ចាប់ខ្លួន​​មេខ្លោង​២នាក់​បង្ក​​​ហិង្សា​ដោយ​ចេតនា​នៅ​​ភូមិ​​ឡ​​ពាង

ចាប់ខ្លួន​​មេខ្លោង​២នាក់​បង្ក​​​ហិង្សា​ដោយ​ចេតនា​នៅ​​ភូមិ​​ឡ​​ពាង

ដោយ ៖ផ្កាយព្រឹក
ថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ម៉ោង ១៥:១៦
ចាប់ខ្លួន​​មេខ្លោង​២នាក់​បង្ក​​​ហិង្សា​ដោយ​ចេតនា​នៅ​​ភូមិ​​ឡ​​ពាង
កោះសន្តិភាព
ចាប់ខ្លួន​​មេខ្លោង​២នាក់​បង្ក​​​ហិង្សា​ដោយ​ចេតនា​នៅ​​ភូមិ​​ឡ​​ពាង

ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​ចំនួន២​នាក់​ក្នុងចំណោម​ជាច្រើន​នាក់ ដែល​បាន​ប្រើអំពើ​ហិ​ង្សា​ដោយ​ចេតនាបណ្តាល​ឱ្យ​កម្មករ​ធ្វើរបង​របស់​ក្រុម​ ហ៊ុន​​រង​របួស​ជាង១០​នាក់ និង​របងរបស់​ក្រុមហ៊ុន​ K.D.C បាន​រងការខូច​ខាតជាច្រើន​កន្លែង កាល​ពីរសៀល​ថ្ងៃទី១៧ ​កក្កដា ​២០១៤​ ត្រូវ​កម្លាំង​នគរ​បាល​ខេត្ត​ចាប់​ឃាត់ខ្លួន​បាន​ហើយកាល​ពី​​ថ្ងៃទី​២១ ​កក្កដា ​២០១៤ និង​កំពុង​ក​សាងសំណុំរឿង​បញ្ជូន​ទៅតុលា​ការ ។
មន្ត្រីនគរ​បាលខេត្ត​បាននិយាយ​ថា ជន​សង្ស័យ​ទាំង​២នាក់ ​ម្នាក់ឈ្មោះ ​សៀង ហេង​ អាយុ៣៤ឆ្នាំ ​មានទីលំនៅ​ភូមិបឹង​កក់ និង​ម្នាក់ទៀត​ឈ្មោះ ​ម៉ាង យ៉ាវ​ អាយុ​២៣ឆ្នាំ រស់នៅ​ភូមិសំរោង ​ឃុំតាជេស​ ស្រុកកំពង់​ត្រឡាច ។ ​ ប្រភពដដែល​បានបន្តថា ជ​នសង្ស័យ​ទាំង២​នាក់ កាលពី​ថ្ងៃទី១៧ ​កក្កដា បាន​មកជួប​ជុំគ្នានៅផ្ទះ​មេខ្លោ​ងឈ្មោះ​ ស្ងួន ញឿន ​​បានបង្កហិង្សាប្រើ​ដំបង​ កាំបិត ពូថៅ ​ចំពាម​កៅស៊ូ ញញួរ​ ដេញវាយ ​បាញ់​ចំពាម​កៅស៊ូ មក​លើ​កម្មករ​របស់​ក្រុមហ៊ុន​ដែលកំពុងធ្វើ​របងលើ​ព្រំ​ដីរបស់​ក្រុមហ៊ុន​​ បណ្តាលឱ្យ​​រងរបួស​ធ្ងន់-ស្រាល​ជាង១០​នាក់ ព្រម​ទាំងចូល​វាយ​បំផ្លាញ​របងបណ្តាល​ឱ្យ​បាក់​​ជាច្រើន​កន្លែងទៀត​ផង ។
ក្រោយមក​ក្រុមហ៊ុន​បានដាក់ពាក្យ​ប្តឹង​ជនបង្ក​ទាំងនោះ ​ដែលមាន​មេខ្លោង​ គឺ ​ស្ងួន ញឿន ​និងប្រពន្ធ​ អុំ សុភី ចំណែក​​មេខ្លោង​បន្ទាប់ទៀត​គឺ​ជន​២នាក់ ដែល​បានចាប់ខ្លួន​ខាងលើ​នេះ និង​នៅសេស​សល់មួយ​ចំនួនទៀត ដែល​សំណុំរឿង​នេះកំពុង​ស្ថិត​នៅ​ក្នុងដៃ​អ្នកច្បាប់​កំពុង​ចាត់ការ ។
តាម​ចម្លើយសារភាព​របស់ជន​សង្ស័យទាំង​២នាក់ ​បានប្រាប់​ថា នៅ​ថ្ងៃទី១៧ ​កក្កដា ពួក​ខ្លួន​មាន​គ្នាប្រមាណ​ជាង៨០​នាក់ បាន​មកជួប​ជុំគ្នា នៅ​ផ្ទះ​ឈ្មោះ ស្ងួន​ ញឿន ​នៅភូមិ​ឡពាង ឃុំ​តាជេស ​ដោយមាន​កាំបិត ពូថៅ ​ចំពាម​កៅស៊ូ ចប​ជីក ចប​កាប់ ដំបង ​កំពួច ​ដើម្បីធើ្វ​សកម្ម​ភាព​សម្រុក​ចូល​វាយ​កំទេច​របង​របស់ក្រុម​ហ៊ុន ។
នៅរសៀល​ថ្ងៃនោះ ពេល​ធ្វើសកម្មភាព​​បាញ់​គ្រាប់ចំពាមកៅ​ស៊ូ និង​ដំបងចូល​វាយ​កំទេច ពួក​ខ្លួន​មិនបាន​ដឹងថា បាញ់ចំ​អ្នកណា​ខ្លះទេ ប៉ុន្តែ​ខាង​ខ្លួន​ក៏​រង​របួសខ្លះ​ដែរ ។ ​ការធ្វើយ៉ាង​នេះ​ព្រោះពួកខ្លួន​ចង់ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​សាងសង់​ របង​សិន ព្រោះ​មិនទាន់​បានដោះ​ស្រាយ​ទំនាស់​ចប់​នៅ​ឡើយ ។ ក្នុងចម្លើយ​សារភាព​បានបញ្ជាក់​ថា កន្លងមក​ក្នុងសកម្មភាព​តវ៉ា និង​ធ្វើសកម្មភាព​កន្លងមក ​មាន​ខាងអង្គការ ​UN  មាន​លោក ​ដួង​ ចិត្រា តំ​ណាង​គណ​បក្សសង្គ្រោះ​ជាតិ មន្ត្រី​សិទ្ធិ​មនុស្ស និង​តំណាង​សមាគម​មកពី​ខេត្តពោធិ៍សាត់ ជា​អ្នកមក​ឃ្លាំមើល​ និងជួយ​លើកទឹក​ចិត្ត ។
តំណាង​ក្រុមហ៊ុន​ K.D.C បាននិយាយថា ​គ្មានទំនាស់​រឿងដីធ្លី​នោះទេ ព្រោះ​ដីរបស់​ក្រុមហ៊ុន​បានទិញ​ដោយស្រប​ច្បាប់ កាល​ពី​​ឆ្នាំ២០០៧ ខណៈ​ដែល​ដីរបស់​ម្ចាស់មុន​បានធ្វើ​ប្លង់កម្មសិទ្ធិ​ត្រឹមត្រូវ​តាំង​ពី​ ឆ្នាំ១៩៩៧​ ហើយក្នុងរយៈ​ពេល១០​ឆ្នាំ ដែល​ម្ចាស់មុន​បានធ្វើ​កម្មសិទ្ធិ​ និង​កាន់កាប់​ហេតុ​ម្តេច ក៏គ្មាន​ការ​តវ៉ា ។ ​លុះពេល​ក្រុមហ៊ុន​បានទិញ​ដីនោះ​នៅឆ្នាំ​២០០៧ ស្រាប់​តែមាន​អ្នកមក​តវ៉ា ។ តាម​ផ្លូវច្បាប់​របស់​ភូមិបាលក្នុងរយៈ​ពេល១០​ឆ្នាំ គឺផុត​អាយុ​កាល​នៃការតវ៉ា​ហើយ  ។
ប៉ុន្តែ​ក្រោយ​មកដោយ​សារតែក្រុម​ហ៊ុន មាន​សណ្តាន​ចិត្ត មុន​ចូលឆ្នាំ​ខ្មែរ នៅ​ឆ្នាំ២០១៤ នេះ​ក្រុម​ហ៊ុន​បានសុខ​ចិត្ត ជួយ​ឧបត្ថម្ភ​ប្រាក់គោល​នយោ​បាយ ឱ្យ​ប្រជាពលរដ្ឋ​អ្នកភូមិឡ​ពាងចំនួន​៥២គ្រួសារ​ នៅសល់​បច្ចុប្បន្ន​ចំនួនតែ​១៥គ្រួសារ​ប៉ុណ្ណោះ ដែល​មាន​មេខ្លោង​ ឈ្មោះ ​ស្ងួន ​ញឿន​ និងប្រពន្ធ​ ឈ្មោះ អុំ ​សុភី ។​  តំណាង​ក្រុមហ៊ុន​បានបន្ត​ថា ក្រោយ​ពី​ដោះស្រាយ​គោល​នយោ​បាយ អ្នក​ភូមិឡពាង​ជិតអស់​ទៅហើយ​ ស្រាប់តែ​ឈ្មោះស្ងួន ​ញឿន និង​ប្រពន្ធ បាន​កែន​កម្លាំងបន្ថែម​ទៀត ពី​ភូមិបឹង​កក់ និង​ភូមិ​សំរោង មក​ជាកម្លាំង​តវ៉ាជាមួយ​ក្រុមហ៊ុន​បន្ថែមទៀត​ឡើង​អ្នក​តវ៉ា​ដល់៨២គ្រួសារ ក្នុង​នោះ​អ្នក​ភូមិ​បឹងកក់​មានឈ្មោះ ​សៀង ហេង ​ជាមេខ្លោង ​ព្រោះសំអាងថា ​អ្នកភូមិ​ឡពាងបាន​គោលនយោបាយ ​ដូច្នេះ​ត្រូវតែ​ដោះ​ស្រាយ​គោល​នយោ​បាយ​ខ្លះ​ដូចអ្នក​ភូមិឡ​ពាងដែរ ។
ក្រោយពី​បានកម្លាង​ច្រើនឡើង​វិញ  ក្រុមនេះ បាន​ធ្វើសកម្មភាព​តវ៉ាបិទ​ផ្លូវជាតិ មក​ស្នងការដ្ឋាន ​មកសាលា​ខេត្តជាដើម ។ ប៉ុន្តែក្រុម​ហ៊ុន​បានប្រកាស​ហើយ​ថា គឺ​មិនដោះស្រាយ​ប្រាក់គោល​នយោបាយ​ឱ្យ​អ្នកភូមិ​បឹង​កក់ និង​អ្នកភូមិ​ឯទៀត ដែល​ឃើញគេ​បានប្រាក់​មកចង់​បាននឹង​គេដែរ​ឡើយ គឺមក​ដល់​ពេល​នេះថ្វី​បើក្រុម​ហ៊ុនបាន​ទទួលសិទ្ធិ​ពីរាជ​រដ្ឋាភិ​បាល​ ក្នុងការ​អភិវឌ្ឍន៏​តំបន់​សេដ្ឋកិច្ច​ពិសេសក៏​ពិត​មែន ប៉ុន្តែ​ក្រុមហ៊ុន​នៅតែមាន​ជំហរដោះ​ស្រាយប្រាក់​គោល​នយោបាយឱ្យ​១៥​គ្រួសារ ក្នុង​ភូមិឡ​ពាងដដែល ។
តំណាង​ក្រុមហ៊ុន​បានបញ្ជាក់​ថា ឈ្មោះ​ សៀង ​ហេង ​និងឈ្មោះ ​ម៉ាង យ៉ាវ ​នៅភូមិបឹង​កក់ និង​ភូមិ​សំរោង ឆ្ងាយ​ពីភូមិឡ​ពាង តែបាន​មកធ្វើសកម្ម​ភាព​នៅ​ផ្ទះ ស្ងួន ញឿន​ នៅភូមិ​ឡពាង ​គឺឆ្ងាយ​គ្នាជាង​២​គីឡូ​ម៉ែត្រ ។ ​ទាំង២​នាក់ជា​មេខ្លោង​ដឹកនាំ​កម្លាំងពី​ភូមិបឹង​កក់ មករួម​ជាមួយ​អ្នកភូមិឡ​ពាង​១៥​គ្រួសារ បាន​ធ្វើ​សកម្មភាព​អនាធិប​តេយ្យ​លើថ្នល់​ជាតិ និង​ធ្លាប់បាន​ដុតគប់​ដបសាំង​មកលើ​សមត្ថកិច្ច​ទៀតផង​។ មន្ត្រី​នគរបាល​បាននិយាយ​ថា​ក្នុង​សំណុំរឿង​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បានចោទ​ប្រកាន់២​​ករណី​ផ្សេងគ្នា ​គឺ១-​បទ​បង្កហិង្សាដោយ​ចេតនា និង២-​បទ​ប្រើហិង្សា​ធ្វើឱ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃដោយ​ចេតនា ។
ចំណែក​បក្សពួកមួយ​ចំនួន ក៏ត្រូវ​ចោទប្រកាន់​ដូចគ្នានេះ​ដែរ តែ​ពេលនេះពួក​គេកំពុង​លាក់ខ្លួន​សម្ងំមិន​ហ៊ាន​ចេញ  ដែល​មនុស្ស​ទាំងនោះ​គេចពីចូល​ពន្ធនាគារ​មិន​រូច​ឡើយ៕