ព័ត៌មានពិសេស

ជំនួប​​ថ្នាក់ដឹក​នាំ​បក្ស​​ទាំង​២ ប​ក្ស​ប្រជាជន​​កម្ពុជា ​និង​ស​ង្គ្រោះ​​ជាតិ​ឯក​ភាព​ដោះ​​ស្រាយ​​បញ្ចប់​ប​ញ្ហា​ន​យោបាយ

ដោយ ៖ផ្កាយព្រឹក
ថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ០៧:៤០

រាជធានី​ភ្នំពេញ​​​​ ៖​​​ ​​ទី​បំផុត​ ថ្នាក់ដឹកនាំ​កំពូល​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា ​និង​​គណ​បក្ស​សង្គ្រោះ​ជាតិ ​បាន​សម្រេច​ជួប​ពិភាក្សា​គ្នា​ដោយ​ផ​្ទាល់មាត់​ដើម្បី​ដោះស្រាយ​​វិបត្តិ​​ នយោ​បាយ​​ដែល​កំពុង​ជាប់​គាំង​ចាប់តាំងពី​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​ តំណាងរាស្ត្រ​នីតិកាល​ទី​៥ មក​គឺ​​ជិត​គម្រប់​ខួប​មួយ​ឆ្នាំ​ ហើយ​​​ដែល​​សល់​ពេល​​មិន​បាន​មួ​យ​ស​ប្តា​ហ៍​ទៀត​​ផង​​​​នោះ​ ។
​ការ​​សម្រេច​ជួប​​​ពិភាក្សា​​​​គ្នា​​​រ​វាង​​​​ ថ្នាក់ដឹកនាំ​គណ​បក្ស​ជាប់​ឆ្នោត​​ទាំង​ពីរ​នេះ ​ធ្វើ​ឡើង​ដោយ​មាន​​សេចក្តី​ប្រកាស​ព័ត៌​​មាន​រួម​គ្នា​​មួយកាល​​ពី​យប់​ ថ្ងៃ​ទី​២០​ ក​ក្ក​ដា ​ ​ដែល​​សេចក្តី​ប្រកាស​រួម​នោះ​​​បោះ​ត្រា​​​គណបក្ស​ប្រជាជន​កម្ពុជា​និង​​គណ ​បក្ស​​សង្គ្រោះ​ជាតិ ​។​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​​មាន​​រួម​គ្នា​បាន​លើក​ឡើង​ថា​ ក្នុង​ស្មារតី​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ និង​ឯកភាព​ជាតិ​ ដោយ​​ឈរ​លើ​គោលការណ៍​ផលប្រយោជន៍​​​ដ៏​ឧត្តុ​ង្គ​​ឧត្តម​របស់​ប្រទេស​ជាតិ ​និង​ប្រជា​រាស្ត្រ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ឯកភាព​គ្នា​ដោះស្រាយ​បញ្ចប់​នយោ​បាយ​នៅ​​កម្ពុជា​ ។​
​សេចក្តី​ប្រកាស​រួម​បញ្ជក់​ថា​«​គណបក្ស​ប្រជា​ជន​​ កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឯក​ភាព​​គ្នា​ដោះស្រាយ​បញ្ចប់​​វិបត្តិ​​នយោបាយ​​ដែល​កើត​មាន​​ក្រោយ​ ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​​រាស្ត្រ​ នីតិ​កាល​ទី​៥​ នៃ​រដ្ឋសភា​នា​ថ្ងៃ​ទី​២៨ ​ក​ក្ក​ដា​ ឆ្នាំ​២០១៣​ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​រវាង​​សម្តេច​​ តេជោ​នាយក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន​ សែន​ និង​​លោក​ សម រ​ង្ស៊ី​​ កាលពី​ថ្ងៃ​ទី​៩ ខែមេសា​ ឆ្នាំ​២០១៤​ ។ ក្នុង​​នាម​ស្មារតី​ខាងលើ​នេះ​ ​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ឲ្យ​មាន​ជំនួប​កំពូល​រវាង​ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង​​ពីរ ​ដែល​​​ប្រ​ព្រឹ​ត្ត​ទៅ​​នៅ​ថ្ងៃ​ទី​​២២ ​ខែ​ក​ក្ក​ដា ​​ឆ្នាំ​​​២០១៤ វេលា​ម៉ោង៩ព្រឹក​ នៅ​វិមាន​ព្រឹទ្ធ​សភា​ ដើម្បី​ពិភាក្សា​លម្អិត​រក​ដំណោះ​ស្រាយ​​នយោ​បាយ​រួម​ឈាន​ទៅ​បញ្ចប់​សភា​ ពការណ៍​​តានតឹង​ប​ច្ចុប្ប​ន្ន ​។
​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យ៉ែ​ម​ បុញ្ញ​ឫទ្ធិ​ ​បាន​ឲ្យ​កោះសន្តិភាព​ដឹង តាម​​​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២១ ​ក​ក្ក​ដា​ ថា គណ​​បក្ស​​​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​គោល​ជំហរ ដោះ​ស្រាយ​​បញ្ហា​​នយោបាយ​ដោយ​សន្តិវិធី​ដូច​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​ធ្វើ​កន្លង​មក ​គឺ​មិន​ដូច​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​នោះ​​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី ​មន្ត្រី​អ្នក​នាំពាក្យ​រូប​នេះ​មិន​​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​សមាសភាព​ដែល​ ចូលរួម​ពិភាក្សា​នៅ​ថ្ងៃ​ទី​២២​ ក​ក្កដា​ ​នោះ​​ទេ​ គ្រាន់តែ​ថា ​មាន​ដូច​អ្វី​ដែល​គណ​បក្ស​ទាំង​ពីរ​​​បាន​ប្រកាស​រួម​កាលពី​យប់​ថ្ងៃ​ទី​២០ ​ ក​ក្ក​ដា​ ។
​ចំពោះ​​សំណួរ​​​​ថា​​ តើ​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​​គណ​បក្ស​​សង្គ្រោះ​ជាតិ ​​​នឹង​លើកយក​​ប្រធានបទ​អ្វីខ្លះ​សម្រាប់​​ដាក់​​លើ​តុ​​ពិភាក្សា​គ្នា​នៅ​ ថ្ងៃ​ទី​២២​ ក​ក្ក​ដា​នេះ​​ ? ហើយ​សមាសភាព​ដែលចូល​​រួម​ពិភាក្សា​មាន​​ចំនួន​ប៉ុន្មាន​នាក់​ដែរ​ ? លោក ​យ៉ែ​ម ​បុញ្ញ​ឫ​ទ្ធិ​ ថ្លែង​​​ថា ​យើង​មិន​ទាន់​ដឹង​ពី​សមាស​ភាព​ និង​​​ប្រធានបទ​ដែល​នឹង​​ត្រូវ​​លើក​ឡើង​ក្នុង​កិច្ច​​ពិភាក្សា​​នោះ​​ទេ​ ​។ ​​ចំពោះ​​សំណួរ​ថា ​តើ​ការ​​​ពិភាក្សា​​គ្នា​នោះ​នឹង​មានការ​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​​ តំណាងរាស្ត្រ ​និង​សកម្មជន​ទាំង​​៨​រូប​ដែល​​កំពុង​ជាប់​ឃុំខ្លួន​នៅ​​​​ពន្ធ​នាគារ​​ព្រៃ ​ស​ទៅ​គណ​បក្ស​​ប្រជាជន​កម្ពុជា​ទេ ?
​លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា ខ្ញុំ​មិន​ទាន់​ដឹង​ពី​ព័ត៌​មាន​ទាំង​នោះ​ទេ​ ព្រោះថា​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នក​ជជែក​​ពិភាក្សា ​។ ​​ទោះ​ជា​យ៉ាងណា​ក្តី ​លោក​ យ៉ែ​ម​​ បុញ្ញ​ឫ​ទ្ធិ ​បាន​បញ្ជាក់ថា ​អ្វី​ដែល​សំខាន់​សម្រាប់​​ការ​លើក​​​ឡើង​ក្នុង​​ការ​ពិភាក្សា​​​គ្នា​ជាមួយ ​គណបក្ស​ប្រជា​ជន​​នោះ​ គឺ​ពិភាក្សា​លម្អិត​រក​ដំណោះស្រាយ​ និង​បញ្ចប់​​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​២៨​ ​ក​ក្ក​ដា ២០១៣​ ។​ មន្ត្រី​អ្នកនាំពាក្យ​រូប​​នេះ​ក៏​មាន​សង្ឃឹម​ថា​​ ​ជំនួប​ពិភាក្សា​​​រវាង​គណ​បក្ស​​ទាំង​ពីរ​នឹង​ទទួល​​បាន​លទ្ធផល​ល្អ ​និង​​អាច​​បញ្ចប់​​វិបត្តិ​​នយោ​បាយ​​នៅ​កម្ពុជា​បាន​ឆាប់​ ។
​ចំណែក​​លោ​ក ​កឹ​ម​ សុខា ​បាន​បង្ហើប​ឲ្យ​ដឹង​តាម​គេហទ​ំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​​របស់​លោក​​មុន​មាន ​​ជំនួប​​ពិភាក្សា​​​​​ថ្ងៃ​ទី​២២ ​ក​ក្ក​ដា ​ដោយ​លើក​យក​​រូប​មន្ត​​ថ្មី​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោ​បាយ​​ដែល​គណ​ បក្ស​សង្គ្រោះ​ជាតិ​ចង់​ដាក់​លើ​តុ​​​​​​គឺ​​សមាស​ភាពគណៈ​​កម្ម​ការ​ជាតិ​ រៀប​ចំ​ការ​បោះ​ឆ្នោត​(​​គ.ជ​.ប) ៩​រូប​ ត្រូវ​មក​ពី​គណបក្ស​នយោ​បាយ​​ជាប់​ឆ្នោត​ទាំង​ពីរ​​​ម្ខាង​​​៣រូប​ និង​សង្គម​ស៊ី​វិល​​​៣​រូប​​គឺ​​តាម​​រូបមន្ត​៣-៣-៣​ ។ ​​​គេ​ហទំព័រ​ហ្វេ​ស​ប៊ុ​ក​​​​របស់​លោក​ កឹ​ម​ សុខា ​​​បាន​​សរសេរ​​ថា «​​រូបមន្ត​ថ្មី​ក្នុង​ការ​ដោះ​ស្រាយ​​វិបត្តិ​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ ជាតិ​ចង់​ដាក់លើ​​តុ​ពិភាក្សា​​​​គឺ​ក្នុង​ចំណោម​សមាសភាព គ.ជ​.ប​ ៩​រូប​ យ៉ាង​ហោច​បំផុត​យើង​ស្នើ​ឲ្យ​មាន​សង្គម​​ស៊ី​វិល​៣​រូប​ គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​៣​​រូប​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​៣​រូប​»​ ​។
ជាមួយនឹង​ការ​លើក​ឡើង​នូវ​​រូបមន្ត​ថ្មី​នេះ លោក​ កឹ​ម​ សុខា​ បញ្ជាក់​ថា ​«​ដើម្បី​បញ្ចប់​វប្ប​ធម៌​​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ ខ្ញុំ​យល់​ថា​ ឈប់​គុំ​កួន​គ្នា​កុំ​យក​ខ្មែរ​ណា​ជា​ស​ត្រូវ​​!​ ប៉ុន្តែ​អ្នកមាន​អំណាច​​ច្រើន​សូមកុំ​បង្កើន​ការ​ឈឺចាប់​ដល់​អ្នកមាន​អំណាច​ តិច​ ។​ សូម​ចាប់​ផ្ដើម​​បន្ថយ​ការ​ឈឺចាប់​​ កុំ​អាង​​ខ្លួន​មាន​អំណាច មាន​​កាំភ្លើង មាន​តុលាការ ចាប់​អ្នក​ណា​ដាក់គុក​ក៏​​បាន​ស្រេច​តែ​ចិត្ត ​។​ ដូច្នេះ​ សូម​ចាប់ផ្ដើម​ធ្វើ​អំពើ​​ល្អ​ កុំ​បង្កើន​ការ​ឈឺចាប់​ឲ្យ​អ្នក​ដទៃ​» ​​។
គួ​​រ​រំឭក​​​ថា ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណ​បក្ស​​ទាំង​ពីរ បាន​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​នៅ​វិមាន​​រ​ដ្ឋសភា ​កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៣ ​កន្លង​មក​ ​​និង​បានចេញ​​សេចក្តី​​ប្រ​​កាស​រួម​មួយ​​ហើយ​​នៅ​ថ្ងៃ​ទី​១៧​​​កញ្ញា​ ឆ្នាំ​ដ​ដែល​​​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពី​ក៏​បន្ត​ពិភាក្សា​គ្នា​​​​ទៀត ប៉ុន្តែ​មិន​បាន​ចេញ​សេចក្តី​ប្រកាស​រួម​​​ទេ ​។ ​បញ្ហា​​នោះ​​បាន​ធ្វើ​ឱ្យនយោបាយ​នៅ​កម្ពុជា​​​បន្ត​ជាប់​គាំង​​ តែ​ទោះ​​​ជា​​យ៉ាងណា​ក្តី ​រាជរដ្ឋាភិបាល​ដែល​​​កំពុង​​​​ដឹកនាំ​រដ្ឋាភិបាល​ និង​រដ្ឋសភា​នៅ​​តែ​ដំណើរការ​ជា​​ធម្មតា​ ចំណែក​គណបក្ស​សង្គ្រោះ​​ជាតិ​ប្រកាន់​ជំហរ​មិន​ចូលរួម​ប្រជុំ​សភា​ជាមួយ​ គណបក្ស​ប្រជា​ជន​កម្ពុជា​រហូតមក​ ។​ ប៉ុន្តែ​​មក​​ដល់​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​​​២០១៤ សម្តេចតេ​ជោ​​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​​លោក​ សម​ រ​ង្ស៊ី ប្រធាន​គណបកស​ង្គ្រោះ​ជាតិ​ បាន​ធ្វើ​កិច្ច​សន្ទនា​គ្នា​​តាម​រយៈ​ទូរស័ព្ទ​រយៈពេល​ជាង​៤០​នាទី ដោយ​​ផ្តោត​ទៅ​លើ​ ៖
​១-ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​​សម្រាប់​​ការ​បោះ​ ឆ្នោតជាតិ​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ។ ២​- កំណែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ​.​ជ​.​ប​) ​និង​ការ​កែទម្រង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ប៉ុន្តែ​លោក​ សម​ រ​ង្ស៊ី​ បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​លោក​ កឹ​ម​ សុខា​ ដែល​ជា​អនុប្រធាន​គណបក្ស​សិន​ ។​ ស្រប​ពេល​នោះ​ដែរ​សម្តេចតេជោ​ ហ៊ុន​ សែន​ ជឿជាក់​ថា ​បញ្ហា​នយោ​​បាយ​នឹង​​បាន​បញ្ចប់​មុន​ថ្ងៃ​ចូល​ឆ្នាំខ្មែរ ​។ ​​​ក្រោយ​ពី​ពិភាក្សា​គ្នា​រួច ​លោក ​សម​ រ​ង្ស៊ី បាន​​ធ្វើ​ស​ន្នី​សី​ទ​សារ​ព័ត៌​មានមួយ​​ដោយ​ប្រកាស​​ថា ​លោក​​ពិតជា​បាន​សន្ទនា​​ជាមួយ​សម្តេច​តេជោ​ ហ៊ុន ​សែន​​ ប្រាកដ​​មែន​ និង​លើក​ឡើង​ថា​លទ្ធ​ផល​ដែល​លោក​ជជែក​ជាមួយ​សម្តេច នាយក​រដ្ឋមន្ត្រី​ទទួល​​បាន​លទ្ធផល​ប្រមាណ​៨០%​ គឺ​សល់​តែ​ប្រមាណ​​២០%​​​ប៉ុណ្ណោះ​ ។​ ​​​ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ ​សម​ រ​ង្ស៊ី​ ប្រកាន់​ជំហ​រ​ថា​មិន​ទាន់​ឯកភាព​​​ជា​ផ្លូវ​ការ​​​នៅ​ឡើ​យទេ ដោយ​លោក​ថា​ ត្រូវ​តែ​មាន​ការ​ពិ​ភា​ក្ស​ជាមួយ​លោក​ កឹ​ម ​សុខា​ ព្រោះ​រូប​​​​លោក​ និង​លោក ​កឹ​ម ​សុខា ​​ជា​មនុស្ស​តែ​មួយ​​​​ រាល់​កិច្ចការ​និង​ចុះ​ហត្ថ​លេខា​អ្វីមួយ ​ត្រូវ​​​មាន​វត្ត​មាន​វត្ត​ទាំង​ពីរ​នាក់​​​ ។ ​​​​​
ពេល​នោះ​លោក កឹម សុខា​​ ស្ថិត​នៅ​​​​សហ​រដ្ឋ​អាមេរិក​ ។ កាលពី​ថ្ងៃ​ទី​១២ ​មិថុនា​ ឆ្នាំ​​២០១៤ ក្រុម​ការ​ងារ​​ចរចា​គណ​បក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​សមាសភាព​ម្ខាង​៣​រូប​​ ដឹកនាំ​ដោយ​​លោក ​ព្រុំ​ សុខា​ និង​លោក​គួ​យ​ប៊ុ​ន​រឿ​ន​ បាន​​ជួប​ប្រជុំ​ចរចា​លើក​ចុង​ក្រោយ​នៅ​​វិមាន​ព្រឹទ្ធសភា​ ដើម្បី​ជជែក​លើ​សេចក្តី​ព្រាង​លម្អិត​​ទាក់ទង​នឹង​កំណែទ​​ម្រង់​ការ​បោះ​ ឆ្នោត ​គឺ​ការ​ដាក់​ស្ថាប័ន​ គ.ជ​.ប​ ក្នុង​រដ្ឋធម្មនុញ្ញ​ ព្រមទាំង​ពិភាក្សា​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​និង​វិទ្យុ​ដល់​គណ​ បក្ស​ប្រឆាំង​ ។ ​ប៉ុន្តែ​ក្រុម​ចរចា​ទាំង​ពីរ​បាន​ខ្វែងគំនិត​គ្នា​លើ​កំណែទម្រង់​ការ​បោះ​ ឆ្នោត ​នៅ​ត្រង់​នីតិវិធី​ជ្រើស​រើស​​សមាជិក​ គ​.​ជ​.​ប​ ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​ ចង់បាន​ការ​ជ្រើសរើស​សមាជិក ​គ.ជ.​ប ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ​ឬ​៥០%​បូក ១​​នៃ​ចំនួន​សមាជិក​រដ្ឋសភា​សរុប​១២៣​រូប ​។ រីឯ​​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​តាម​​សំឡេង​​២ ភាគ​​៣នៃ​សមាជិក​រដ្ឋ​សភា​​​ទាំង​មូល ​។
​​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិករដ្ឋ​​សភា​នីតិកាល​ ទី​៥​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ ​ មក​ដល់​​ពេល​នេះ​​មាន​រយៈ​ពេល​​ជិត​មួយ​ឆ្នាំ​ហើយ ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​អាសនៈ​ចំនួន​៦៨​​ និង​គណបក្ស​សង្គ្រោះ​​ជាតិ​ទទួល​​បាន​៥៥​អាសនៈ​ ​។ ​ប៉ុន្តែ​លទ្ធ​ផល​​នេះ​​ធ្វើ​​ឱ្យ​​​គណបក្ស​សង្គ្រោះ​​ជាតិ​​​​មិន​ព្រម​​ ចូល​ប្រជុំ​សភា​ដោយ​ធ្វើ​ពហិការ​រហូត​មក​ដល់​ពេល​​នេះ ​​ក្រោម​​ការលើក​​​ហេតុ​ផល​​​ជុំ​វិញ​លទ្ធ​ផល​​នៃការ​បោះ​ឆ្នោត​​​នោះ ។
ការ ​ជួប​​ពិភាក្សា​រវាង​​ថ្នាក់​ដឹក​នាំ​​គណ​បក្ស​ទាំង​​២​ នៅ​ថ្ងៃនេះ(២២ កក្កដា ) បាន​កើត​ឡើង​ភ្លាម​ៗ​​​ខណៈ​​​​ស្ថាន​ការ​ណ៍​នយោបាយ​​បាន​ឡើង​កម្ដៅ​​​​ក្រោយ ​ពេល​​​​មានការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​គណ​បក្ស​ សង្គ្រោះជាតិ​​និង​សកម្ម​ជន​គណ​បក្ស​នេះ​​ បន្ទាប់​​ពីមាន​ការ​ប៉ះ​ទង្គិច​​គ្នា​ដោយ​ហិង្សា​​មួយ​​​​នៅ​​ក្បែរ​​ទីលាន​ ​ប្រជា​ធិប​តេយ្យ​​​កាល​ពី​ថ្ងៃទី​​១៥ កក្កដា​ ​ ។ ក្នុង​ហេតុ​ការណ៍​នេះ​​ធ្វើ​ឱ្យ​​​មាន​អ្នក​រង​របួស​ធ្ងន់ស្រា​ល​​​ប្រមាណ​ ជាង​​៥០​នាក់​​​ ​​ក្នុង​នោះ​ក្រុមសន្ដិសុខ​​​ខណ្ឌ​ដូន​ពេញ​​​​​​៣៨​នាក់​​​រង​របួស​ធ្ងន់​ និង​​ស្រាល ​ក្នុង​ការ​ប៉ះ​ទង្គិច​​​គ្នា​ជាមួយ​ក្រុម​​​អ្នកគាំទ្រ​​គណ​បក្ស​ស​ ង្គ្រោះជាតិ​​​ដែល​បាន​ទាម​ទារ​​​ឱ្យ​មានការ​​បើក​ទីលាន​ប្រជា​ធិបតេយ្យ​​ ឡើង​​វិញ​ដឹក​​នាំដោ​យ​​លោកស្រី​មូរ​ សុខ​ហួរ ​និង​តំណាង​រាស្ត្រ​​​​មួយ​ចំនួន​ទៀត​ ។​
អ្នក​​វិភាគ​និយាយថា​​​ ជំនួប​​រវាង​សម្ដេច​តេជោ​​​ ហ៊ុន សែន ​និង​លោក សម​ រង្សុី​ ដើម្បី​ដោះ​​​ស្រាយ​​​បញ្ហា​នយោ​បាយ​​​រួម ​បើ​មាន​​លទ្ធ​ផល​ល្អ​ដែល​​អាច​ទទួល​​​យក​បាន​ទាំង​សង​ខាង​​នោះ គឺ​​ប្រៀប​ដូច​​ជា​ក្រោយ​ភ្លៀងមេឃ​ស្រឡះ​​ល្អ​មិនខាន ៕​​​​

 

ម៉ោង៤និង៤៥នាទីរសៀលនេះ​ បេក្ខជនជាប់ឆ្នោត​តំណាងរាស្រ្ត​និងសកម្មជន CNRP ​ត្រូវបាន​ដោះលែងហើយ

ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៦:៤៥

កោះសន្តិភាព


រាជធានីភ្នំពេញ​ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ ក្រុមបេក្ខជនជាប់ឆ្នោត​តំណាងរាស្រ្ត និងសកម្មជនCNRP ​បានត្រូវដោះលែងពី​ពន្ឋនាគារព្រៃស​ហើយនៅម់ៅង៤និង៤៥នាទី​រសៀលថ្ងៃទី២២ ​កក្កដា ​២០១៤នេះ​ ។ សេចក្តីរាយការណ៏​បានបន្តថា ​នៅពេលនេះ​មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​និង សកម្មជនព្រមទំាង​អ្នកគំាទ្របក្ស​ប្រឆាំងជាច្រើននាក់ បាននិងស្វាគមន៏អបអរសាទរ​នូវការដោះលែង​ក្រុមបេក្ខជន​ជាប់ឆ្នោតតំណាងរាស្រ្ត និងសកម្មជនCNRP ​ចំណែកអ្នកកាសែតជាតិ​និងអន្តរជាតិជាច្រើននាក់​ក៏បាននិងកំពុង​ ផ្តិតយកទិដ្ឋភាពនេះដែរ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕

លោក កឹម សុខា ​នឹងត្រូវកាន់តំណែង​ជាអនុប្រធានទី១រដ្ឋសភា

ដោយ ៖ វ៉ា វឌ្ឍនៈ
ថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៦:៥៧




រាជធានីភ្នំពេញ ​៖ ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិបានបង្ហើបឲ្យដឹងថា ​យោងតាម​ការសម្រេច​របស់​គណបក្ស​សង្គ្រោះជាតិអំឡុងពេលឃោសនាកន្លងមក លោក កឹម សុខា​​ អនុប្រធានគណបក្សសង្គ្រោះជាតិ ​​នឹងត្រូវឡើងកាន់តំណែង​ជាអនុប្រធានទី១ ​រដ្ឋសភា ។
បើតាមមន្រ្តីដដែល​ក៏បានបញ្ជាក់ទៀតថា ​ក្រុមបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ ​នឹងត្រូវចូលគាល់ព្រះមហាក្សត្រ​នៅក្នុងព្រះបរមរាជវំាងនៅថ្ងៃទី២៤ ​កក្កដា ២០១៤​ ប៉ុន្តែគណបក្សមិនទាន់​កំណត់ថានឹងយកថ្ងៃណាពិត​បា្រកដ ​​ដើម្បីចូលស្បថឡើង​កាន់តំណែងនៅ​ឡើយទេ ៕