ឆ្នាំនេះ ទុរេនកំពតក្រដល់ និងឆាប់អស់
Date: 2:09 AMកំពតជាខេត្តល្បីឈ្មោះខាងដំណាំទុរេន ជាយូរឆ្នាំមកហើយ ខណៈទុរេនកំពតចាប់ផ្ដើមបង្ហាញវត្តមានលើទីផ្សារ កាលពីដើមខែនេះ ហើយត្រៀមអស់ទៅវិញនៅចុងខែនេះ។
អ្នកស្រី ហឿន ជាអ្នកលក់ទុរេននៅតាមផ្លូវទៅទឹកឈូ ខាងជើងស្ពានស្នំប្រាំពីរប្រមាណ ១៥០ម៉ែត្រ បានប្រាប់ Sabay ថា វាមានពូជច្រើនប្រភេទណាស់ គឺប្រហែលជា ២០ប្រភេទឯណោះ។ តែសព្វថ្ងៃនេះទុរេនដែលគេពេញនិយមពិសាមានតែពីរប្រភេទទេ គឺពូជមុនថង និងអូវខាក។
អ្នកស្រី បានបន្ថែមថា ពូជមុនថងមានរសជាតិផ្អែមខ្លាំង និងល្មួត រីឯពូជអូវខាកផ្អែមល្មម តែវាសុទ្ធតែមានរសជាតិឆ្ងាញ់ពិសាដូចគ្នា។ ស្ត្រីចំណាស់រូបនេះ បានប្រាប់ទៀតថា រដូវទុរេន ឆ្នាំនេះ មកដល់ហើយ ហើយវានឹងអស់ទៅវិញប្រហែលចុងខែ ៦នេះ។ ចំពោះតម្លៃទុរេន បានចុះថ្លៃជាងមុន ដោយពូជមុនថង ថ្លៃ ២០ ០០០៛ ក្នុង១គីឡូក្រាម ពូជអូវខាកថ្លៃ១៨ ០០០។
ដូចគ្នាដែរអ្នកស្រី មិនា កំពុងតែដាក់លក់ទុរេននៅតាមផ្លូវទៅទឹកឈូដែរ ដែលគាត់មើលការខុសត្រូវដាក់ជីថែទាំជារៀងរាល់ថ្ងៃខ្ទង់ ១០០ដើម បានប្រាប់ថា ផ្លែទុរេន ដែលគាត់លក់ជាទុរេន កំពត បើទោះបីជាវាមានឈ្មោះជាភាសាថៃក៏ដោយ ដែលពូជ ទុរេន នាំមកពីប្រទេសថៃហើយត្រូវបានគេដាំលើទឹកដីកំពតអស់ពេលជាយូរឆ្នាំមកហើយមកទល់នឹងបច្ចុប្បន្ន។
ទុរេនដែលគាត់លក់មាន ៣ប្រភេទគឺពូជមុនថង អូវខាក ណងកិត (១២ ០០០៛)។ អ្នកស្រីលើកឡើងថា ឆ្នាំនេះ ទុរេនក្រដល់ជាងឆ្នាំមុនៗ ក៏ដោយសារតែពុំមានភ្លៀងធ្លាក់ ធ្វើឲ្យផ្លែយឺតយ៉ាវ និងទុរេនមួយចំនួនបានងាប់ដោយសារគ្មានទឹកស្រោចស្រព។
អ្នកស្រីថា ឆ្នាំមុនទុរេន ផ្លែបណ្ដាក់គ្នាតាំងពីខែមិនា-មេសា ចំពោះឆ្នាំនេះ វាចេញផ្កាផ្លែស្រុះគ្នា និងអស់ទៅវិញឆាប់ៗនេះវិញដែរ។ ឯ ទុរេន របស់គាត់វិញទើបតែដល់ប្រហែល ១សប្តាហ៍ប៉ុណ្ណោះ។ អ្នកស្រីបានពន្យល់ពីដំណាំ ទុរេននេះថា វាត្រូវការការថែទាំឲ្យបានដិតដល់ទាំងទឹក និងជី។ បើដាក់ជីស្ទើរក៏វាមិនផ្លែ ហើយវាឆាប់ផ្កាផ្លែលុះត្រាតែនៅដើមរដូវសម្បូរទឹកភ្លៀង ឬមានទឹកគ្រប់៕