត​លះបង់​សិទ្ធិ​ទទួល​ការ​ចែក​ប្រាក់​ពី​រដ្ឋ ។ គម្រោងការ​ចែក​ប្រាក់​នេះ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ជំនាន់​អតីត​លោក​ប្រធានាធិបតី​ម៉ា​មូ​ត អា​ម៉ា​ឌី​នេ​ចាត់ ហើយ​ក្រោយមក​រង​ការ​វាយប្រហារ ធ្ងន់​ៗ​ពី​ករណី​បែងចែក​ប្រាក់​ជាង​៩០% ដែល​បាន​ពី​ការ​កាត់​បន្ថយ​លើ​ការ​ឧបត្ថម្ភ​ដល់​យោធា និង​ថាមពល ទៅ​ប្រើប្រាស់​សម្រាប់​បរិច្ចាគ​ប្រចាំខែ​ដល់​ពលរដ្ឋ ។
លោក អា​លី រ៉ា​បៃ​អីុ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ថា ពលរដ្ឋ​អីុរ៉​ង់​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​ប្រហែល​២០០.០០០​នាក់ រួម​ទាំង​ជនជាតិ​អីុ​រ៉​ង់​ស្នាក់​នៅ​ឯ​បរទេស​ត្រូវ​អាជ្ញាធរ​កាត់ឈ្មោះ​ចេញពី​បញ្ជី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ៕