ស្វ៊ីសជាប់ចំណាត់ថ្នាក់ជាប្រទេសដែលពលរដ្ឋមានក្តីសុខជាងគេប្រទេសកម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី145ប្រចាំឆ្នាំ2015
ស្វ៊ីសជាប់ចំណាត់ថ្នាក់ជាប្រទេសដែលពលរដ្ឋមានក្តីសុខជាងគេប្រទេសកម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី145ប្រចាំឆ្នាំ2015
ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ០៩:១៨
AFP ផ្សាយកាលពីពេល ថ្មីៗនេះថា អង្គការសហប្រជាជាតិ និងអង្គការទ្រទ្រង់ការអភិវឌ្ឍន៍ បានផ្សព្វផ្សាយពីភាពសុខសាន្តរបស់ពលរដ្ឋនៅទូទាំងពិភពលោកប្រចាំឆ្នាំ២០១៥ តាមរយៈការប៉ាន់ប្រមាណនៅក្នុងចំណោម១៥៨ប្រទេសលើពិភពលោក ។ ១០ចំណាត់ថ្នាក់ដំបូងបានទៅលើប្រទេសស្វ៊ីស អីុស្លង់ ដាណឺម៉ាក ន័រវែស កាណាដា ហ្វាំងឡង់ ហូឡង់ ស៊ុយអែត នូវែលសេឡង់ និងអូស្ត្រាលី ។ ចំណែកប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ និងអង់គ្លេស ស្ថិតនៅលំដាប់ទី២១ ដោយប្រទេសទាំង២ស្ថិតនៅក្រោមចំណាត់ថ្នាក់របស់ប្រទេសអីុស្រាអែល និងម៉ិកស៊ិក ។
រីឯប្រទេសក្នុងតំបន់អាស៊ី គឺសិង្ហបុរី ស្ថិតនៅលំដាប់ទី២៤នៅលើពិភពលោក ខណៈពេលថៃស្ថិតនៅលំដាប់ទី៣៤ រុស្ស៊ីស្ថិតនៅទី៦៤ ចិននៅលំដាប់ទី៨៤ និងអីុរ៉ាក់នៅលំដាប់ទី១១២ ។ ចំណែក១០ចំណាត់ថ្នាក់ចុងក្រោយមានប្រទេសឆាដ ហ្គីណេ កូដឌីវ័រ បួគីណាហ្វាសូ អាហ្វហ្គានីស្ថាន រវ៉ាន់ដា បេនីន ស៊ីរី ប៊ូរុនឌី និងតូហ្គោ ។
ចំពោះប្រទេសនៅក្នុងអាស៊ាន គឺម៉ាឡេស៊ី ស្ថិតនៅលំដាប់ទី៦១ ឥណ្ឌូណេស៊ីទី៧៤ វៀតណាមទី៧៥ ហ្វ៊ីលីពីន ស្ថិតក្នុងលំដាប់ទី៩០ ឡាវទី៩៩ មីយ៉ាន់ម៉ា ស្ថិតនៅចំណាត់ថ្នាក់ទី១២៩ កម្ពុជាស្ថិតនៅលំដាប់ទី១៤៥ ចំណែកប្រទេសព្រុយណេ មិនបានបង្ហាញក្នុងរបាយការណ៍នោះទេ ។
របាយការណ៍នោះរៀបចំឡើងជាលើកទី៣បន្តពីឆ្នាំ២០១២និង២០១៣ ដោយវាយតម្លៃតាមរយៈតួលេខផលទុនជាតិ (GDP) ការមានអាយុវែងប្រកបដោយសេចក្តីសុខ ការគ្មានអំពើពុករលួយ និងជោគជ័យនៅក្នុងសង្គម ។ របាយការណ៍បញ្ជាក់ថា សេចក្តីសុខរបស់ប្រជាជនផ្សំឡើងពីកត្តាជាច្រើនយ៉ាងរួមគ្នា មិនមែនត្រឹមតែតួលេខផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺរួមទាំងភាពយុត្តិធម៌ ភាពស្មោះត្រង់ និងការមានទំនុកចិត្ត ៕
No comments:
Post a Comment